​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ សារព័ត៌មាន​ក្យូ​ដូជ​ប៉ុនបាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា តុលាការ​មួយ​នៅ​មី​យ៉ាន់​ម៉ា​បាន​កាត់ទោស​អ្នក​ផលិត​ភាពយន្ត​ឯកសារ​ជប៉ុន​ម្នាក់​អោយ​ជាប់គុក​១០​ឆ្នាំ​ដោយ​សារ​រំលោភ​ច្បាប់​បះបោរ​ប្រឆាំង​និង​ទូរគមនាគមន៍​។​

​លោក​តូ​រុ គូ​បូ​តា​(Toru Kubota)​អាយុ​២៦​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​កក្កដា​នៅឯ​កន្លែង​តវ៉ា​ប្រឆាំង​មួយ​ក្នុង​ទីក្រុង​យ៉ាងហ្គោន​។​ពេលនោះ គេ​ថា​លោក​ប្រឈម​ការចោទប្រកាន់​ពី​បទ​រំលោភ​​ច្បាប់​អន្តោប្រវេសន៍​និង​លើកទឹកចិត្ត​ក្រុមប្រឆាំង​អោយ​បះបោរ​ប្រឆាំងនឹង​ក្រុម​យោធា​កាន់អំណាច​។​

​កាលពី​ថ្ងៃ​ពុធ លោក គូ​បូ​តា ត្រូវការ​កាត់ទោស​អោយ​ជាប់គុក​បី​ឆ្នាំ​ចំពោះ​ការបះបោរ​ប្រឆាំង​និង​ប្រាំ​ឆ្នាំ​ចំពោះ​ការរំលោភច្បាប់​ទូរគមនាគមន៍​អេឡិចត្រូនិច នេះ​បើ​តាម​សារព័ត៌មាន​ក្យូ​ដូ​ដែល​រាយ​ការ​​ណ៍​យោងតាម​ប្រភពព័ត៌មាន​ដែល​ដឹង​រឿង​នេះ​។​

​រូប​លោក​តូ​រុ គូ​បូ​តា​ត្រូវបាន​បង្ហាញ​ក្នុងអំឡុង​សន្និសីទកាសែត​មួយ​រៀបចំ​ធ្វើឡើង​ដោយ​មិត្ត​ភ័ក្តិ​កាលពី​ថ្ងៃ​៣​សីហា

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​មិនអាច​សុំ​ការបញ្ជាក់​របាយការណ៍​បាន​នៅឡើយ​នៅពេល​អ្នកនាំពាក្យ​រដ្ឋាភិបាល​យោធា​មិន​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​។​

​សូមបញ្ជាក់​ថា មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​វដ្ត​នៃ​អំពើហិង្សា​ចាប់តាំងពី​យោធា​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ឆ្នាំមុន ចាប់ខ្លួន​និង​សម្លាប់​អ្នក​ប្រឆាំង​តវ៉ា​នឹង​ខ្លួន​រាប់ពាន់នាក់​។​

​រដ្ឋាភិបាល​ជប៉ុន​បាន​អំពាវនាវ​អោយ​ដោះលែង​លោក គុ​បូតា​។ រំលឹកថា អ្នកកាសែត​ជប៉ុន​ម្នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​កាលពី​ឆ្នាំមុន​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅក្នុង​ការរាយការណ៍​​អំពី​ព្រឹត្តិ​ការប្រឆាំង​តវ៉ា​ក្រោយ​រដ្ឋប្រហារ​។​បុរស​នេះ​ក្រោយមក​ត្រូវបាន​ដោះលែង ដោយ​របប​យោធា​អះអាង​ថា​ការដោះលែង​នោះ​ដើម្បី​ទទួលស្គាល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​៕