ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២២ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី ម៉ាយឃើល ចាន់ (Michelle Chan) លេខាធិការរងទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងដៃគូសាកល នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ដើម្បីពិភាក្សាការងារសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ ពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

លោករដ្ឋលេខាធិការ បានពិភាក្សាពីពាណិជ្ជកម្មទ្វេភាគី ពី ការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade Negotiations) និងការគាំទ្រដល់ការការអនុវត្តកិច្ចព្រមព្រៀងអាសិប (RCEP) ជាដើម។

លោក រដ្ឋលេខាធិការ ក៏បានផ្លាស់ប្តូរយោបល់ លើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្រ្តាលី ពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែងនិងការការពារអ្នកប្រើប្រាស់ រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលី (ACCC) រួមមាន ភាពជាដៃគូក្នុងកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្ត្រាលី (CACPP) ដែលទើបប្រកាសជាផ្លូវការ កាលពីខែកញ្ញា កន្លងទៅ។

ជាការឆ្លើយតប លោកស្រីបានថ្លែងអំណរគុណ នូវការផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អរវាងក្រសួងពាណិជ្ជកម្មនិងភាគីអូស្ត្រាលី នាពេលកន្លងមក ហើយលោកស្រីបានជំរុញឱ្យបន្តកិច្ចសហប្រតិបត្តិការនេះ ឱ្យមានការរីកចម្រើនបន្ថែមទៀត ដែលក្នុងនោះ លោកស្រីបានជំរុញឱ្យក្រសួងពាណិជ្ជកម្ម លើកគម្រោងស្នើសុំជំនួយបច្ចេកទេស ក្រោមកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការកសាងសមត្ថភាពមន្ត្រីនិងការពង្រឹងស្ថាប័ន ដែលស្ថិតនៅក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពាណិជ្ជកម្មតំបន់ ដែលមានទឹកប្រាក់សរុប ៤៦លានដុល្លារអូស្ត្រាលី។ ជាមួយគ្នានេះដែរ លោក រដ្ឋលេខាធិការ បានជម្រាបជូនអំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់លើកទី២៧ និងកិច្ចប្រជុំរដ្ឋមន្ត្រីអាសិបលើកទី១ ដែលក្នុងនោះ ភាគីទាំងពីរបានបន្តពិភាក្សាអំពីជំហានបន្ទាប់ ក្នុងការសម្រេចបញ្ចប់ការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងAANZFTA ក្នុងឆ្នាំ២០២២ ក៏ដូចជាការប្តេជ្ញាចិត្ត ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបឱ្យបានពេញលេញ។ ទន្ទឹមនឹងនេះ លោកជំទាវបានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគី ក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងAANZFTA ដែលជាសមិទ្ធផលអាទិភាពមួយរបស់កម្ពុជា ក៏ដូចជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ក្នុងឆ្នាំ២០២២។ ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្រ្តាលី ដើម្បីជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕