ដោយៈភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង /ភ្នំពេញ៖ខ្ញុំឈ្មោះ នី ធុច កើតនៅឆ្នាំ១៩៥០នៅក្នុងភូមិ សំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ នី អឹម និងម្ដាយឈ្មោះ កែវ ទួន។ខ្ញុំមានបងប្អូន សរុបទាំងអស់ប្រាំពីរនាក់ ក្នុងនោះមានស្រីបីនាក់ ហើយបច្ចុប្បន្ននៅរស់តែបួននាក់ប៉ុណ្ណោះ។

នៅក្នុងសម័យសង្គមរាស្រ្ដនិយមឪពុកម្ដាយរបស់ខ្ញុំប្រកបរបរធ្វើស្រែនិងធ្វើនំលក់ដើម្បីផ្គត់ផ្គង់ជីវភាព។នៅអាយុ១២ឆ្នាំខ្ញុំចូលរៀននៅសាលាក្នុងវត្តសំរោងវត្តជាមួយលោកគ្រូឈ្មោះអោកដែលជាព្រះសង្ឃ។ក្រោយមកទៀតខ្ញុំបន្តការសិក្សានៅអនុវិទ្យាល័យវត្តថ្មីស្ថិតនៅម្ដុំផ្សារស្នេហ៍រហូតដល់ប្រឡងជាប់ចូលរៀននៅវិទ្យាល័យ។

ក្រោយមកដោយសារតែឪពុកម្ដាយក្រីក្រគ្មានលទ្ធភាពបង់ថ្លៃសាលាខ្ញុំបានឈប់រៀនរួចហើយត្រឡប់មកផ្ទះជួយរកស៊ីឪពុកម្ដាយវិញ។នៅក្នុងភូមិសំរោងវត្តខ្ញុំជួយបង្រៀនអនក្ខរកម្មចាស់ៗនៅក្នុងភូមិដែលមិនចេះអក្សរនិងធ្វើស្រែ។ នៅសម័យ លន់ នល់នៅក្នុងភូមិសំរោងវត្តមានការទម្លាក់គ្រាប់បែកចំនួនពីរលើកគឺលើកទី១.ទម្លាក់នៅផ្ទះរបស់ លោកគ្រូ អោក អំឡុងពេលដែលចាស់ៗកំពុងរៀនអក្សរបណ្តាលឱ្យមនុស្សស្លាប់ចំនួនពីរនាក់និងខូចខាតទ្រព្យ សម្បត្តិរបស់ប្រជាជនជាច្រើន។ លើកទី២.​ទម្លាក់នៅទួលប្រាសាទជិតភូមិសំរោងវត្តប៉ុន្តែមិនមានមនុស្សស្លាប់ទេ។

នី ធុច រស់នៅភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមឆ្នាំ១៩៧៥ ខ្ញុំបានរៀបការជាមួយនារីម្នាក់នៅក្នុងភូមិដែលមានឈ្មោះថា មុជ ហេង។ការរៀបការរបស់ យើងគឺធ្វើឡើងតាមប្រពៃណីជាធម្មតា ព្រោះកាលនោះនៅមានប្រពៃណីនិងសាសនាសម្រាប់គោរពប្រតិបត្តិ។ នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥​បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះខ្មែរក្រហមបានបញ្ជូនកងចល័តនារី និងកងចល័តបុរស រួមទាំងរូបខ្ញុំឲ្យទៅលើកប្រព័ន្ធភ្លឺស្រែ ចាប់ពីស្រុកកំចាយមាររហូតមកដល់ស្រុកមេសាង ខេត្តព្រៃវែង។ក្រោយបញ្ចប់ការលើកប្រព័ន្ធភ្លឺស្រែខ្ញុំបានត្រឡប់មករស់នៅជាមួយក្រុមគ្រួសារវិញហើយចាប់ផ្ដើមចូលធ្វើការក្នុងក្រុមជាងឈើ និងឡើងត្នោត។ នៅចុងឆ្នាំ១៩៧៥ អង្គការ​បានចាត់តាំងឱ្យក្រុមរបស់ខ្ញុំអាឈើធ្វើតុ ធ្វើកៅអី និងសង់រោងបាយសម្រាប់ហូបអាហាររួមគ្នា។

ចាប់តាំងពីចុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ ការងាររបស់ខ្ញុំគឺឡើងត្នោត ជាងឈើ និងធ្វើស្រែបន្តិចបន្តួចប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៦​ប្រជាជននៅក្នុងភូមិសំរោងវត្តចាប់ផ្ដើមហូបបាយរួមគ្នាដោយខ្មែរក្រហមបានបែងចែកប្រជាជនឱ្យទៅហូបអាហារតាមរោងបាយចំនួន៤។ នៅក្នុងភូមិសំរោងវត្តមិនសូវលំបាកក្នុងការហូបចុកប៉ុន្មានទេព្រោះប្រធាន សហករណ៍ឈ្មោះ រស់ មី តែងតែឲ្យប្រជាជនហូបបាយមួយឆ្អែត។ នៅក្រោមការគ្រប់គ្រងរបស់ មី គឺមិនបានធ្វើ បាបប្រជាជនទេ ហើយប្រជាជននៅក្នុងភូមិជាច្រើននាក់គោរពស្រឡាញ់គាត់ ។

នៅអំឡុងពេលមានព្រឹត្តិការណ៍តាមចាប់ សោ ភឹម ប្រធានសហករណ៍នៅតាមភូមិផ្សេងៗមានការផ្លាស់ប្ដូរលើក លែងតែនៅភូមិសំរោងវត្តគឺនៅដដែល។ ចំណែកឯការបញ្ជូនប្រជាជនទៅខេត្តពោធិ៍សាត់ ដែលជាតំបន់ដីខ្លាញ់ គឺមានតែបីគ្រួសារប៉ុណ្ណោះដែលត្រូវបានខ្មែរក្រហមជម្លៀសពីភូមិសំរៀងវត្តទៅរស់នៅទីនោះ។

នៅដើមខែមករា ឆ្នាំ១៩៧៩ពេលដែលកងទ័ពវៀតណាមវាយចូលមកគ្រួសាររបស់ខ្ញុំរួមជាមួយប្រជាជននៅក្នុងភូមិ សំរោងវត្តបានធ្វើដំណើររហូតដល់ភូមិព្រៃឃ្នេស។គ្រួសាររបស់ខ្ញុំបានស្នាក់នៅភូមិព្រៃឃ្នេសរយៈពេលបីថ្ងៃទើបត្រឡប់មកផ្ទះវិញ ព្រោះខ្ញុំឮដំណឹងថាមានការផ្ទុះអាវុធនៅអ្នកលឿង ហើយប្រទេសក៏ត្រូវបានរំដោះដែរ។

ក្រោយរបបខ្មែរក្រហមដួលរលំភ្លាមគ្រួសាររបស់ខ្ញុំចាប់ផ្ដើមធ្វើស្រែ។បន្ទាប់មកខ្ញុំយកប្រាក់ដែលសន្សំបានទៅទិញម៉ូតូដើម្បីរត់ឌុប និងដឹកអីវ៉ាន់ពីផ្សារអ្នកលឿងយកមកលក់នៅក្នុងភូមិ។ សព្វថ្ងៃនេះ ខ្ញុំមានកូនសរុបទាំងអស់៦នាក់ ស្លាប់ម្នាក់ ហើយប្រពន្ធរបស់ខ្ញុំក៏ស្លាប់ចោលខ្ញុំដែរ៕សរន