ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ លោក Raja Randhir Singh ប្រមុខស្តីទីក្រុមប្រឹក្សាអូឡាំពិក អាស៊ី (OCA) បានសម្ដែងការជឿជាក់ថាកម្ពុជានឹងអាចឈានទៅរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅថ្ងៃអនាគត។

មុនកិច្ចប្រជុំឈានមកដល់ លោក និងថ្នាក់ដឹកនាំកីឡាអាស៊ីដទៃទៀតបានធ្វើទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ និងជាពិសេសទីនោះក៏នឹងក្លាយជាទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games) នៅឆ្នាំ២០២៩ ផងដែរ។

លោក Raja Randhir Singh បានមានប្រសាសន៍ថា៖ ឆ្នាំ ២០២៩ កីឡាយុវជនអាស៊ី ដែលនឹងរៀបចំក្នុងដែនដីរបស់កម្ពុជា។ លោកជឿថា ថ្ងៃអនាគតកម្ពុជាក៏អាចទទួលរៀបចំកីឡាអាស៊ីផងដែរ ព្រោះលោកជឿលើសមត្ថភាពរបស់ កម្ពុជា។

លោកបញ្ជាក់ថា កម្ពុជាមានព្រឹត្តិការណ៍កីឡាពីរ គឺ កីឡាស៊ីហ្គេម បន្ទាប់មកកីឡាយុវជនអាស៊ី។ ដូច្នេះ កម្ពុជាក៏អាចទទួលរៀបចំកីឡាអាស៊ីបានដែរ ហើយចំនួនអត្តពលិកនឹងកើនឡើង ថែមទាំងមានគ្រូល្អៗ សម្ភារៈកីឡាល្អៗ ឯការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កាន់តែច្រើន នឹងធ្វើឲ្យសមិទ្ធផលកើនឡើង។

កម្ពុជា កំពុងស្ថិតនៅលើផ្លូវនៃការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ នៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ហើយក៏នឹងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំមួយទៀតផងដែរគឺព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games) នៅឆ្នាំ២០២៩៕