ដោយ៖រ៉ាម៉ន/ព្រះសីហនុ៖ នៅរសៀលថ្ងៃ ទី៤ ខែតុលា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្តបានដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងកែសម្រួលសេចក្តីណែនាំ ស្តីពីការរៀងចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា កម្មវិធីវិនិយោគបីឆ្នាំរំកិលនេះមានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបំប្លែងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍ ផែនការអភិវឌ្ឍខេត្តឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តព្រះសីហនុ សម្រាប់បីឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
លោកបានបន្តថា កម្មវិធីវិនិយោគ ជាឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព ឬសេវាអាទិភាពនានារបស់ខេត្ត ដល់ដៃគូពាក់ព័ន្ធទាំងទីភ្នាក់ងាររដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ចានទៅតាមជំហាននីមួយៗដែលបានអនុវត្តកន្លងមកទាមទារឱ្យមានការចូលរួមពិនិត្យ ពិភាក្សា និងកែសម្រួលក្នុងកិច្ចប្រជុំក្រុមការងារស្របតាមក្របខ័ណ្ឌពេលវេលា។

លោកបានបន្តថា ឈរលើក្របខណ្ឌទស្សនៈរួម ដែលកំណត់អំពីតួនាទីមិនអាចខ្វះបាននៃការវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងបង្កើតធាតុចូល និងអាចធានាបានថា ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រួមចំណែកកំណើនសេដ្ឋកិច្ចទូទាំងខេត្ត ក៏ដូចជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់ប្រែក្លាយគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាខេត្ត។ N