ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ឱ្យអស់ពីមូលដ្ឋាន ឱ្យដូចភ្លៀងរលឹម ទៅតាមអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការដាក់បទបញ្ជាបែបនេះរបស់លោក ឃួង ស្រង បានធ្វើឡើង នៅរសៀលថ្ងៃទី៥ តុលា នេះ ក្នុងពេលលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ស្នងការរងនគរបាល រាជធានីភ្នំពេញ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ មួយចំនួនទៀត។

លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ឱ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណា លុបបំបាត់ឱ្យខាងតែបាន ចំពោះកុងស៊ីបញ្ចាំមិនស្របច្បាប់ ។

លោក ឃួង ស្រេង បានបន្តទៀតថាៈ ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែង ស៊ីសង និងកុងស៊ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនីមួយៗ ត្រូវធ្វើ របាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ កិច្ចការងារនេះ ពិតជាទទួលបាន នូវការសាទរ យ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចិត្តមួយ នាំឱ្យយើង ទទួលបានជោគជ័យ ក្នុងយុទ្ធនាការនៃការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ី បញ្ចាំខុសច្បាប់ទាំងនេះ។

លោកស្នើឱ្យការអនុវត្ត ត្រូវតែធ្វើឡើង ដោយឈរលើគោលការណ៍ បំរើផលប្រយោជន៍ ប្រជាពលរដ្ឋ មានន័យថា កុងស៊ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិចោរ ត្រូវតែលុប បំបាត់ ហើយលើកទឹកចិត្ត ចំពោះកុងស៊ីបញ្ចាំស្របច្បាប់។

ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ បើគិតពីថ្ងៃទី១៧ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ បានត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែង ស៊ីសងខុសច្បាប់ សរុបចំនួន ១.៣៣៨ ទីតាំង ត្រួតពិនិត្យ និងបង្ក្រាបបទល្មើស កុងស៊ីបញ្ចាំ ខុសច្បាប់ សរុបចំនួន ៧៤ ទីតាំង៕ V / N