ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានលើកឡើងថាៈ ការរៀបចំកម្មវិធីប្រដាល់សកលអាជីព ULTIMATE PRO BOXING នៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២២ នេះ គឺដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករប្រដាល់ជម្រើសជាតិកម្ពុជា ក៏ដូចជាពង្រឹងដល់ការរៀបចំកម្មវិធីប្រកួតសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍នេះ គឺដើម្បីផ្ដល់ឱកាសឲ្យកីឡាករជម្រើសជាតិ គាត់បានចូលរួមប្រកួតឲ្យបានច្រើន មុនពេលឈានទៅដល់ការប្រកួត នៅកម្រិតអន្តរជាតិ។

លោកបានមានប្រសាសន៍បន្ថែមថាៈ សម្រាប់កម្មវិធីនេះ គឺយើងផ្ដោតក្នុងទិសដៅ ធ្វើយ៉ាងណា ឲ្យកីឡាករ មានសកម្មភាពប្រកួត ដើម្បីដកស្រង់បច្ចេកទេសកម្រិតក្នុងប្រទេស មុនពេលពួកគាត់ ឈានទៅរកការប្រកួតលក្ខណៈអន្តរជាតិ។ បើប្រៀបធៀបជាមួយប្រភេទកីឡាប្រដាល់ផ្សេង គឺគាត់មានឱកាសបានប្រកួតច្រើន។ ប៉ុន្តែប្រដាល់សកលយើងមិនមានឱកាសប្រកួតប្រចាំសប្ដាហ៍ នៅតាមស្ថានីយទូរទស្សន៍ឡើយ។ ដោយមូលហេតុនេះហើយ ទើបសហព័ន្ធ សម្រេចបង្កើតការប្រកួតផ្ទាល់ខ្លួន ដែលទី១ គឺយើងផ្ដល់ឱកាសឲ្យកីឡាករ ទី២ ដើម្បីពង្រឹងសមត្ថភាពនៃការវិនិច្ឆ័យរបស់មន្ត្រីគណៈកម្មការ អាជ្ញាកណ្ដាល ចៅក្រម។ មួយទៀត គឺយើងពង្រឹងលើការរៀបចំការប្រកួតឲ្យស្របតាមលក្ខណៈស្តង់ដារបច្ចេកទេស របស់សហព័ន្ធអន្តរជាតិ ដើម្បីឲ្យពួកគាត់ អាចត្រៀមឆ្ពោះទៅរៀបចំ ពិសេសគឺ សម្រាប់ស៊ីហ្គេមឆ្នាំក្រោយ។

ជុំវិញការប្រកួត នេះដែរសហព័ន្ធ ក៏មានចងក្រងក្បួនច្បាប់មួយចំនួន ដើម្បីឲ្យកីឡាករ ធ្វើយ៉ាងណា ប្រកួតឲ្យអស់សមត្ថភាព ហើយប្រសិនបើមន្រ្តីគណៈកម្មការរៀបចំការប្រកួត មើលឃើញថា ប្រកួតមិនអស់សមត្ថភាព នឹងបណ្ដេញចុះពីលើសង្វៀន។ បន្ទាប់ពីដេញចុះ ហើយ បើសិនសង្កេតឃើញហេតុផលមិនសមរម្យណាមួយ នឹងមានការព្រមាន ឬដាក់វិន័យបន្ថែមទៀត នៅពេលក្រោយ៕/V