ដោយៈ បាយ័ន / សៀមរាបៈ ថ្មីៗនេះ មានការប្រទះឃើញដោយចៃដន្យ នូវក្បាលនាគ ចំនួន១ ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើម បានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគ ដែលកប់ក្នុងដី ជាយូរឆ្នាំមកហើយ ត្រូវបានផុសឡើងតាមឫសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹងពីករណីនេះ នៅថ្ងៃត្រង់ ទី៥ ខែតុលា នេះ ។

លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាៈ បំណែកក្បាលនាគនេះ បានកប់ក្នុងដី ជម្រៅប្រមាណ កន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើ មិនមានឫស កែវធំៗ ទើបពេលភ្លៀងជោកជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគ ដែលឫសឈើ ដុះចាក់ស្រេះ មកជាមួយតែម្តង។

លោក សុម៉ាឡា បានបន្តថាៈ បំណែកក្បាលនាគនេះ មានត្រឹមតែ ក នាគ មកក្បាលខាងលើ ដែលមានបណ្តោយ ១,២ ម៉ែត្រ ទទឹង ១ ម៉ែត្រ និងកម្រាស់ ០,៣ ម៉ែត្រ បំណែកសត្វគ្រុឌ ជិះលើក្បាលនាគ ស្ថានភាពមុខនាគ ខាងមុខ មានការខូចខាត ច្រើន ដោយអន្លើរ ដោយបាក់បែកមុខនាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃ ផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។

លោក ឈូក សុម៉ាឡា បានសន្និដ្ឋានថាៈ បំណែកក្បាលនាគនេះ អាចយកចេញពី ប្រាសាទបាយ័ន តែមិនដឹងថា យកមកទីតាំងនេះ ក្នុងគោលបំណងអ្វី និងពេលណា នោះទេ។ លោកបានបន្ថែមទៀតថាៈ រូបចម្លាក់បែបនេះ ច្រើនឃើញនៅរចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នា មកបញ្ចូល ក្នុងសិល្បៈតែមួយ។ អាចជាព្រះអង្គ ចង់បង្ហាញពីទស្សនៈ បង្រួបបង្រួមសាសនា រវាងព្រហ្មណ៍សាសនា និងព្រះពុទ្ធសាសនា ទើបព្រះអង្គឱ្យស្ថាបត្យករបញ្ចូលនាគ និងគ្រុឌ នៅជាមួយគ្នា ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់។

ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគនេះ ទើបអាជ្ញាធរជាតិអប្សរា សហការជាមួយ នគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍ ធ្វើកំណត់ហេតុ ប្រគល់ទទួលបំណែកចម្លាក់ខាងលើ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារ លាងសម្អាត រក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀត ទាក់ទងនឹងបំណែកក្បាលនាគនេះ ងាយស្រួលយក ទៅដាក់នៅទីតាំងដើមវិញ បើមានការជួសជុលនៅទីតាំងដែលបានបាត់បង់នោះ៕/V-PC