ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖ ទឹកស្ទឹងសែន ខេត្តកំពង់ធំ នាឆ្នាំនេះ មានសន្ទុះហក់ឡើង ខ្លាំង ជាងឆ្នាំមុនៗ លើសពីកម្រិតប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀង យ៉ាងគំហុក។

លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងនៅថ្ងៃទី៥ ខែតុលានេះថាៈ បន្ទាប់ពីបានដឹកនាំគណៈបញ្ជាការឯកភាពក្រុង ចុះពិនិត្យជាក់ស្ដែង សម្គាល់ឃើញថា ទឹកជំនន់ដែលជនដោយសារទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃនេះ​ គឺហក់ឡើងខ្ពស់ហួស ពីកម្រិតប្រកាសអាសន្ន ។ ដោយកម្រិតប្រកាសអាសន្ន មានត្រឹមតែ ១៣,៥០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពេលនេះ កម្រិតទឹកស្ទឹងសែន មានរហូតដល់ ១៣,៩៦ ម៉ែត្រឯណោះ ដូច្នេះហើយ អាជ្ញាធរមានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ពលរដ្ឋ។

លោក អភិបាលក្រុងស្ទឹងសែន បានបញ្ជាក់ថាៈ នេះគឺជាសញ្ញាណមួយ បញ្ជាក់ឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងក្រុងស្ទឹងសែន ជាពិសេសបងប្អូនដែលមានទីលំនៅ រស់នៅតាមដងស្ទឹងសែន បង្កើនការប្រុងប្រយ័ត្ន ព្រោះថា ស្ថានភាពទឹកស្ទឹងនេះ គឺមិនអាចស្រកទៅវិញលឿនទេ ហើយបានបង្ហាញថា ទឹកស្ទឹងសែន ឆ្នាំនេះ មានលក្ខណៈទ្រង់ទ្រាយធំ ដោយសារតែកត្តាអាកាសធាតុ នៅតែបន្តភ្លៀងជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ។

លោកអភិបាលក្រុងស្ទឹងសែន បានបន្តថាៈ តាមការចុះពិនិត្យមើលជាក់ស្ដែង ឃើញថា ផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងទាំងអស់ ទី១ ភាគច្រើន ៩០% គឺបានលិចទឹកចូល, ទី២ គឺបានធ្វើឲ្យខូចខាតដល់ផ្លូវលំ ក៏ដូចជា ផ្លូវកៅស៊ូ ដែលជាផ្លូវអាទិភាព ក្នុងការចរាចរណ៍ កន្លងមកនោះ គឺមានការលិចលង់ច្រើន ផ្លូវខ្លះគឺហូរច្រោះដាច់តែម្ដង ហើយផ្លូវខ្លះទៀត គឺហូរច្រាលពីស្ទឹង ចូលទៅលើផ្លូវផងដែរ។

ដោយឡែក ក្រោយពេលទឹកស្រកទៅវិញ រដ្ឋបាលក្រុង នឹងរៀបចំពិនិត្យ ក៏ដូចជា ស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ក្នុងនោះដែរ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានត្រៀមទាំងមធ្យោបាយ ទាំងកងកម្លាំង ក៏ដូចជា បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់សង្កាត់ទាំងអស់ នៅក្នុងក្រុងស្ទឹងសែន ឱ្យធ្វើការចុះផ្សព្វផ្សាយណែនាំ និងមានវិធានការទប់ស្កាត់ ជាពិសេស គឺបានត្រៀមបម្រុងទុកជាមុន នូវសម្ភារៈ ថវិកា ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋយើង ក្នុងករណីដែលកើតឡើងភ្លាមៗ។

ជាចុងក្រោយ លោក អភិបាលក្រុងស្ទឹងសែន បានសូមអំពាវនាវ ទៅបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគឺក្មេងតូចៗតែម្ដង កុំមានការបណ្ដែតបណ្ដោយ មានការធ្វេសប្រហែស ព្រោះកន្លងមក នៅក្រុងស្ទឹងសែន យើងនេះ ក៏ធ្លាប់ជួបនូវការបាត់បង់អាយុជីវិតក្មេង ឬកុមារមួយចំនួន ដោយសារគ្រោះ ជំនន់ទឹកភ្លៀង នេះផងដែរ។

ជាមួយគ្នានេះ លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានបញ្ជាក់ឲ្យដឹងថាៈ នៅថ្ងៃទី៥ ខែតុលា នេះ កម្ពស់ទឹកស្ទឹងសែន នៅស្ថានីយកំពង់ធំ មានកម្ពស់ទឹក ១៤,០៤ ម៉ែត្រ លើសកម្ពស់ប្រុងប្រយ័ត្ន ០,៥៤ ម៉ែត្រ។ កម្ពស់ទឹក ស្ទឹងសែន នៅស្ថានីយសណ្ដាន់ មានកម្ពស់ទឹក ១៩,៩០ ម៉ែត្រ លើសកម្ពស់ប្រុងប្រយ័ត្ន ១,៤០ ម៉ែត្រ។ អាងទឹកស្ទឹងជីនិត (ទំនប់បង្ហៀរទឹក ១មករា) មានកម្ពស់ទឹក ២,៨៧ ម៉ែត្រ ទឹកនៅលើក្បាលបង្ហៀរ ០,៤១ ម៉ែត្រ។ កម្ពស់ទឹកស្ទឹងស្ទោង នៅស្ថានីយកំពង់ចិន (ទីរួមស្រុក) មានកម្ពស់ទឹក ៥,៥០ ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,៨០ ម៉ែត្រ។ អាងទឹក ៣០ កញ្ញា មានកម្ពស់ទឹក ១៨,២២​ ម៉ែត្រ និងកម្ពស់ទឹកហូរតាមសំណង់ទ្វារ ទឹកធំ មាន ៣,៦៧ ម៉ែត្រ៕/V-PC