ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ គិតត្រឹមដើមខែតុលានេះ នៅខេត្តបន្ទាយមានជ័យ បានរងនូវផលប៉ះពាល់ ដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀង បង្កឱ្យស្លាប់មនុស្ស ចំនួន ១៤ នាក់ ផ្ទះកើនដល់ចំនួន ៩.២១៨ ខ្នង មនុស្សរាយ ៤០.៦៣៧ នាក់ និងដំណាំស្រូវ ជិត ៣ ម៉ឺនហិកតា ប៉ុន្តែក្នុងនោះ ទើបខូចខាតតែត្រឹម ៣ ហិកតាប៉ុណ្ណោះ ។ នេះបើតាមលោក ឈុន ប៊ូនថា ប្រធានទីចាត់ការអន្តរវិស័យ និងជាលេខាគណ:កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ។

លោក ឈុន ប៊ូនថា បានបញ្ជាក់ថាៈ ក្នុងចំនួនផ្ទះ ៩.២១៨ ខ្នង ដែលបានលិចលង់ ដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀង នាំឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ (មនុស្សរាយ) ចំនួន ៤០.៦៣៧ នាក់ ហើយបានត្រូវជម្លៀស ទៅកាន់ទីទួល សុវត្ថិភាព ចំនួន ៥៤៧ គ្រួសារ មនុស្សរាយ ២.២៣២ នាក់ / ស្រី ១.១២១ នាក់ ។
ឯហេដ្ឋារចនាសម្ព័ន្ធរងគ្រោះ មានសាលារៀន ៥៩ កន្លែង ប៉ះពាល់ចំនួន ១៦.០៣៣ នាក់ ផ្អាកដំណើរការបង្រៀន និងរៀន ចំនួន ៣៧ កន្លែង វត្តអារាម ១៧ វត្ត មណ្ឌលសុខភាព ៣ កន្លែង និងទឹកហូរកាត់ផ្លូវចំនួន ៤៦៣ ខ្សែ សរុប ២៩៣.៣១៥ មែត្រ។ ចំណែកដំណាំស្រូវ ២៩.៨៨៥ ហិកតា ខូចខាត ៣ ហិកតា ដំឡូងមី ២.០៨១ ហិកតា ដំណាំរួមផ្សំ ១២០ ហិកតា ៕ V / N