ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ថ្ងៃ​ពុធ​ទី​៥​តុលា​បានប្រកាសថា​ខ្លួន​នឹង​ផ្តល់​ជំនួយ​ចំនួន ២,៥ ពាន់​លាន​ដុល្លារ​ដល់​ប៉ា​គី​ស្ថាន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ជា​កន្លែង​ដែល​ទឹកជំនន់​បង្ក​ដោយ​បម្រែបម្រួល​អាកាសធាតុ បាន​សម្លាប់​មនុស្ស​ជិត ១.៧០០ នាក់ ចាប់តាំងពី​ពាក់កណ្តាល​ខែ​មិថុនា​។​

​វា​នឹង​ក្លាយ​ជា​ជំនួយ​ដ៏​ធំ​បំផុត​ដល់​ប្រទេស​ក្រីក្រ​មួយ​នេះ​មក​ទល់​ពេល​នេះ បន្ទាប់​ពី​ធនាគារពិភពលោក​កាលពី​ខែ​មុន​បាន​សន្យា​ផ្តល់​ជំនួយ​ចំនួន​២​ពាន់​លាន​ដុល្លារ​។​

​ក្រសួង​ហិរញ្ញវត្ថុ​ប៉ា​គី​ស្ថាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាយក ADB ប្រចាំ​ប្រទេស លោក យ៉ុង យ៉េ (Yong Ye)​បាន​ប្រកាស​អំពី​កញ្ចប់​ជំនួយ​នេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​​ហិរញ្ញវត្ថុ​ប៉ា​គី​ស្ថាន​ដែល​ទើប​តែងតាំង​ថ្មី ។​

​ក្រសួង​និយាយថា លោក​យ៉េ​បានសម្តែង​ការអាណិតអាសូ​រ​ចំពោះ​ការខូចខាត​និង​ការស្លាប់​ដែល​បណ្តាល​មក​ពី​ទឹកជំនន់ ដែល​ទាក់ទង​នឹង​ខ្យល់មូសុង​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា លោក​ដា​កោតសរសើរ​ចំពោះ​តួនាទី​និង​ការគាំទ្រ​របស់ ADB ក្នុង​ការលើកកម្ពស់​កា​រ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ហើយ​លោក​បាន​ជម្រាប​​ជូន​លោក​យ៉េ​អំពី​ការបំផ្លិចបំផ្លាញ​ដែល​បណ្តាល​មក​ពី​ទឹកជំនន់ និង​ផលប៉ះពាល់​របស់​ជំនន់​ទៅលើ​សេដ្ឋកិច្ច​របស់​ប៉ា​គី​ស្ថាន​។​

​ប្រទេស​ប៉ា​គី​ស្ថាន​និយាយថា ទឹកជំនន់​បំបែក​ឯតទគ្គ​កម្មនេះ​បាន​បង្ក​ការខូចខាត​យ៉ាងហោចណាស់ ៣០ ពាន់​លាន​ដុល្លារ​៕

​ក្មេងៗ​កំពុង​លេង​នៅ​ខាងក្រៅ​តង់​របស់​ពួកគេ​នៅ​ជំរំ​សង្គ្រោះ​មួយ​ក្នុងស្រុក​ចា​ហ្វ​ហ្វា​រ៉ា​បាដ ក្នុង​ខេត្ត​បា​លូ​គី​ស្ថាន ភាគ​និរតី​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ ២០២២​