ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា នៅក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​ជា អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គ ម្ចាស់ អា​ឌូ​ឡា​ហ្សី​ស ប៊ិន ទួ​គី អាល សូត ( Abdulaziz bin Turki Al Saud )​រដ្ឋមន្ត្រីក្រសួង​កីឡា​អា​រ៉ា​ប៊ី​សា​អូឌីត នា​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

​ក្នុងជំនួប​នោះ​ព្រះអង្គម្ចាស់ បាន​សម្តែង​ព្រះទ័យ​សប្បាយរីករាយ​ដែល​បាន​យាង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ព្រះអង្គម្ចាស់​មាន​ព្រះរាជបន្ទូល​ថា បាន​ទត​ឃើញ​ពី​ការរីកចម្រើន​គ្រប់​វិស័យ​របស់​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត បានសម្រេច​ថា​នឹង​បើក​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការទូត កីឡា អប់រំ និង​ស​ដ្ឋ​កិច្ច ពាណិជ្ជកម្ម​ជាដើម​ឲ្យ​មានការ​កើនឡើង​បន្ថែមទៀត​។​

​ព្រះអង្គម្ចាស់ មានបន្ទូលថា បន្ថែមថា ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត គ្រោង​ស្នើសុំ​រៀបចំ​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០៣០ ដូច្នេះ​សង្ឃឹមថា ភាគី​កម្ពុជា​ផ្តល់​ការគាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ពិភពលោក​នេះ​។

​ជា​កិច្ច​ស្វាគមន៍ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​សម្តែង​ការស្វាគមន៍​ដល់​ព្រះអង្គម្ចាស់ និង​គណៈប្រតិភូ​អា​រ៉ា​ប៊ី​សា​អូឌីត សម្រាប់​ការយាងមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុងឱកាស​ដែល​កម្ពុជា​ទទួល​ធ្វើ ជា​ម្ចាស់ផ្ទះ​រៀបចំ ”​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​លើក​ទី​៤១” ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១-៤ ខែតុលា ឆ្នាំ ២០២២ នៅ​រាជធានី​ភ្នំពេញ​។​

​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា សម្តែង​ការអបអរសាទរ​ដែល​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត នឹង​បើក ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា និង​បានទូល​ថ្វាយ​អំពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អា​រ៉ា​ប៊ី​សា​អូឌីត សម្រេចបាន​ប្រមាណ ២៦​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០២១ ដែល​កើនឡើង​ជិត ៤០% បើ​ធៀប​នឹង​ឆ្នាំ​២០២០ (​ទំហំ​ត្រឹមតែ​១៩​លាន​ដុល្លារ​អាម៉េរិក​)​។ ក្នុងន័យនេះ ភាគី​កម្ពុជា​ស្នើ​ភាគី​អា​រ៉ា​ប៊ី​សា​អូឌីត ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​យន្តការ​កិច្ចសហប្រតិបត្តិការ​ក្នុង​ទម្រង់​ជា​អនុស្សរណៈ ឬ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម ដើម្បី​អាច​ប្រើ​ជា​ក្របខ័ណ្ឌ​គតិយុត្ត​សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម នាពេល​អនាគត​។

​ជា​កិច្ច​ឆ្លើយតប​ព្រះអង្គម្ចាស់ បាន​អរគុណ​ដល់​លោក​រដ្ឋមន្ត្រី ដែល​បាន​ឆ្លើយតប​តាម​សំណើ​របស់​ព្រះអង្គ និង​សន្យាថា នឹង​ពាំនាំ​សំណើ​របស់​ភាគី​របស់​ក​ម្ពុ​ជា​ទៅ​ជម្រាបជូន​ដល់ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អា​រ៉ា​ប៊ី​សា​អូឌីត​។​

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កីឡា លោក​រដ្ឋមន្ត្រី​បានទូល​ថ្វាយ​ព្រះអង្គម្ចាស់ និង​ប្រតិភូ​ថា ក្នុងនាម​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​ជា​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ក្រោម​កិច្ចសហការ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​តែង​បាន​លើកទឹកចិត្ត និង​គាំទ្រ​ការ ប្រមូលផ្តុំ​ក្រុមកីឡា​ជម្រើសជាតិ ហ្វឹកហាត់ ដើម្បី​ត្រៀម​សម្រាប់​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ និង ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ នាពេល​ខាងមុខនេះ​។ បន្ថែម​ពី​នោះ លោក​រដ្ឋមន្ត្រី បាន​ស្នើសុំ​ការជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា ជាពិសេស​វិស័យ​កីឡា​ទោចក្រយាន ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​កម្ពុជា ដើម្បីឱ្យ​វិស័យ​កីឡា​ប្រភេទ​នេះ​កាន់តែ​មានការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព សម្រាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ​នាពេលខាងមុខ​។​

​សូមបញ្ជាក់​ជូន​ថា​៖ ប្រទេស​ទាំងពីរ​សម្រេច​បាន​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ទំហំ​ទឹកប្រាក់ ២៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២១ កើនឡើង​ជិត​៤០% បើ​ធៀប​នឹង​ឆ្នាំ​២០២០ (​ត្រឹមតែ​១៩​លាន​ដុល្លារ​) ខណៈដែល​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ ១៥.៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ និង ១៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​។ កម្ពុជា​នាំចេញ​មុខទំនិញ​សំខាន់ៗ ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​មានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក និង​ផ្លែឈើ​។ កម្ពុជា​នាំចូល​មុខទំនិញ សំខាន់ៗ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត មានដូចជា ផលិតផល​ធ្វើ​ពី​ប្លា​ស្ទិ​ក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈ​សំណង់ និង​ដទៃទៀត​៕​ N