Feature-Pol-Eco
​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ពី​ការបន្ត​អនុវត្ត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការរៀបចំ​ដាក់ឱ្យ ដំណើរការ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​អតិផរណា​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន មួយ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២ នេះ ស្តីពី​ការបន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការរៀបចំ​ដាក់ឱ្យ​ដំណើរការ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​អតិផរណា​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថាៈ ភាពមិនច្បាស់លាស់ ដែល​បណ្តាលមកពី ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩, ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នានា រួមទាំង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​បណ្តាលឱ្យមាន​និន្នាការ​កើនឡើង​នៃ​ថ្លៃទំនិញ និង​ម្ហូបអាហារ​លើ​ទីផ្សារ ដែល ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់ បងប្អូន​ប្រជាពលរដ្ឋ ក្នុង​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។ ឆ្លើយតប​នឹង​បរិការណ៍ ដ៏​លំបាក​នេះ និង​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន និង​មធ្យ័ត​ខ្ពស់​, រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​អាទិភាព នៃ​វិធានការ​អន្តរាគមន៍ ជំនួយ​សង្គម សំដៅ​បន្ត​គាំពារ និង​រក្សា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ព្រមទាំង​គិតគូរ​បន្ថែម ក្នុងការ​រៀបចំ​ផ្ដល់​ការគាំទ្រ ដល់​ជីវភាព​របស់​គ្រួសារ​គោលដៅ ដែល​ងាយ​រង​ហានិភ័យ​ផងដែរ​។​

​ក្នុងន័យនេះ រាជរដ្ឋាភិបាល សម្រេច​ដាក់ចេញ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម ដូចខាងក្រោម​៖

១. ការបន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​អូ​វីដ​-១៩ ៖

​ដោយ​មើលឃើញ​ពី​ភាពចាំបាច់ ក្នុង​ការបន្ត​ជួយ​រក្សា​លំនឹង​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ជាពិសេស​ក្នុង​បរិបទ​នៃ​ការទទួល​រង​នូវ​ផលប៉ះពាល់​ទ្វេដង ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ការកើនឡើង​ថ្លៃទំនិញ​ខ្ពស់ ដែល​ផ្តល់​ផល​ប៉ះ ពាល់​ធ្ងន់ធ្ងរ​ដល់​ពួកគាត់​, រាជរដ្ឋាភិបាល សម្រេច​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រហូតដល់​ដំណាច់ឆ្នាំ​២០២២ និង​ប៉ុន្តែ​ពិនិត្យ និង​វាយតម្លៃ ស្ថានភាព​នៅ​រៀងរាល់ ៣ ខែម្តង​។​

២.​ការរៀបចំ​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​អតិផរណា ៖

​រាជរដ្ឋាភិបាល​សម្រេច​រៀបចំ និង​ដាក់ឱ្យ​ដំណើរការ “ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា ” ដែលជា​កម្មវិធី​ជំនួយ សង្គម​ពិសេស​មួយ មាន​គោលបំណង ជួយ​ស្រូបយក​សម្ពាធ​ពី​ការកើនឡើង​ខ្ពស់ នៃ​អតិផរណា​នេះ ក្នុង​មួយគ្រា និង​ផ្ដល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ ងាយ​រង​ហានិភ័យ នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​នឹងត្រូវ​បានកំណត់​អត្តសញ្ញាណ​ច្បាស់លាស់ និង​ត្រឹមត្រូវ​។​

​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងផែនការ ដែលជា​សេនាធិការ នឹង​ចាប់ផ្ដើម​កំណត់ អត្តសញ្ញាណ​គ្រួសារ ងាយ​រង​ហានិភ័យ នៅ​ទូទាំងប្រទេស​កម្ពុជា​។ ប្រជាពលរដ្ឋ គោលដៅ ដែលមាន​ជីវភាព​ទាប និង​មាន​ភាព ងាយ​រងគ្រោះ​ដែល​លក្ខណៈសម្បត្តិ ឆ្លើយតប​ទៅ​លក្ខខណ្ឌ​វិនិច្ឆ័យ នៃ​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រង​ហានិភ័យ នៅ​ទូទាំងប្រទេស នឹង​ទទួលបាន​ការវាយតម្លៃ តាមរយៈ​ការធ្វើ​កិច្ចសម្ភាសន៍ តាម​ទូរ​សព្ទ និង​តា​ប្លែ​ត ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​មានការ​គាំទ្រ​ពី​កម្លាំង​ស្ម័គ្រចិត្ត ក្រោម​ការដឹកនាំ និង​គ្រប់គ្រង ដោយ​ក្រសួងផែនការ និង​ដោយមាន​ការសម្របសម្រួល ពី​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​។ ភាព​ងាយ​រងគ្រោះ​នៃ “ គ្រួសារ​ប្រជាពលរដ្ឋ ងាយ​រង​ហានិភ័យ “ ត្រូវបាន​កំណត់ដោយ​ផ្តោតលើ​គ្រួសារ ដែល​រស់នៅ​កៀក​នឹង​បន្ទាត់ នៃ​ភាពក្រីក្រ ដោយមាន​រួមបញ្ចូល​នៅក្នុង​គ្រួសារ​នោះ នូវ​ជន​ទាំងឡាយ ដូចតទៅ​៖ ជន​មាន​ពិការភាព​, កុមារ​អាយុ​ក្រោម ២​ឆ្នាំ​, ជន​ចាស់ជរា មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​, ស្ត្រី​ជា​មេ​គ្រួសារ និង​រស់នៅ​ដោយ​គ្មាន​ស្វាមី​, គ្រួសារ​ដែលមាន​សមាជិក​សុទ្ធសឹង ជា​កុមារ និង​មនុស្ស​ចាស់ជរា (​មិនមាន​សមាជិកគ្រួសា​រ អាយុ​ពី ១៩-៥៩ ឆ្នាំ​)​។​

​កម្រិត​ប្រាក់ឧបត្ថម្ភ​, យន្តការ​, នីតិវិធី​, និង​កាលបរិច្ឆេទ នៃ​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​នេះ នឹងត្រូវ​កំណត់ដោយ​សេចក្តីសម្រេច​របស់ ប្រធាន​ក្រុមប្រឹក្សា ជាតិ​គាំពារ​សង្គម នាពេល​ក្រោយ​៕/V​