ដោយៈ បូកគោ / កែបៈ ដើម្បីលុបបំបាត់ភាពគ្មានសណ្តាប់ធ្នាប់ នៅតាមបណ្តោយឆ្នេរ កាលពីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ អភិបាលក្រុងកែប បានដឹកនាំកម្លាំង ចុះវាស់វែង និងរៀបចំសណ្តាប់ធ្នាប់ នៅបណ្តាអាហារដ្ឋាន ភោជនីយដ្ឋាន តាមបណ្តោយឆ្នេរកម្សាន្ត។ ម្ចាស់សំណង់បំពានលើចំណែកផ្លូវសាធារណៈ ត្រូវរុះរើចេញ ឲ្យបានមុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ជាកំហិត ។

លោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ជាក់ថាៈ ក្នុងកិច្ចប្រជុំជាមួយបងប្អូនអាជីវករ នាពេលថ្មីៗនេះ សាលាក្រុងបានសម្រេចដោយមិនអនុញ្ញាតឲ្យមានការលក់ដូរ តាមបណ្តោយឆ្នេរ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នោះឡើយ។ តាមរយ:ការស្នើសុំរបស់ អាជីវករ គឺរដ្ឋបាលក្រុង បានអនុញ្ញាតឲ្យលក់តែថ្ងៃបុណ្យទានប៉ុណ្ណោះ។ ដោយឡែក ថ្ងៃចុងសប្តាហ៍ នៅមិនទាន់មានការសម្រេចយ៉ាងណាទេ។

លោកអភិបាលក្រុង បានបន្តថាៈ ពេលនេះ រដ្ឋបាលក្រុង ចុះវាស់វែងរាល់សំណង់ ដែលបានសង់ចូលចំណីផ្លូវសាធារណៈ និងសំណង់ដែលសង់លើគម្របលូជាដើម។ សំណង់ទាំងនោះ រដ្ឋបាលក្រុង ទុកពេលឲ្យម្ចាស់រុះដោយខ្លួនឯង មុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ជាកំហិត។ ក្នុងករណីម្ចាស់ខកខានមិនបានអនុវត្តតាមខ្លឹមសារខាងលើ រដ្ឋបាលក្រុង នឹងចាត់វិធានការក្តៅ ពោលគឺលុបបំបាត់ភាពគ្មានសណ្តាប់ធ្នាប់ ឲ្យអស់ មុនពិធីបុណ្យអុំទូកចូលមកដល់។

លោក ខេង យ័ន បានបញ្ជាក់ទៀតថាៈ​ ពេលនេះ ជាវេលាដែលរដ្ឋបាលក្រុង ត្រូវរៀបចំនូវរាល់ចំណុចខ្វះខាតនានា ដែលបានបន្សល់ទុក កន្លងមក។ ទាំងនេះគឺ ក្នុងបំណងស្តារឡើងវិញ នូវសណ្តាប់ធ្នាប់ និងសោភ័ណភាពតំបន់ឆ្នេរកែប ឱ្យកាន់តែ ស្រស់បំព្រង។ ដូច្នេះ ក្នុងនាមរដ្ឋបាលក្រុង លោកសូមសំណូមពរដល់បងប្អូនអាជីវករ មានការយោគយល់ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីផលប្រយោជន៍ ទាំងអស់គ្នា៕/V-PC