​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​យ៉ាងហោច​ណាស់​មនុស្ស​២៥​នាក់​បាន​ស្លាប់​ក្នុង​សោកនាដកម្ម​គ្រោះថ្នាក់​រថយន្តក្រុង​ដ៏​រន្ធត់​មួយ​ក្រោយ​ពី​អ្នកបើកបរ​រេ​ចង្កូត​ចេញពី​ផ្លូវ​ភ្នំ​មួយ​ហើយ​ធ្លាក់​ចូល​ជ្រោះ​ជ្រៅ​មួយ​​នៅ​ឥណ្ឌា​ខាងជើង​កាលពី​ថ្ងៃ​ពុធ​។​

​រថយន្ត​បាន​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​ភ្នំ​ក្នុង​រដ្ឋ​អ៊ុត​តា​រ៉ា​ខាន់​(Uttarakhand)​ដោយ​ដាក់​មនុស្ស​ប្រមាណ​៤៥​នាក់​ពេល​វា​បើក​ជាន់​គែម​ផ្លូវ​ហើយ​ផ្អៀង​ធ្លាក់​ចូល​ជ្រោះជំរៅ​ជិត​៥០០​ម៉ែត្រ​។​មនុស្ស​ប្រមាណ​២០​នាក់​ត្រូវបាន​សង្គ្រោះ​។​

​នាយករដ្ឋមន្ត្រី ណា​រ៉េ​នដ្រា ម៉ូ​ឌី បាន​និយាយថា​«​ជំនួយ​អាចធ្វើ​បាន​ទាំងអស់​»​នឹង​ត្រូវ​បញ្ជូន​ទៅ​អោយ​អ្នក​នៅ​មាន​ជីវិត​ពី​គ្រោះថ្នាក់​នេះ​និងចូលរួមសោកស្តាយនិងមរណទុក្ខជាមួយគ្រួសារសព។​

​វិឆៃ គូមារ ចូក​ដានដេ​(Vijay Kumar Jogdande) មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​និយាយថា គេ​នឹង​ធ្វើ​ការស៊ើបអង្កេត​ចំពោះ​គ្រោះថ្នាក់​នេះ​ហើយ​នឹង​ធ្វើ​ការពិនិត្យ​កំណត់​អត្តសញ្ញាណ​សាកសព​ក្រោយ​​ការនាំ​ចេញពី​កន្លែងកើតហេតុ​។​

​មន្ត្រី​និង​សមត្ថកិច្ច​នៅក្នុង​ព្រៃ​កន្លែង​ដែល​រថយន្តក្រុង​ធ្លាក់​សម្លាប់​មនុស្ស​២៥​នាក់​

​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតមាន​ជា​ធម្មតា​នៅក្នុង​រដ្ឋ​អ៊ុត​តា​រ៉ា​ខាន់ ដែល​ផ្សំ​មួយ​ផ្នែក​ដោយតំបន់​ហេមពាន្ត​របស់​ឥណ្ឌា និង​ជា​ជម្រក​នៃ​ទីតាំង​អ្នកធ្វើ​ធម្ម​យាត្រា​សាសនា​។​

រំលឹកថា ​មនុស្ស​ជាង​ម្ភៃ​នាក់​ក៏​ត្រូវបាន​សម្លាប់​កាលពី​ខែ​មិថុនា​នៅពេល​រថយន្តក្រុង​មួយ​ធ្លាក់ចូល​ជ្រោះ​មួយ​ក្នុងពេល​វា​កំពុងធ្វើដំណើរ​ទៅ​កាន់​ទី​សក្ការ​ហិណ្ឌូ​មួយ​នៅ​ខាងជើង​ទីក្រុង ដេ​រ៉ា​ឌុន​(Dehradun)​។​

​ធនាគារ​ពិភពលោក​បាន​និយាយថា ឥណ្ឌា​តំណាងអោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​លើ​លោក​ចំនួន​១១​ភាគរយ​ទោះជា​វាមាន​យានយន្ត​ប្រមាណ​តែ​១​ភាគរយ​នៃ​យានយន្ត​លើ​លោក​ក្តី​។​មាន​ការស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ​១៥០.០០០​នាក់​ក្នុង​មួយ​ឆ្នាំ​នៅក្នុង​ប្រទេស​នេះ ឬ​ម្នាក់​នៅ​រាល់​បួន​នាទី​ម្តង​។​បើតាមធនាគារនេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នាំអោយ​ឥណ្ឌា​ខាតបង់​ប្រាក់​ប្រមាណ​៧៥​ពាន់​លាន​ដុល្លារ​ក្នុង​​មួយឆ្នាំៗ​៕