​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា កងកម្លាំង​អ៊ុយ​ក្រែន​បាន​ដណ្តើម​យក​មក​វិញ​នូវ​តំបន់​ទី​លំនៅ​បន្ថែម​ទៀត​នៅ​ខេត្ត​ឃើ​សុន (Kherson) ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​ភាគខាងត្បូង​កាន់កាប់​ដោយ​រុស្ស៊ី ដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​អះអាងថា​បាន​កាត់​យក​។​

​ខណៈ​កងកម្លាំង​រុស្ស៊ី​ដកថយ​ពី​សមរភូមិ​ជួរ​មុខ​នៅ​ភាគខាងត្បូង​និង​ខាងកើត លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ជា​វីដេអូ​ពេល​យប់​ថ្ងៃ​ពុធ​ទី​៥​តុលា​ថា តំបន់​នូ​វ៉ូ​វ៉ូ​ស្ក្រេ​សិន​ស្កេ (Novovoskresenske) ណូវ៉ូ​រីហូ​រី​វកា (Novohryhorivka) និង​ប៉េ​ត្រូ​ផា​វលីវ​កា (Petropavlivka) នៅ​ភាគ​ឦសាន​ទីក្រុង​ឃើ​សុន (Kherson) ត្រូវបាន “​រំដោះ​”​។​

​នៅឯ​អង្គការសហប្រជាជាតិ រុស្ស៊ី​កំពុង​បញ្ចុះបញ្ចូល​ឱ្យមាន​ការបោះឆ្នោត​ជាសម្ងាត់​ជំនួស​ឱ្យ​ការបោះឆ្នោត​ជា​សាធារណៈ នៅពេល​ដែល​មហាសន្និបាត​អ​.​ស​.​ប​ដែល​មាន​សមាជិក​ចំនួន ១៩៣​នឹង​ពិ​ចារ​​ណា​នៅ​សប្តាហ៍​ក្រោយ​ថា​តើ​ត្រូវ​ថ្កោលទោស​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូក្នុង​ការកាត់យក​ខេត្ត​ដូណិត​ស​ខ៍ (Donetsk) និង​ខេត្ត​លូ​ហា​នស​ខ៍ (Luhansk) នៅ​ភាគ​ខាងកើត និង​ខេត្ត​​ឃើ​សុន (Kherson) និង​ខេត្ត​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia) នៅ​ភាគខាងត្បូង​ឬ​យ៉ាងណា បន្ទាប់ពី​មាន​ការរៀបចំ​បោះឆ្នោត​ប្រជាមតិ​នៅតាម​ខេត្ត​ទាំងនេះ​។​

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​កាលពី​ថ្ងៃ​ពុធ ដើម្បី​បញ្ចូល​តំបន់​ទាំង​បួន​ទៅក្នុង​ប្រទេស​រុស្ស៊ី​។ អ៊ុយ​ក្រែ​ននិយាយថា ខ្លួន​នឹង​មិន​ទទួលស្គាល់​ការ​រឹបអូស​យ​ទឹក​​ដី​របស់​ខ្លួន​ដោយ​កម្លាំង​ខុសច្បាប់​នោះ​ឡើយ​។ រដ្ឋាភិបាល​ក្រុង​គៀវ​និង​លោក​ខាងលិច​បាន​និយាយថា ការបោះឆ្នោត​ប្រជាមតិ​គឺជា​ការបោះឆ្នោត​ក្លែងក្លាយ ដែល​ធ្វើឡើង​ដោយ​ការភ្ជង់​នឹង​កាំភ្លើង​។​

​ច្បាប់​ថ្មី​នេះ​នឹង​ដាក់​បញ្ចូល​ទឹកដី​អ៊ុយ​ក្រែន​ប្រហែល ១៨ ភាគរយ​ទៅ​ក្នុងប្រទេស​រុស្ស៊ី ដែល​ស្មើនឹង​ប្រទេស​ព័រ​ទុយ​ហ្គាល់​មួយ នៅក្នុង​ការ​កាត់​យក​ទឹកដី​ធំ​បំផុត​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​។ លោកពូ​ទីន​បាន​និយាយថា លោក​ចង់​ធានា​សន្តិសុខ​របស់​រុស្ស៊ី និង​ការពារ​អ្នក​និយាយ​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។ រដ្ឋាភិបាល​ក្រុង​គៀវ​បាន​ចោទ​មូ​ស្គូ​ពី​បទ​រំលោភ​យក​ទឹក​ដី​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​របស់​លោក​ថា លោក​និង​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​លោក​បាន​ជួបប្រជុំ​គ្នា​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​អំពី​ការដណ្តើម​មកវិញ​នូវ​ទឹកដី​ទាំងអស់​ដែល​កាន់​​កាប់​ដោយ​រុស្ស៊ី​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​អំពី​កងកម្លាំង​គាំទ្រ​មូ​ស្គូថា ពួកគេ​បាន​ចាញ់​សង្គ្រាម​រួចទៅហើយ​។​

​លោក​បាន​និយាយ​សំដៅ​ទៅ​លោកពូ​ទីន​ថា “​ប្រជាជន​អ៊ុយ​ក្រែន​ដឹង​ពី​អ្វី​ដែល​ពួកគេ​កំពុង​ប្រយុទ្ធ​ដើម្បី​។ ហើយ​ពលរដ្ឋ​រុស្ស៊ី​កាន់តែ​ច្រើនឡើង​កំពុង​ដឹងថា ពួក​គេ​ច្បាស់​ជា​ស្លាប់​ពីព្រោះ​មាន​មនុស្ស​​ម្នាក់​មិន​ចង់​បញ្ចប់​សង្គ្រាម​ទេ​”៕

​កងទ័ព​អ៊ុយ​ក្រែន​កំពុងដណ្តើម​បានទឹក​ដី​របស់​ខ្លួន​ច្រើនឡើង​ពី​កងទ័ព​រុស្ស៊ី​