ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក បានផ្ដល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩៧២ ប័ណ្ណ ក្នុងចំណោមក្បាលដី ចំនួន ១.០១៣ ជូនប្រជាពលរដ្ឋ នៅឃុំសាលាវិស័យ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ក្នុងពិធីនោះ លោក គង់ គេង អភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានលើកឡើងថាៈ វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុនេះ ជាប្រភេទប័ណ្ណថ្មី សម្រាប់ស្កេនស្វែងរក ទិន្នន័យវិញ្ញាបនបត្រ សម្គាល់ ម្ចាស់អចលនវត្ថុ នៅលើប្រព័ន្ធគ្រប់គ្រងរបស់ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ជាអាយុជីវិតរបស់យើង ពិតជាមានតម្លៃណាស់ ដែលជាទ្រព្យសម្បត្តិកម្មសិទ្ធិរបស់ យើង។ សូមរក្សាទុកដាក់ឱ្យបានល្អ សូមកុំលក់ដូរ ត្រូវចេះប្រមូលផលពីដីធ្លីរបស់យើង ទៅតាមរដូវកាលនៃការបង្កបង្កើនផល ពីព្រោះដីមិនអាចកើតឡើងទេ ប៉ុន្តែមនុស្ស អាចកើតបាន ជារៀងរាល់ថ្ងៃ គឺទុកសំរាប់ ចែកជូនកូនចៅយើងជំនាន់ក្រោយ។

លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានសូមកោតសរសើរខ្ពស់ អំពីកិច្ចសហប្រតិបត្តិការ រវាងលោកប្រធានសូរិយោដី និងមន្ត្រីសូរិយោដីទាំងអស់ ដែលបានខិតខំបំពេញតួទី ភារកិច្ច ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនបងប្អូន នៅក្នុងឃុំសាលាវិស័យ បានជំនួន ៦ ភូមិ ដោយមិនគិតអំពីផលលំបាក ដូចជារដូវភ្លៀង រដូវទឹកជំនន់ អំឡុងកូវីដ-១៩ កំពុងតែផ្ទុះ ពិសេសពាក់ព័ន្ធនឹងការប្រមូលទិន្នន័យ និងឯកសារផ្សេងៗ ដែលជាផលលំបាក ដោយប្រជាពលរដ្ឋមួយចំនួន មិនយល់ច្បាស់ អំពីការចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ បងប្អូនម្ចាស់ដីមួយចំនួន នៅស្រុកឆ្ងាយ និងបងប្អូន ក្នុងមូលដ្ឋានមួយចំនួន បានធ្វើចំណាកស្រុក ៕/V