​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា​ពួកគេ​កាន់តែ​ខិត​ទៅជិត​មួយ​ជំហាន​ទៀត​ក្នុង​ការបង្កើត​ថ្នាំ​គ្រាប់​ដែល​អាច​ធ្វើ​ត្រាប់​តាម​ឥទ្ធិពល​នៃ​ការធ្វើ​លំ​ហា​ត់​​ប្រាណ​លើ​រាងកាយ​។​

​ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​កោសិកា​ដើម​នៅ​ក្នុង​រាងកាយ ដែល​ប្រែ​ក្លាយទៅជា​ម៉ាស៊ីន​ផ្ទុក​ជាតិ​ខ្លាញ់ នៅពេលដែល​មនុស្ស​បរិ​ភោគ​អាហារ​មាន​កាឡូរី​ខ្ពស់​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា លំ​ហាត់ប្រាណ​អាច​លុបបំបាត់​ឥទ្ធិពល​នេះ​បាន​។​

​ពួក​គេ​សង្ឃឹមថា របកគំហើញ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​ថ្នាំ​ដែល​កំណត់​គោលដៅ​លើ​កោសិកា​ដើម​ទាំងនេះ និង​សម្រេចបាន​នូវ​គោលដៅ​ដូចគ្នា​។​

​អ្នកដឹកនាំ​ការសិក្សា វេជ្ជបណ្ឌិត ម៉ាណូលីស គែល​លី​ស (Manolis Kellis) មក​ពី​វិទ្យាស្ថាន​បច្ចេកវិជ្ជា​ម៉ាស​សា​ឈូ​សេត​បាន​និយាយថា​”​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការយល់ដឹង​អំពី​យន្តការ​​ម៉ូលេគុល ដែល​ជា​កត្តា​ជំរុញ​នៃ​ឥទ្ធិពល​ដ៏​មាន​ប្រយោជន៍​នៃ​ការធ្វើ​លំ​ហាត់ប្រាណ និង​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​”​។​

“​យើង​អាច​យល់​ពី​របៀប​ដែល​យើង​អាច​ធ្វើ​អន្តរាគមន៍ និង​បង្កើត​ថ្នាំ ដែល​ធ្វើ​ត្រាប់​តាម​ឥទ្ធិពល​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​លើ​ជាលិកា​ជាច្រើន​”​។​

​ប៉ុន្តែ​វា​ប្រហែល​ជា​ចំណាយពេល​ច្រើន​ឆ្នាំ​ទម្រាំ​ថ្នាំ​គ្រាប់​អាច​ធ្វើ​ដូច្នេះ​បាន​ដាក់​លក់​លើ​ទីផ្សារ ដូច្នេះ​សម្រាប់​ពេលនេះ​មិន​មាន​អ្វី​ប្រសើរ​ជាង​ការ​ហាត់ប្រាណ និង​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​នោះ​ទេ​៕

​ថ្នាំ​គ្រាប់​កម្ចាត់​ជាតិ​ខ្លាញ់​លើ​ក្បាលពោះ​ជិត​បង្កើត​បាន​ហើយ