ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា កៃ វ៉ាន់ស៊ីដែន បានឈ្នះមេដាយមាស ១គ្រឿង លើវិញ្ញាសា Novice ski stock ជូនកម្ពុជា កាលពីល្ងាចថ្ងៃទី៤ ខែតុលា ម្សិលមិញ ក្នុងការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯក ពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥-៩ ខែតុលា ឆ្នាំ២០២២ ។

កីឡាករ សាលី អូម៉ើត បានប្រាប់ឲ្យដឹង តាមរយៈសារអេឡិចត្រូនិក ពីសហរដ្ឋអាមេរិក មកថាៈ ការប្រកួតកីឡាម៉ូតូទឹក នៅសហរដ្ឋអាមេរិកនេះ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ចំនួន ៥រូប រួមមាន កីឡាករ សាលី អូម៉ើត, សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន បានចូលរួមប្រកួតប្រជែង ជាមួយអត្តពលិកខ្លាំងៗ ធ្លាប់ឈ្នះពានកម្រិតទ្វីបអាស៊ី អឺរ៉ុប និងពិភពលោក មកពីបណ្តាទ្វីបនានា ជុំវិញពិភពលោក។

សាលី អូម៉ើត បានបន្តថាៈ ការប្រកួតនេះ គឺជាការបន្សាំខ្លួនរបស់អត្តពលិកជម្រើសជាតិ ម៉ូតូទឹក ពង្រឹងសមត្ថភាព ដកស្រង់បច្ចេកទេស ត្រៀមដណ្តើមមេដាយ ពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ទាក់ទងនឹងការចូលរួមប្រកួតជើងឯកកម្រិតពិភពលោក ខាងលើ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបង្ហាញមោទនភាព ចំពោះអត្តពលិកជម្រើស ជាតិ ម៉ូតូទឹកម្ពុជា ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ រហូតទទួលបានលទ្ធផល គួរជាទីមោទន ដោយកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្តើមបានមេដាយមាស ១គ្រឿង លើវិញាសា Novice ski stock ។

លោកប្រធានសហព័ន្ធ បានបន្តថាៈ ក្រៅពីកីឡាករ កៃ វ៉ាន់ស៊ីដែន ក៏មានកីឡាករ ដែលមានសក្តានុពលជាច្រើន កំពុងត្រៀមប្រជែងយកមេដាយ ឬពានជូនកម្ពុជា ក្នុងនោះមានដូចជា កីឡាករ សាលី អូម៉ើត ,សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ នឹងត្រូវធ្វើការប្រកួតផងដែរ។

ក្នុងនាមសហព័ន្ធ លោក ណុះ ស្លេះ ក៏បានថ្លែងអំណរគុណ ដល់លោក Karl Heinrich Knauf អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាប្រធានក្លិប Flamingo Jet Ski Team ប្រទេសថៃ និងជាប្រធានក្រុមហ៊ុន Knauf ដែលតែងតែឧបត្ថម្ភគ្រប់បែបយ៉ាង ដល់ក្រុមកីឡាករម៉ូតូទឹកកម្ពុជា ជាច្រើនឆ្នាំ កន្លងមក ចាប់តាំងពីមុនព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី រហូតមកដល់បច្ចុប្បន្ន។

ការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯកពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅអាមេរិក កម្ពុជាបញ្ជូនកីឡាករ ៥រូប រួមមាន វីរកីឡាករ សាលី អូម៉ើត ប្រកួត៥វិញ្ញាសា គឺវិញ្ញាសា Novice runabout 1100stock , Amateur runabout 1100stock , Pro am ski lites , Pro am four stroke ski lites , Pro am ski superstock។ ចំណែកឯ សាលី ហ្វីលីន ប្រកួត២វិញ្ញាសា គឺវិញ្ញាសា Amatuer runabout 1100 LTD , PRO AM RUNABOUT 1100 Stock ។ រីឯ មីន ម៉ូស្តាន់ ប្រកួត២វិញ្ញាសា គឺវិញ្ញាសា Amateur ski GP , Pro am ski superstock។ ដោយឡែក មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន ប្រកួត១វិញ្ញាសា គឺវិញ្ញាសា Novice ski stock ដូចគ្នា៕ V / N