ដោយ: ភ្នំខៀវ / បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបង ចាប់ផ្តើមរៀបចំតាំងពិព័រណ៍ដាក់លក់ ផលិតផលភូមិមួយ ផលិតមួយ និងទំនិញពីក្រៅប្រទេស អបអរសាទរពិធីបុណ្យអុំទូក ថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ​។

ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចប្រារព្ធពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ប្រចាំឆ្នាំ ត្រង់ទីប្រជុំជនក្រុង នៅតាមបណ្តោយដងស្ទឹងសង្កែ មានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។

ដើម្បីចូលរួមអបអរសាទរ ពិធីដ៏អធិកអធម ជាប្រវត្តិសាស្ត្រនេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឡើងនូវពិធីតាំងពិព័រណ៍ដ៏ធំមួយ មិនធ្លាប់មានដែលមានស្តង់រហូតដល់រាប់រយស្តង់ ប្រយោជន៍តាំងបង្ហាញ និងលើកកម្ពស់ផលិតផលនានាក្នុងស្រុក និងទំនិញបទេសជាច្រើន មុខ ដែលចាប់ផ្តើមដំណើរការ ចាប់តាំងពីថ្ងៃទី៥ ខែតុលា កន្លងមក ។

ផលិតផល ឬទំនិញផ្សេងៗជាច្រើនមុខ ដែលក្រុមអាជីវករខ្មែរ ថៃ ដាក់តាំងបង្ហាញ និងដាក់លក់ រួមមាន: ចំណី ម្ហូបអាហារ ភេសជ្ជ:ផលិតពីផ្លែឈើធម្មជាតិ កម្រងសៀវភៅ អក្សរសាស្ត្រខ្មែរ សៀវភៅចងក្រងរឿងប្រវត្តិសាស្ត្ររបស់ខ្មែរជាច្រើន ។ ក្រៅពីនេះ ក៏មានផលិតផលក្រៅប្រទេស មួយចំនួនទៀត ចូលរួមដោយក្រុមអាជីវករ ជនជាតិថៃ មានដូចជា គ្រឿងឧបភោគបរិភោគ គ្រឿងសំអាង សម្ភារ:ផ្ទះជាដើម។

ពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ក្នុងខេត្តបាត់ដំបង ឆ្នាំនេះ គណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិ បានរៀបចំរបៀបរៀបរយ តុបតែងភ្លើងពណ៌ និងកម្មវិធីកម្សាន្តផ្សេងៗ ជាច្រើនទៀត ប្រកបដោយភាពអធិកអធមក្រៃលែង ជាការរម្លឹកគុណដល់មេទ័ពបុព្វបុរសខ្មែរ ព្រមទាំងព្រះគង្គា ដែលបានផ្តល់នូវដីល្បាប់យ៉ាងមានជីវជាតិ ល្អប្រសើរ សម្រាប់ការដាំដុះ ដំណាំនានា របស់ប្រជាកសិករខ្មែរ រស់នៅតាមបណ្តោយដងស្ទឹង និងទន្លេ៕/V-PC