ភ្នំពេញ៖ “ការលើកឡើងរបស់គណបក្សនយោបាយមួយចំនួនតូចនិងសង្គមស៊ីវិលខ្លះដែលថា សម្តេចតេជោ ហ៊ុន សែនរំលោភច្បាប់គោលការណ៍ស្មើភាពនិងតួនាទីក្នុងឋានៈជានាយករដ្ឋមន្ត្រីយកវេទិការួមទាំងធនធានជាតិទៅឃោសនារកសំឡេងពីប្រជាពលរដ្ឋដើម្បីកេងចំណេញផលប្រយោជន៍បក្សខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាឆ្នាំ២០២៣គឺជាចេតនាច្រណែននយោបាយដែលពួកគេព្យាយាមបំបិទនៅអ្វីដែលជាការពិត”។នេះជាការបញ្ជាក់របស់ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជានិងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា។

លោកបន្តទៀតថា ការនិយាយវាយប្រហារមកលើអ្វីដែលជាសេចក្តីថ្លែងរបស់សម្តេចតេជោ ហ៊ុន សែនជាមួយ ប្រជាពលរដ្ឋ និងគោលនយោបាយផ្តល់ប័ណ្ណក្រីក្រដោយចោទប្រកាន់ថា សម្ដេចតេជោឃោសនានយោបាយមុន ការបោះឆ្នោតគឺវាជារឿងមិនត្រឹមត្រូវទេ។

លោក សួន សេរីរដ្ឋា បានមានប្រសាសន៍ប្រាប់ AMSនៅថ្ងៃទី៥ខែតុលាឆ្នាំ២០២២ ថាត្រង់ចំណុចដែលគណបក្ស នយោបាយ និងសង្គមស៊ីវិលមួយចំនួនតូចបានលើកយកបញ្ហានេះ មកវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន ដោយប្រើប្រព័ន្ធឃោសនាដែលគាំទ្រពួកគេ ដើម្បីធ្វើជាមធ្យោបាយក្នុងការផ្សព្វផ្សាយវាយប្រហារនោះគឺកើតឡើង ចេញអំពីចេតនាច្រណែននយោបាយច្រើនជាងការដែលធានាឱ្យបាននូវការរិះគន់មួយប្រកបដោយស្ថាបនា ឬក៏ការរិះគន់មួយដែលយកបញ្ហាច្បាប់មកជាធ្វើគោលដើម្បីធានាឱ្យមានអព្យាក្រឹត្យភាពចំពោះមុខតំណែងសាធារណៈ។

លោកបន្ថែមថា អ្វីដែលពួកគេលើកឡើងនេះ ត្រូវបានឃើញថាមានការច្រណែនច្រើនជាងយ៉ាងច្បាស់តែម្តង ។ពួកគេព្យាយាមបំបិទនូវអ្វីដែលជាការពិត។ជាការពិតនោះគឺគណបក្សប្រជាជនកម្ពុជាជាគណបក្សដែលកាន់អំណាច និងទទួលបានការគាំទ្រ ១០០ភាគរយពីប្រជាពលរដ្ឋខ្មែរអ្នកបោះឆ្នោត។ដូច្នេះការអនុវត្តគោលនយោបាយ ឬកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលគឺអនុវត្តគោលនយោបាយនិងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ចំណុចនេះគឺមិនអាចកកាត់ផ្តាច់គ្នាបានទេដោយសារគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សឈ្នះឆ្នោត។ ហេតុនេះគោលនយោបាយនិងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺត្រូវបានយកមកអនុវត្តធ្វើជាគោលនយោបាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្នគឺជាប្រធានគណបក្សប្រជាជនកម្ពុជាហើយសម្តេចទៅ ទីណាក៏ដោយក្នុងតួនាទីជានាយករដ្ឋមន្ត្រី ។ក៏ប៉ុន្តែក្នុងតួនាទីបក្សសម្តេចនៅតែប្រធានគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលឈ្នះឆ្នោត។ សួរថា តើកម្ពុជាមានច្បាប់ទេ ដែលកំណត់ថា នាយករដ្ឋមន្ត្រីពេលដែលឡើង ធ្វើជានាយករដ្ឋមន្ត្រីត្រូវលាលែងចេញពីនយោបាយឬអ្នកណាមួយដែលជាប់តំណាងរាស្ត្រហើយត្រូវលាលែងចេញពីនយោបាយមកធ្វើជានាយករដ្ឋមន្ត្រីសុទ្ធតែម្តង ឬក៏មកធ្វើជារដ្ឋមន្ត្រីតែម្តង?។លោក សួន សេរីរដ្ឋា បញ្ជាក់។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជារូបនេះបន្តថា បើសិនជាលាលែងតំណែងចេញពីនយោបាយក៏មិន អាចបន្តតំណែងក្នុងរាជរដ្ឋាភិបាលជានាយករដ្ឋមន្ត្រី ឬក៏រដ្ឋមន្ត្រី ឬក៏ជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភាបានទេ។ ពីព្រោះនៅក្នុងច្បាប់បោះឆ្នោតបើសិនជាអ្នកនោះត្រូវបានគណបក្សដកចេញពីសមាជិករបស់គណបក្សហើយ តំណែងដែលបក្សផ្តល់ឱ្យនោះក៏វាត្រូវអស់ដែរ។យើងត្រូវទទួលស្គាល់និងនិយាយឱ្យចំៗការពិតថារាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គឺជារាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោត។ គោលនយោបាយនិងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល គឺជាគោលនយោបាយ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។ ចំណុចនេះសម្តេចតេជោបានប្រកាសនិយាយប្រាប់ទៅដល់ប្រជាពលរដ្ឋវាអត់មានអីខុសទេ។ក្នុងតួនាទីលោកជានាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា គឺលោកអនុវត្តគោលនយោបាយកម្មវិធីនយោបាយរបស់បក្ស ជាកម្មវិធីនយោបាយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

លោកសួន សេរីរដ្ឋា បានសង្កត់ធ្ងន់ថា “ការលើកឡើងរបស់គណបក្សនយោបាយ និងសង្គមស៊ីវិលនៅក្នុងចេតនា ច្រណែននយោបាយយ៉ាងច្បាស់ មិនមែនជាការនិយាយដើម្បីពង្រឹងឲ្យមានការអនុវត្តច្បាប់ នីតិរដ្ឋមិនមែននិយាយ ដើម្បីឱ្យមានអព្យាក្រឹត្យតំណែងមុខងារសាធារណៈទេ។ អ្វីដែលជាការពិតនៅក្នុងប្រទេសកម្ពុជារបស់យើងចំពោះ សេរីភាពនយោបាយ និងសិទ្ធិនយោបាយ របស់គណបក្សនីមួយៗ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃហើយ គឺអត់បានហាមឃាត់ថា មិនឱ្យធ្វើសកម្មភាពនយោបាយនោះទេ”។

ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានបន្តទៀតថា ការលើកឡើងថា សម្តេចតេជោ ហ៊ុន សែន លោកទៅនិយាយអំពីកម្មវិធីផ្តល់ប័ណ្ណក្រីក្រឱ្យប្រជាពលរដ្ឋហើយគាំទ្រប្រជាពលរដ្ឋក្រីក្រនៅរុនតាឯកខេត្តសៀមរាប គឺជាការឃោសនាមុនបោះឆ្នោត គឺមិនត្រឹមត្រូវទេ ។ប៉ុន្តែសូមជម្រាបថា មុនបោះឆ្នោត គឺ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ។អ្នកណាក៏មានសិទ្ធិនិយាយអំពីគោលនយោបាយរបស់គណបក្សខ្លួននិងមានសិទ្ធិចុះទៅជួបតំណាងគណបក្សរបស់ខ្លួននៅក្នុងភូមិ ឃុំ ខេត្តបានដែរ គឺគេអត់ហាមឃាត់ទេ៕ ( ប្រភព AMS)