​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកវិទ្យាសាស្ត្រ​បី​នាក់​បាន​ទទួល​រង្វាន់​ណូបែល​គីមីវិទ្យា​ប្រចាំឆ្នាំ​រួម​គ្នា​កាលពី​ថ្ងៃ​ពុធ​ទី​៥​តុលា​សម្រាប់​ការបង្កើត​វិធី “​ភ្ជាប់​ម៉ូលេគុល​ជាមួយគ្នា​”​ដែល​អាច​ត្រូវ​​បាន​ប្រើ​ដើម្បី​រុករក​កោសិកា គូស​ផែនទី DNA​និង​រចនា​ថ្នាំ ដែល​អាច​កំណត់​គោលដៅ​លើ​ជំងឺ​ដូចជា មហារីក​បាន​យ៉ាង​ជាក់លាក់​។​

​ជនជាតិ​អាម៉េរិក លោកស្រី ខា​រ៉ូ​លីន អរ បឺ​តូស​ហ្ស៊ី (Carolyn R. Bertozzi) លោក ខេ បារី សាប​ឡេស (K. Barry Sharpless) និង​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​ដា​ណឺម៉ា​កលោក ម៉ូ​ថិ​ន មែ​ល​ដាល់ (Morten Meldal) បានឈ្នះ​ពាន​សម្រាប់​ស្នាដៃ​របស់​ពួកគេ​លើ​គីមីវិទ្យា​សំយោគ ដែល​ធ្វើការ “​ដូច​ម៉ូលេគុល Lego”​។​

​លោក ចូហាន អា​ក់វី​ស (Johan Aqvist) សមាជិក​រាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ស៊ុយអែត ដែល​ប្រកាស​អ្នកឈ្នះ​នៅ​វិទ្យាស្ថាន​ការ៉ូ​លីន​ស្កា (Karolinska) ក្នុង​ទីក្រុង​ស្តុក​ខុល បាន​និយាយថា “​អ្វីៗ​ទាំងអស់​គឺ​អំពី​ការភ្ជាប់​ម៉ូលេគុល​រួមគ្នា​”​។​

​លោក​សាប​ឡេស​អាយុ ៨១ ឆ្នាំ ដែល​ពី​មុន​បាន​ឈ្នះ​រង្វាន់​ណូបែល​ក្នុង​ឆ្នាំ ២០០១ ហើយ​ឥឡូវនេះ​គឺជា​មនុស្ស​ទី​ប្រាំ ដែល​ទទួលបាន​រង្វាន់​ណូបែល​ពីរដង​នោះ​ដំបូង​ឡើយ​បាន​លើកឡើង​អំពី​គំនិត​នៃ​ការភ្ជាប់​​ម៉ូលេគុល​ដោយ​ប្រើ “​កន្លាស់​” គីមី​នៅ​អំឡុង​ដើម​សហស្សវត្ស​រ៍នេះ​។​

​លោក​បាន​បន្តថា “​បញ្ហា​គឺ​ត្រូវ​រក​កន្លាស់​គីមី​ល្អ​។ ពួក​វា​ត្រូវ​តែ​ប្រតិកម្ម​ជាមួយគ្នា​យ៉ាង​ងាយស្រួល​និង​យ៉ាង​ពិសេស​”​។​

​លោក​មែ​ល​ដាល់ អាយុ ៦៨ ឆ្នាំ​ដែល​មាន​មូលដ្ឋាន​នៅ​សាកលវិទ្យាល័យ​កូ​ប៉ិន​ហាក និង លោក​សាប​ឡេស ដែលមាន​ទំនាក់ទំនង​ជាមួយ​វិទ្យស្ថាន​ស្រាវជ្រាវ​ស្គ្រីប (Scripps Research)​នៅ​រដ្ឋ​កាលី​​ហ្វ័​រញ៉ា បាន​រកឃើញ​ដោយ​ឯករាជ្យ​នូវ​ម៉ូលេគុល​បែបនេះ​ដំបូង​គេ ដែល​ងាយស្រួល​ភ្ជាប់​គ្នា​ទៅវិញទៅមក ជាហេតុ​នាំ​ឱ្យមាន​ការអនុវត្ត​ក្នុងការ​ផលិត​ឱសថ និង​ប៉ូ​លី​មែរ (polymers)៕

លោកស្រី ខា​រ៉ូ​លីន អរ បឺ​តូស​ហ្ស៊ី (​រាប់​ពីឆ្វេង​ទៅ​ស្តាំ​) លោក ខេ បារី សាប​ឡេស និង​លោក ម៉ូ​ថិ​ន មែ​ល​ដាល់ ឈ្នះ​ពាន​ណូបែល​គីមី​