ដោយៈ អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម/ភ្នំពេញ៖ខ្ញុំឈ្មោះ ឌឿន គឹមសាន អាយុ៦៣ឆ្នាំ រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការនិងបច្ចុប្បន្នគឺជា ប្រធានភូមិទីប្រាំបី។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ភួង ពៅ និងមានកូនចំនួនបួននាក់។ ឪពុកខ្ញុំឈ្មោះ អៀ សុខាន់ និងម្ដាយឈ្មោះ អែម គឹមអុល។ ខ្ញុំគឺជាកូនទីប្រាំពីរក្នុងចំណោមបងប្អូនប្រុសស្រីចំនួនប្រាំពីរនាក់។

កាលនៅពីក្មេងខ្ញុំទៅរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម និងចូលរៀននៅសាលាបឋមសិក្សាដីដុះ។ បន្ទាប់មក ខ្ញុំប្ដូរទៅរៀននៅសាលាបឋមសិក្សាទួលថ្មរហូតដល់ថ្នាក់ទី៩។

ឌឿន គឹមសាន អាយុ៦៣ឆ្នាំ បច្ចុប្បន្នជាប្រធានភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
(លី ដេវីដ / នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម)

បន្ទាប់ពីរដ្ឋប្រហាររបស់លន់នល់នៅថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០ខ្ញុំឃើញបាតុកម្មផ្ទុះឡើងនិងក្បួនបាតុករដង្ហែចូលមកដល់ទីរួមខេត្ត។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាមដដែល ប៉ុន្តែខ្ញុំឈប់រៀនពីព្រោះពេលនោះមានការប្រយុទ្ធគ្នារវាងទាហានលន់នល់និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះតែកាន់តែខ្លាំងឡើងៗ។ កងទ័ពរំដោះខ្មែរក្រហមបើកការវាយប្រហារ និងរំកិលចូលមកទីរួមខេត្តកំពង់ចាមបន្តិចម្ដងៗ។ នៅឆ្នាំ១៩៧៣កងទ័ពរំដោះខ្មែរក្រហមបើកការវាយប្រយុទ្ធជាទ្រង់ទ្រាយធំនិងរំដោះតំបន់ជាយទីរួមខេត្តកំពង់ចាម ដែលជាកន្លែងខ្ញុំស្នាក់នៅជាមួយបងស្រី។ ខ្ញុំនិងបងស្រីត្រូវបានជម្លៀសទៅនៅភូមិរកាគយ ក្នុងស្រុកកងមាស។ យើងបានស្នាក់នៅភូមិនេះបានមួយរយៈ។

នៅពាក់កណ្ដាលឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវឡោមព័ទ្ធដោយកងទ័ពរំដោះខ្មែរក្រហមគឺមានតែផ្លូវទឹក ប៉ុណ្ណោះដែលជាផ្លូវអាចចូលក្នុងទីរួមខេត្តកំពង់ចាមបាន។ ទាហានម៉ារីន លន់ នល់ តែងតែបើកប៉ាល់ចម្បាំង និងកប៉ាល់ដឹកស្បៀងព្រមទាំងសម្ភារសឹកផ្សេងៗពីទីក្រុងភ្នំពេញទៅទីរួមខេត្តកំពង់ចាមហើយជាញឹកញាប់បានទទួលរងការវាយប្រហារដោយកងទ័ពរំដោះខ្មែរក្រហមពីត្រើយម្ខាងនៃទន្លេមេគង្គ។ នៅឆ្នាំ១៩៧៣ដដែលកងទ័ព រំដោះខ្មែរក្រហមវាយរំដោះបានពាក់កណ្ដាលទីរួមខេត្តកំពង់ចាម និងបន្តប្រយុទ្ធជាមួយទាហាន លន់ នល់ ដែលនៅសេសសល់ម្ដុំសាលាខេត្ត។

នៅឆ្នាំ១៩៧៤ ខ្ញុំត្រឡបមករស់នៅភូមិកំណើតជាមួយឪពុកម្ដាយវិញ។ ចន្លោះពីឆ្នាំ១៩៧៤ និងដើមឆ្នាំ១៩៧៥ ខ្ញុំត្រូវកងទ័ពរំដោះខ្មែរក្រហមឲ្យចូលធ្វើការក្នុងកងប្រវាស់ដៃដើម្បីជួយច្រូតស្រូវ និងប្រមូលដំណាំផ្សេងៗ។
នៅឆ្នាំ១៩៧៦ខ្មែរក្រហមចាប់ផ្ដើមបង្កើតសហករណ៍និងចាត់ឲ្យប្រជាជនធ្វើការនៅកងចល័តតាមការដ្ឋានផ្សេងៗ។ ខ្ញុំត្រូវបញ្ជូនឲ្យទៅធ្វើការនៅកងរយដែលមានទិសដៅធ្វើស្រែ និងលើកទំនប់នៅការដ្ឋានឆ្ន័ត្រ។

ខ្ញុំត្រូវក្រោកពីម៉ោង៤ និងត្រូវចូលរួមប្រជុំជួររយៈពេលមួយម៉ោង។ ខ្ញុំចាប់ផ្ដើមធ្វើការពីម៉ោង៦ដល់ម៉ោង១១ព្រឹក។ បន្ទាប់ពីខ្ញុំហូបបបរនៅរោងបាយរួមរួចខ្ញុំត្រូវបន្តធ្វើការចាប់ពីម៉ោង១ដល់ម៉ោង៥រសៀល។ម៉ោង៦ដល់ម៉ោង៧ល្ងាចគឺជាម៉ោងធ្វើការងារ​សង្គមនិយមគឺខ្ញុំនិងសមមិត្តផ្សេងទៀតត្រូវកាប់ដើមទន្ទ្រានខែត្រនិងស្រង់កំប្លោកដើម្បីយកមកធ្វើជី។ខ្ញុំមិនបានដឹងថាម៉ោងសង្គមនិយមនេះយ៉ាងម៉េចទេគឺគ្រាន់តែធ្វើតាមបទបញ្ជារបស់ប្រធានកងក្ដាប់រួមប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងខ្ញុំឲ្យធ្វើជាប្រធានកង «ក»។ នៅកងចល័តរយបុរសត្រូវបានបែងចែកជា៣កង ៖ ទី១) គឺកង «ក» មានចំនួន១០កង ហើយក្នុងមួយកងៗមានសមមិត្តចំនួន១០នាក់។ ខ្ញុំគឺជាប្រធានកង «ក» ម្នាក់ក្នុងចំណោមប្រធាន​កង«ក»សរុបចំនួន១០នាក់។ទី២)គឺកង«ខ»មានចំនួនបីកងហើយក្នុងមួយកងមានសមមិត្តចំនួន៣០នាក់។ កង «ខ» គឺគ្រប់គ្រងលើកង «ក»។ ទី៣) គឺកង «គ» ដែលក្ដាប់រួមកង «ខ» ។

ប្រធានឈ្មោះមិត្ត ឆាត និងអនុប្រធានឈ្មោះមិត្ត ប៊ីន។ នៅក្នុងការដ្ឋានឆ្ន័ត្រខ្ញុំនៅចងចាំអំពីព្រឹត្តិការណ៍សំខាន់ៗចំនួនបី ​មុនការមកដល់កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី នៅចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ ដែលធ្វើការចាប់ខ្លួននិងសម្លាប់កម្មាភិបាលមូលដ្ឋាន។

ព្រឹត្តិការណ៍ទី១) គឺការទៅទទួលប្រធានតំបន់២២ឈ្មោះមិត្តស៊ឹមនៅឆ្នាំ១៩៧៦។បន្ទាប់ពីទទួលប្រធានតំបន់២២រួចរាល់ ខ្ញុំត្រូវទៅធ្វើការវិញ។ ព្រឹត្តិការណ៍ទី២) គឺការទៅកាប់ដូងឲ្យមេការចិននៅរោងចក្រចម្ការកៅស៊ូពាមជាំង។ នៅព្រឹកមួយក្នុងឆ្នាំ១៩៧៦ កង «ក»របស់ខ្ញុំត្រូវបានបញ្ជាឲ្យបេះផ្លែដូងជាច្រើននិងដឹកមួយឡានធំចេញពីការដ្ឋានទៅរោងចក្រចម្ការកៅស៊ូពាមជាំង។ពេលទៅដល់រោងចក្រខ្ញុំបានដឹកនាំសមមិត្តឲ្យកាប់ដូងដើម្បីយកឲ្យមេការចិនដែលកំពុងធ្វើការនៅរោងចក្រចម្ការកៅស៊ូ។នៅពេលនោះខ្ញុំឃើញមានមេការចិនប្រុសស្រីប្រមាណ២០ទៅ៣០នាក់ ក្នុងសម្លៀកបំពាក់ខោខ្មៅអាវខ្មៅដូចខ្ញុំ បានដើរមក​យកដូងផឹក។ ខ្ញុំក៏បានឲ្យដូងទៅមេការចិន។មេការចិននោះបានងក់ក្បាលដើម្បីបង្ហាញការអរគុណ។ខ្ញុំឮមេការចិននិយាយគ្នាថាចូលចិត្តហូបទឹកដូងដោយមានអ្នកបកប្រែភាសាម្នាក់នៅទីនោះផង។ បន្ទាប់ពី មេការចិនផឹកទឹកដូងរួច ខ្ញុំនិងកង «ក» ត្រូវអង្គការដឹកមកការដ្ឋានវិញ។

ព្រឹត្តិការណ៍ទី៣) គឺការទៅលើកដីនៅស្ថានីយ៍ស្ដុកទុកទឹកទួលទម្លាប់ស្ថិតនៅស្រុកអូររាំងឪ។ខ្ញុំត្រូវបានបញ្ជូន ទៅធ្វើការនៅការដ្ឋានទួលទម្លាប់ដើម្បីជីកស្រះ និងលើកដីទប់មាត់ស្រះប្រវែង១០០ម៉ែត្រ។ ក្នុងអំឡុងពេលនោះ ខ្ញុំក៏បានឃើញអ្នកជំនាញចិនមួយក្រុមទៀតដែលភាគច្រើនស្លៀកខោខ្លីនិងពាក់ស្បែកជើងខ្លុបចូលមកពិនិត្យដំណើរការម៉ាស៊ីនបូមទឹកធំៗនៅក្នុងរោង។ អ្នកជំនាញការចិនក៏បានចុះមកមើលកន្លែងខ្ញុំកំពុងជីកដីដែរ។

នៅពេលរសៀលបន្តិចអ្នកជំនាញការចិនទាំងនោះត្រូវបានខ្មែរក្រហមដឹកត្រឡប់ទៅវិញព្រោះមិនមានកន្លែងស្នាក់នៅ គឺមាន​តែកងធារាសាស្រ្តយាមកន្លែងប៉ុណ្ណោះ។

អ្នកជំនាញចិនទាំងនេះមកពិនិត្យការដ្ឋានបានតែពីរថ្ងៃតែប៉ុណ្ណោះ។ចំណែកការដ្ឋានស្ថានីយស្ដុកទុកទឹកនេះបានបញ្ចប់ការសាសង់ក្នុងរយៈពេលតែបីខែ។ បន្ទាប់មក ខ្ញុំត្រូវបានបញ្ជូនមកធ្វើការនៅការដ្ឋានឆ្ន័ត្រវិញ។ខ្ញុំបន្តធ្វើការ នៅការដ្ឋាននេះរហូតដល់ពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចូលមករំដោះប្រជាជនចេញពីខ្មែរក្រហម ទើបខ្ញុំវិលត្រឡប់មករស់នៅជួបជុំគ្រួសារវិញ៕សរន