​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​ទី​៥​តុលា​នេះ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ដើម្បី​សំរេច​បញ្ចូល​តំបន់​ចំនួន​បួន​ស្មើនឹង​ជាង​១៥​ភាគរយ​នៃ​ទឹកដី​អ៊ុយ​ក្រែនជា​ឧបសម្ពន្ធ​រុស្ស៊ី​ជា​ផ្លូវ​​ការ​នៅ​ពេល​កងកម្លាំង​រុស្ស៊ី​កំពុង​ខិតខំ​ទប់ទល់​នឹង​ការ​វាយបក​យក​ទឹកដី​ទាំងនោះ​មក​វិញ​ពី​សំណាក់​កងកម្លាំង​អ៊ុ​យក្រែន​។​

​ក្នុង​ការពង្រីក​ទឹកដី​រុស្ស៊ី​ដ៏​ធំ​បំផុត​នៅ​រយៈពេល​កន្លះ​សតវត្សរ៍​មក​នេះ លោកពូ​ទីន​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ដែល​ទទួលស្គាល់​សាធារណរដ្ឋ​ដូណិត​ស​ខ៍​(Donetsk)​សាធារណរដ្ឋ​លូ​ហាន់​ស​ខ៍​(Luhansk) តំបន់​ឃើ​សុន​(Kherson)​និង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា​(Zaporizhzhia)​ជា​ផ្នែក​នៃ​ទឹកដី​រុស្ស៊ី​។​

​សភា​រុស្ស៊ី​បាន​និយាយថា​« ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចុះហត្ថលេខា​លើ​ច្បាប់​៤ ស្តីពី​ការបញ្ចូល​សាធារណរដ្ឋ​ដូណិត​ស​ខ៍ សាធារណរដ្ឋ​លូ​ហាន់​ស​ខ៍ តំបន់​ឃើ​សុន​និង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា​ជា​ផ្នែក​នៃ​សហព័ន្ធ​​រុស្ស៊ី​។​លោក​ក៏​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ពាក់ព័ន្ធ​ដទៃ​ទៀត​ស្តីពី​ការទទួលស្គាល់​ជា​ផ្លូវការ​នេះ​»​។​

​សូមបញ្ជាក់​ថា​រុស្ស៊ី​ទើប​ប្រកាស​ដាក់​តំបន់​នៅ​ខាងកើត​អ៊ុយ​ក្រែន​នេះ​ជា​ឧ​ប​សម្ពន្ធ​ក្រោយ​ពី​រៀបចំ​ការបោះ​ប្រជាមតិ​ក្នុងចំណោម​ប្រជាជន​នៅក្នុង​តំបន់​ទាំង​បួន​ខាងលើ​ដើម្បី​អោយ​ពួក​គេ​សំរេចចិត្ត​​ថា​តើ​ចង់​នៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ទីក្រុ​ង​មូ​ស្គូ​ឬ​អត់​។​លទ្ធផល ដែល​អ៊ុយ​ក្រែ​ន​និង​លោកខាងលិ​ចច្រានចោល បង្ហាញ​ថា​ប្រជាជន​តំបន់​នោះ​៨០​ទៅ​៩០​ភាគរយ​ចង់​ក្លាយ​ជា​ផ្នែក​នៃ​ប្រទេស​​រុស្ស៊ី​។​

​តាមពិត​តំបន់​ដែល​រុស្ស៊ី​កាត់​យក​ជា​ទឹកដី​របស់​ខ្លួន​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​កង​ម្លាំង​រុស្ស៊ី​និង​សម្ពន្ធមិត្ត​ទាំងស្រុង​ទេ​នៅពេល​កងកម្លាំង​អ៊ុយ​ក្រែន​បន្ត​វាយ​ចាប់​យក​មក​វិញ​ជា​បន្តបន្ទាប់​។​ប្រឈម​​ការ​គំរាម​ដូច្នេះ លោកពូ​ទីន​កាលពី​សប្តាហ៍​មុន​បាន​ព្រមាន​ទុក​ថា រុស្ស៊ី​នឹង​ការពារ​ទឹកដី​ខ្លួន​ដោយ​ប្រើ​គ្រប់​អាវុធ​ដែល​ខ្លួន​មាន រួម​ទាំង​នុយក្លេអ៊ែរ​។​

​ក្នុងពេល​ជាមួយគ្នា មាន​សេចក្តីរាយការណ៍​ថា អាជ្ញាធរ​ទីក្រុង​គៀវ​របស់​អ៊ុយ​ក្រែន​កំពុង​ចែក​ថ្នាំ​គ្រាប់​ប៉ូ​តា​ស្យូម អ៊ីយ៉ូ​ឌីន​(potassium iodine)​ក្នុង​ការត្រៀម​ទប់ទល់​នឹង​ការវាយប្រហារ​នុយក្លេអ៊ែរ​​លើ​រដ្ឋធានី​គៀវ​របស់​អ៊ុ​យក្រែន​។​

​ប៉ូ​តា​ស្យូម អ៊ីយ៉ូ​ឌីន អាច​ជួយ​រារាំង​ការ​ស្រូប​ចូលជាតិ​វិទ្យុសកម្ម​ចូល​ក្នុង​ក្រ​ពេញទី​រ៉ូ​អ៊ីត​ក្រោយ​រង​ចំហាយ​វិទ្យុសកម្ម តែ​អ្នកជំនាញការ​និយាយថា​វា​អាច​ជួយ​បាន​ត្រឹម​ការ​ភាយ​ជាតិ​វិទ្យុសកម្ម​ប៉ុណ្ណោះ មិន​​អាចជួយ​អ្នក​រង​កំលាំង​គ្រាប់​នុយក្លេអ៊ែរ​ដោយផ្ទាល់​បានទេ​។​

​ពូ​ទីន​បាន​និយាយថា លោក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាន​ដើម្បី​ឈ្នះ​សង្គ្រាម​នេះ នៅពេល​ទ័ពជើងគោក​របស់លោករ​ង​បរាជ័យ​ជា​បន្តបន្ទាប់​ក្រោម​ការ​វាយបក​របស់​កងកម្លាំង​អ៊ុ​យក្រែន​

​ការបារម្ភ​អំពី​ពូ​ទីន​ប្រើ​នុយក្លេអ៊ែរ​ដើម្បី​បង្ខំ​អោយ​អ៊ុយ​ក្រែន​ចុះចាញ់​កាន់តែ​កើនឡើង នៅពេល​កងទ័ពជើងគោក​របស់​លោក​បន្ត​រង​បរាជ័យ​នៅ​សមរភូមិ ជាពិសេស​នៅ​តំបន់​ដែល​លោក​ប្រកាស​ដាក់​​ជា​ឧបសម្ពន្ធ​។​

​ព័ត៌មាន​អំពី​ការចែក​ថ្នាំ​ប្រឆាំង​វិទ្យុសកម្ម​នៅ​ក្រុង​គៀវ​កើតឡើង​នៅពេល​កាសែត​ថែមស៍​(Times)​កាលពី​ថ្ងៃ​ចន្ទ​បាន​រាយការណ៍​ថា អង្គការ​ណា​តូ​បាន​ព្រមាន​រដ្ឋ​ជា​សមាជិក​ថា ពូ​ទីន​ប្រុង​បង្ហាញ​ឆន្ទៈ​​ក្នុងការ​ប្រើ​សព្វាវុ​ធ​នុយក្លេអ៊ែរ ដោយ​ធ្វើតេស្តិ៍​នុយក្លេអ៊ែ​រមួយ​នៅ​ព្រំដែន​អ៊ុ​យក្រែ​ន​។​

​ណា​តូ​ព្រមាន​ថា នាវាមុជទឹក​ខ្នាត​យក្ស​K-329 Belgorod​របស់​រុស្ស៊ី​អាច​កំពុងធ្វើដំណើរ​ទៅកាន់​សមុទ្រ​កា​រ៉ា​(Kara)​ដើម្បី​សាកល្បង​ដ្រូ​ន​នុយក្លេអ៊ែរ​ក្រោម​ទឹក​Poseidon​។​Poseidon​នេះ​ត្រូវ​គេ​​ថា​អាច​ធ្វើ​ដំណើរ​សែនឆ្ងាយ​នៅក្រោម​ទឹក​មុន​បញ្ចេញ​កំលាំង​ល្មម​បង្ក​ជា​រលក​ស៊ូ​ណា​មី​កំពស់​ជិត​៥០០​ម៉ែត្រ​ពន្លិច​បណ្តា​ទីក្រុង​តាម​ឆ្នេរ​៕