ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយនឹង លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ៉ូ​មេ​អូ ប្រាវ​ណ័​រ ជូ​នី​យ័រ ( ROMEO S BRAWNER JUNIOR) មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២២ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច និង​ចូលរួម​ពិ​ព័រ​ណ៌​ការពារ​ដែន​គោក​អន្តរជាតិ (Land Forces International Land Defence Exposition) នៅក្នុង​ប្រទេស​អូស្ត្រាលី​។​

​ក្នុងជំនួប​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ ដែលមាន​កន្លងមករ​វាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ការសម្រេចបាន​នូវ​លទ្ធផល​ជាក់ស្តែង​នៃ​កិច្ចសហការ​រវាង​អង្គភាព​ចំណុះ​កងទ័ព​ទាំងពីរ និង​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស​។ ជាមួយគ្នានេះដែរ លោក​ឧ​ត្ត​ម​ស​នី​យ៍ ក៏បាន​លើកឡើង​អំពី​គោល​គំនិត​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​នាពេល​អនាគត​។​

​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក រ៉ូ​មេ​អូ ប្រាវ​ណ័​រ ជូ​នី​យ័រ បាន​ឯកភាព​ចំពោះ​ការវាយតម្លៃ​របស់ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក ព្រមទាំង​បានបញ្ជាក់​ការគាំទ្រ​ចំពោះ​គោល​គំនិត​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កងទ័ព​ទាំងពីរ​បន្ថែមទៀត​នៅពេល​អនាគត​។​

​ក្រៅពីនេះ មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ចែករំលែក​អំពី​បទពិសោធ​ន៍​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ជាអាទិ៍ ការដាក់ចេញ​នូវ​វិធានការ​ផ្សេងៗ និង​ការចូលរួម​របស់​កង​ទ័ព​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​។​ N

រូបថត ហ្វេសបុក (​ Hun Manet )