ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ០៥ ខែ តុលា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមលក្ខណៈចូលរួមនៅក្នុងពិធីសម្ភោធ និងការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement – CEPA) រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធប្រមាណ ៦៥ រូប។

លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំអំពីទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាអត្ថប្រយោជន៍ និងកាលានុវត្តន៍ភាពសម្រាប់វិស័យសំខាន់ៗទាំងនេះ នៃកិច្ចព្រមព្រៀង CEPA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សំដៅពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិនិយោគ និងពាណិជ្ជកម្ម ឌីជីថលូបនីយកម្ម និងវិស័យសំខាន់ៗផ្សេងទៀត ឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះដែរ អង្គប្រជុំក៏បានចែករំលែក និងផ្លាស់ប្តូរជូនគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនានាក្នងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី ដើម្បីជាធាតុចូលសម្រាប់ក្រុមការងារជំនាញតាមក្រសួង-ស្ថាប័ននីមួយៗ អាចយកទៅអនុវត្តក្នុងការពិនិត្យលទ្ធភាពចរចាបង្កើតកិច្ចព្រមព្រៀង CEPA នាពេលខាងមុខ។

លោកស្រីរដ្ឋលេខាធិការ ក៏បានជំរុញឱ្យក្រុមការងារជំនាញតាមក្រសួង-ស្ថាប័ននីមួយៗ បន្តធ្វើការសិក្សាស្រាវជ្រាវឱ្យបានលម្អិតអំពីកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច, បញ្ហាប្រឈម និងយុទ្ធសាស្រ្តនានា ក្នុងការទាញយកអត្ថប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាក់ព័ន្ធ ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀង CEPA នេះ ព្រមទាំងរៀបចំផែនការក្នុងដំណើរការចរចាឱ្យបានគ្រប់ជ្រុងជ្រោយ។

អង្គប្រជុំបានបង្ហាញនូវសុទិដ្ឋិនិយម លើអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលអាចទទួលបានពីការបង្កើតកិច្ចព្រមព្រៀង និងចាប់ផ្តើមការចរចាកិច្ចព្រមព្រៀង CEPA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនេះ សំដៅបន្តធ្វើពិពិធកម្មទីផ្សារ, បង្កើតកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ និងទាក់ទាញការវិនិយោគផ្ទាល់បរទេស ឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងបុព្វហេតុបន្តលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព៕