ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សា រាជធានីភ្នំពេញ បានធ្វើឡើងនៅក្នុងផ្សាររុងរឿង (OCIC) សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី៦ តុលា នេះ ប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាការឡើងថ្លៃសំរាម ការសុំតបណ្តាញទឹកស្អាត ការសុំដោះស្រាយបញ្ហាបើកផ្លូវសាធារណៈ និងការលើកឡើង ជំរុញឱ្យអាជ្ញាធរ លុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀន ជាដើម ។

វេទិកានេះ បានធ្វើឡើង ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋ បានលើកឡើងពីកង្វល់របស់ខ្លួនជាច្រើន មានទាំង បញ្ហាការឡើងថ្លៃសំរាម ពី ៤.០០០ រៀល មក ១ ម៉ឺនរៀល ការសុំតបណ្តាញទឹកស្អាត នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ការសុំដោះស្រាយបញ្ហាបើកផ្លូវសាធារណៈ និងការលើកឡើងជំរុញឱ្យអាជ្ញាធរ លុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀន និងសូមជួយដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង នៅតំបន់មួយចំនួន នៅក្នុងខណ្ឌជ្រោយចង្វា។

ប្រជាពលរដ្ឋ បានលើកឡើងថាៈ ចំពោះចំណាត់ការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ លើការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ត្រូវបានប្រជាពលរដ្ឋ សាទរយ៉ាងពេញទំហឹង និងជំរុញឱ្យបន្តបង្ក្រាប ឱ្យទទួលបានជោគជ័យ បន្ថែមទៀត។

លោក ឃ្លាំង ហួត អភិបាលរងរាជធានី បានមានប្រសាសន៍ថាៈ ជុំវិញបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ មិនបានព្រងើយកន្តើយឡើយ គឺបានដោះស្រាយ ជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋ រួមទាំងចំណាត់ការបន្ទាន់ និងការដាក់ផែនការ ដើម្បីរំដោះការលិចលង់នេះ។

លោក បានបញ្ជាក់ថាៈ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ តុលានេះ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ ចំនួន ១៣ នាក់ ស្មើនឹង ១៦ បញ្ហា និងសំណើ សំណួរ សំណូមពរ ក្នុងប្រអប់សំបុត្រ ចំនួន ១៦ បញ្ហា។

លោកបានបន្តថាៈ រាល់បញ្ហាដែលបានលើកឡើង ផ្ទាល់មាត់របស់បងប្អូន យើងសន្យាដោះ ស្រាយជូនភ្លាម។ ចំពោះអ្វីដែលយើងដោះស្រាយមិនទាន់បាន យើងនឹងសុំគោលការណ៍ ដោះស្រាយ នៅពេលក្រោយទៀត។

លោក បានបន្តទៀតថា់ រាល់មតិយោបល់ និងការលើក ឡើងនូវសំណើ សំណួរ សំណូមពរ របស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានី ភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានា របស់ខ្លួន ពេលកន្លងមក ដើម្បីធ្វើការកែលម្អ ឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូន ប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាល សាធារណៈ។

ចំណែកលោក ម៉ប់ សារិន បានលើកឡើងថាៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ មានដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ បានដឹងឮ និងរកយន្តការដោះស្រាយជូន តែក្នុងរយៈពេល ២ ឆ្នាំជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជ ធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕ V / N