ដោយ :សុផល/ភ្នំពេញ: ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ស៊ីប៊ីស៊ី) និង ក្រុមហ៊ុនវីត្រាស់ អាព្រេហ្សល ខូអិលធីឌី (VTrust) កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានដាក់ឱ្យដំណើរ ការជាផ្លូវការនូវកម្មវិធីវាយតម្លៃអចលនទ្រព្យឌីជីថល (Indication Plus Platform) ដែលជាសេវាកម្មវាយតម្លៃអចលនទ្រព្យ​ តាមប្រព័ន្ធឌីជីថលដំបូងគេនៅក្នុងប្រទេសកម្ពុជា សម្រាប់ស្ថាប័នហិរញ្ញវត្ថុទូទាំងប្រទេស ដែលអនុញ្ញាតឱ្យមានភាពងាយស្រួល តម្លៃសមរម្យ និងមានប្រសិទ្ធភាពក្នុងការវាយតម្លៃអចលនទ្រព្យ សម្រាប់ការវាយតម្លៃឥណទានដោយប្រើបច្ចេកវិទ្យាឌីជីថល និងការវិភាគចុងក្រោយបំផុត។

ផលិតផលនេះត្រូវបានដាក់ឱ្យដំណើរការ ក្នុងវេទិកាពិភាក្សា ក្នុងពិធីអបអរសាទរខួប ១០ឆ្នាំរបស់ស៊ីប៊ីស៊ី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់តំណាងជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធនានា ក្រុមហ៊ុន ស៊ីប៊ីស៊ី ក្រុមហ៊ុន VTrust ព្រមទាំងធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា។ នេះជាវេទិកាវាយតម្លៃអចលនទ្រព្យឌីជីថលដំបូងគេនៅក្នុងប្រទេសកម្ពុជា ផលិតផល Indication Plus បានក្លាយជា “ទីកន្លែងតែមួយ (One Stop Shop)” ដែលជាវេទិកាបច្ចេកវិទ្យារួមបញ្ចូលគ្នា ដោយបន្ថែមគុណតម្លៃដ៏ធំ ដល់ការវាយតម្លៃវត្ថុបញ្ចាំអចលនទ្រព្យ។

លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវីត្រាស់ អាព្រេហ្សល ខូអិលធីឌី បានមានប្រសាសន៍ថា៖«កិច្ចព្រមព្រៀងថ្ងៃនេះជាមួយ ស៊ីប៊ីស៊ី នឹងអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការផ្លាស់ប្តូរតម្លៃអចលន ទ្រព្យ តាមប្រព័ន្ធឌីជីថល សម្រាប់វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែទូលំទូលាយ សម្រាប់ប្រជាជនកម្ពុជា។ លោក​បាន​បន្ត​ថា វិធានការ​នេះ​នឹង​ជួយ​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏​រស់រវើក ព្រមទាំងជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បន្ថែម​ទៀតផងដែរ។»

លោកបានសង្កត់ធ្ងន់ថា៖ «ដោយសារតែប្រទេសកម្ពុជាកំពុងដំណើរការនូវបច្ចេកវិទ្យាឌីជីថលក្នុងល្បឿនយ៉ាងលឿន យើងបានរួមបញ្ចូលគ្នានូវបទពិសោធន៍ជិតពីរទសវត្សរ៍របស់យើង ក្នុងការវាយ តម្លៃអចលនទ្រព្យ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកកម្ចីកម្ពុជា ក៏ដូចជាឲ៩ឹអ្នកផ្ដល់កម្ចី តាម រយៈការវាយតម្លៃអចលនទ្រព្យដែលងាយស្រួល និងមានតម្លៃសមរម្យ។»

យោងតាមក្រុមអ្នកដែលស្ថិតនៅក្នុងឧស្សាហកម្មនេះផ្ទាល់ ការវាយ តម្លៃវត្ថុបញ្ចាំអចលនទ្រព្យបានដើរតួយ៉ាងសំខាន់ ក្នុងការវាយតម្លៃហានិភ័យឥណទានសម្រាប់ស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាអ្នកកម្ចីនៅក្នុងប្រទេសកម្ពុជាផងដែរ។ បើតាមរបាយការណ៍របស់ ស៊ីប៊ីស៊ី បង្ហាញ ថា កម្ចីទិញផ្ទះមានច្រើនជាង ៥០% នៃផលប័ត្រសមតុល្យឥណទានអ្នកប្រើប្រាស់ទូទៅ។ លើសពីនេះ ច្រើនជាង ៥០% នៃប្រាក់កម្ចីរបស់ឧស្សាហកម្មហិរញ្ញវត្ថុ គឺជាប្រាក់កម្ចីធានា ហើយភាគច្រើនត្រូវបានគាំទ្រដោយវត្ថុបញ្ចាំដែលមានមូលដ្ឋានលើដីធ្លី។ ជាមួយនឹងការរីកចម្រើនយ៉ាងរហ័សនៃអចលនទ្រព្យ ក៏ដូចជាទីផ្សារឥណទាននៅក្នុងប្រទេស ការវាយតម្លៃអចលនទ្រព្យ ឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងហានិភ័យឥណទាន។ ដំណោះស្រាយវាយតម្លៃអចលនទ្រព្យឌីជីថល ពឹងផ្អែកលើទិន្នន័យអចលនទ្រព្យយ៉ាងទូលំទូលាយដែលបានចងក្រង ជាប្រវត្តិ តាមរយៈប្រតិបត្តិការជាច្រើនឆ្នាំរបស់ VTrust ដែលដំណើរការដោយការធ្វើគំរូវិភាគទិន្នន័យចុងក្រោយបំផុត ដើម្បីប្រើប្រាស់សេវាកម្មនេះ អ្នកផ្ដល់កម្ចីគ្រាន់តែត្រូវចូលប្រើប្រព័ន្ធឌីជីថល ហើយបញ្ជូនព័ត៌មានលម្អិត អំពីអចលនទ្រព្យដូចជា ទីតាំង តំបន់ វិមាត្រ និងរូបភាព។ ប្រព័ន្ធនេះនឹងវាយតម្លៃជាឌីជីថលនូវព័ត៌មានបញ្ចូល និងបង្កើតតម្លៃចង្អុលបង្ហាញនៃអចលនទ្រព្យដែលអាចត្រូវបានប្រើសម្រាប់ការវាយតម្លៃជាវត្ថុបញ្ចាំ។ ដោយសារវិធីសាស្ត្រវាយតម្លៃនេះមិនតម្រូវឱ្យមានការចុះទៅមើលដោយផ្ទាល់ ហើយដំណើរការទាំងមូលអាចត្រូវបានបញ្ចប់ ជាលក្ខណៈឌីជីថល នោះវាកាន់តែមានតម្លៃសមរម្យ និងងាយស្រួលសម្រាប់អ្នកផ្ដល់កម្ចី។សេវាកម្មនេះនឹងមានជា ដំណោះស្រាយដ៏មានគុណតម្លៃបន្ថែមរបស់ ស៊ីប៊ីស៊ី ដល់ស្ថាប័នហិរញ្ញវត្ថុជាសមាជិករបស់ខ្លួន។

ដោយសារវា ជាដំណោះស្រាយបន្ថែមគុណតម្លៃ សេវានេះនឹងត្រូវបានផ្តល់ជូន តាមតែតម្រូវការពីសមាជិករបស់ខ្លួនប៉ុណ្ណោះ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានលើកឡើងថា៖ «ស៊ីប៊ីស៊ី ប្ដេជ្ញាចិត្តក្នុងការប្រើប្រព័ន្ធឌីជីថល និងការវិភាគទិន្នន័យ ដើម្បីសម្រួលដល់ការសម្រេចចិត្តបានរហ័ស និងគ្មានការរង្កៀសចិត្ដ ដល់សមាជិករបស់យើង ក្នុងការសម្រេចចិត្ត និងវាយតម្លៃហានិភ័យឥណទានបានយ៉ាងឆាប់។ ការវាយតម្លៃអចលនទ្រព្យឌីជីថល តាមរយៈការសហការរបស់យើងជាមួយ VTrust នឹងក្លាយជាកត្ដាដ៏សំខាន់បន្ថែមមួយ ចំពោះផលប័ត្ររបស់យើងនៃដំណោះស្រាយដ៏មានគុណតម្លៃបន្ថែម ដើម្បីឱ្យសមាជិករបស់យើង អាចវាយតម្លៃហានិភ័យឥណទានបានយ៉ាងឆាប់រហ័ស ដោយប្រើប្រវត្តិឥណទាន និងការវាយតម្លៃអចលនទ្រព្យ ដើម្បីធ្វើការសម្រេចចិត្តលើប្រាក់កម្ចីយ៉ាងងាយស្រួល និងឆាប់រហ័ស។»

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យហិរញ្ញវត្ថុបានឆ្លងកាត់ការផ្លាស់ប្រែយ៉ាងឆាប់រហ័សតាមបែបឌីជីថល។ប្រព័ន្ធនៃ ការ សម្រេច ចិត្តផ្ដល់ប្រាក់កម្ចីបែបស្វ័យប្រវត្តកំពុងត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងៗ។ ការគ្រប់គ្រងហានិភ័យឥណទាន ដោយប្រើប្រព័ន្ធឌីជីថល ក៏កំពុងវិវត្តនៅក្នុងប្រទេសផងដែរ។ តាមទិដ្ឋភាពផ្លាស់ប្តូរនេះ ការវាយតម្លៃអចលនទ្រព្យតាមបែប ឌីជីថល និងការផ្តល់ជូនសេវានេះ ស្ថិតក្រោមផលប័ត្រចម្រុះ ខាងដំណោះស្រាយបន្ថែមគុណតម្លៃរបស់ ស៊ីប៊ីស៊ី ដែលជួយអ្នកឱ្យ កម្ចី តាមដំណាក់កាលជាច្រើននៃវដ្តគ្រប់គ្រងប្រាក់កម្ចី នឹងជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ សម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា នៅកម្ពុជា៕Ph