ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹក ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ស្តីពីផែនការការពារគណៈប្រតិភូ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ​ ។

កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមន្ត្រីជាន់ខ្ពស់ មួយចំនួនទៀត។

សម្តេចក្រឡាហោម ស​ ខេង​ បានបញ្ជាក់ថាៈ នេះជាលើកទី៣ហើយ ដែលកម្ពុជា ទទួលតួនាទី ជាប្រធានអាស៊ានប្ដូរវេន ហើយដោយសារការប្រជុំលើកនេះ មានវត្តមាន ថ្នាក់ដឹកនាំប្រទេស ដែលមានការពាក់ព័ន្ធ នឹងមានការអញ្ជើញចូលរួមយ៉ាងច្រើន ដែលនេះ ជាកត្តិយស ព្រមទាំងជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសកម្ពុជា។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការ សន្តិសុខ និងសណ្តាប់ធ្នាប់ បានធ្វើសេចក្តីរាយការណ៍សង្ខេប ជូនសម្តេចក្រឡាហោម ស ខេង​អំពីផែនការការពារគណៈប្រតិភូ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ។

លោកបានលើកឡើងថាៈ ក្រុមការងារបានរៀបចំកម្លាំងត្រៀមរួចជាស្រេច នូវការពង្រឹង ការការពារសន្តិសុខ ការរក្សាសណ្តាប់ធ្នាប់ នៅគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ ដើម្បីនាំមកនូវសុខសុវត្ថិភាព ជូនដល់គណៈប្រតិភូអន្តរជាតិ ដែលអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ។

លោកបានបញ្ជាក់បន្ថែមថាៈ គណៈប្រតិភូបរទេស អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នៅកម្ពុជា ប្រមាណ ២៨ គណៈប្រតិភូ ដូចជា គណៈប្រតិភូប្រទេសសមាជិកអាស៊ាន ដោយមិនរាប់កម្ពុជា គណៈប្រតិភូលេខាធិការ ដ្ឋានអាស៊ាន គណៈប្រតិភូដៃគូពិភាក្សា ប្រមាណ១០ និងគណៈប្រតិភូដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យផ្សេងៗ ប្រមាណ ៨ ទៀត ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បានឯកភាព ចំពោះរបាយការណ៍របស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន ដែលបានធ្វើការរាយការណ៍សង្ខេបចំពោះ ការរៀបចំការងាររក្សាសន្តិសុខ សុវត្ថិភាព ដល់គណៈប្រតិភូ សម្រាប់កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចក្រឡាហោម បានធ្វើការណែនាំដល់ក្រុមការងារ ធ្វើការទាំងអស់ ត្រូវសិក្សារៀនសូត្រ និងដកស្រងបទពិសោធន៍ ពីសំណាក់បណ្តាប្រទេស ដែលធ្លាប់បានរៀបចំ កិច្ចប្រជុំកំពូលអាស៊ានកន្លងមក ជាពិសេសប្រទេសវៀតណាម ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ នាពេលកន្លងមក។ សម្តេចក្រឡាហោម ស ខេង សម្តែងនូវការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់ ក្រុមការងារគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលបានរៀបចំផែនការយ៉ាងល្អិតល្អន់។

សម្តេចក្រឡាហោម សង្ឃឹមជឿជាក់ថា ក្រុមការងារ នឹងមានលទ្ធភាពពេញលេញ​ក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាព ១០០% ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជា កិច្ចប្រជុំពាក់ព័ន្ធ។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានជូនពរឱ្យបេសកកម្មនេះ ទទួលបានជោគជ័យដ៏ឧត្តុងឧត្តម៕/V