ដោយៈដេប៉ូ/សៀមរាប៖ អាស៊ានបាននិងកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយការរាលដាលជំងឺកូវីដ-១៩ ឲ្យមានភាពធន់នឹងកត្តាគម្រាមកំហែងពីខាងក្រៅ ជាអាទិ៍ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងបញ្ហាភូមិសាស្ត្រនយោបាយក្នុងនោះវិស័យបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់”។នេះជាការបញ្ជាក់របស់លោក ទិន ពន្លករដ្ឋលេខាធិការក្រសួងបរិស្ថាននៅក្នុងពេលអញ្ជើញ ជាអធិបតីបើកជាផ្លូវការ កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធដែលមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ននៃបណ្តាប្រទេសអាស៊ានទាំង១០រួមជាមួយតំណាងលេខាធិការអាស៊ាន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន។ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃពុធទី៥ ខែតុលាឆ្នាំ២០២២ នៅក្រុងសៀមរាប។

លោក ទិន ពន្លក បានថ្លែងថា រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន បាននិងកំពុងយកចិត្តទុកដាក់លើ ការងារបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ល។ទន្ទឹមនឹង នេះមេដឹកនាំអាស៊ានបាននិងកំពុងស្តារសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឡើងវិញដែលផ្តោតសំខាន់លើការផលិតនិងការប្រើប្រាស់ដោយចីរភាព រួមជាមួយសេដ្ឋកិច្ចវិលជុំ។

គួរបញ្ជាក់ថា ក្នុងនាមប្រធានអាស៊ាន ដែលបានកំណត់យុទ្ធសាស្រ្ត ក្រោមមូលបទ «អាស៊ានដោះស្រាយបញ្ហា ប្រឈមជាមួយគ្នា» គឺប្រទេសកម្ពុជា កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងសកល។

យុទ្ធសាស្រ្តចំនួនប្រាំពីរត្រូវបានដាក់ចេញសម្រាប់ការងារបរិស្ថានគឺ មានការអប់រំបរិស្ថាន ការគ្រប់គ្រងបរិស្ថាន តំបន់ឆ្នេរ ទីក្រុងនិរន្តរភាព ការគ្រប់គ្រងសារធាតុគីមីនិងសំណល់ ប្រភពទឹក ការប្រែប្រួលអាកាសធាតុ និងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ។

ជាមួយគ្នានេះសម្រាប់សមិទ្ធផលរបស់កម្ពុជាសម្រេចបាននាពេលកន្លងមកកម្ពុជាបានចូលរួមអនុវត្តនូវកិច្ចព្រមព្រៀងពហុភាគីស្តីពីបរិស្ថានជាច្រើនជាពិសេសបានពង្រឹងការប្តេជ្ញាចិត្តធ្វើសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈនូវការដាក់ជូននូវរបាយការណ៍ជាតិស្តីពីការរួមចំណែកអនុវត្តអនុសញ្ញា ប្រែប្រួលអាកាសធាតុ (NDC)យុទ្ធសាស្រ្តរយៈពេលវែងស្តីពីអព្យាក្រឹត្យកាបូននិងធ្វើសកម្មភាពនិងវិធានការសមស្របដើម្បីគ្រប់គ្រងប្លាស្ទិក និងសំណល់ កិច្ចសហប្រិបត្តិការក្នុងស្រុកនិងអន្តរជាតិ និងការកៀរគរធនធានដើម្បីគ្រប់គ្រងធនធានធម្មជាតិ រួមទាំង តាមរយៈហិរញ្ញប្បទានការបូន៕សរន/N