​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​រដូវ​ទឹកទន្លេ កំពុង​ហក់​ឡើង​នេះ គំនរ​សំរាម ដែល​គេ​បោះចោល បាន​អណ្ដែត​ឡើង​ពាសពេញ តាម​មាត់ច្រាំង និង​ក្នុង​ដង​ទន្លេ ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន ហើយ​បើ​ឃើញ​ស្ថានភាព​បែបនេះ មិនដឹងថា ភ្ញៀវទេសចរ ឆ្លងកាត់ ឬ​ជិះទូក​លេង​កម្សាន្ត មក​ចត​ច្រាំងទន្លេ ខាងមុខ​ដើម​ពោធិ រិះគន់​យ៉ាងណាទេ ។​

​ដោយ​មើលឃើញ​ស្ថានភាព​បែបនេះ លោក គុយ ចន្ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត បានឱ្យដឹង នៅ​រសៀល ថ្ងៃទី​៦ តុលា ២០២២ នេះ​ថាៈ លោក​បាន​ដឹកនាំ​ក្រុមការងារ ប្រមាណ​ជា ៣០ នាក់ ចុះទៅ​ប្រមូល​សម្រាម ដែល​អណ្តែត​ក្នុង​ទន្លេ និង​តាម​ច្រាំងទន្លេ បង្កដោយ​បរិស្ថាន មិន​ស្អាត នៅ​ក្រុង​កំពង់ឆ្នាំង​។​

​លោក គុយ ចន្ថា បានបញ្ជាក់​ថាៈ សម្រាម​ដែល​ប្រមូលបាន​តាម​មាត់ទន្លេ ព្រឹក​មិញ​នេះ មាន​ចំនួន​១ តោន ដឹក​ចេញ​តាម​រថយន្ត​យកទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​រួចហើយ​។
​លោក​បាន​បញ្ជាក់ទៀតថាៈ នៅ​ល្ងាច​នេះ ក្រុមការងារ​របស់លោក នឹង​បន្ត​ដើរ​ប្រមូល​សំរាម ទាំងនេះ យកចេញ​ឲ្យ​អស់ តាម​មាត់ទន្លេ ដើម្បី​ធានា​រក្សា​សោភ័ណភាព និង​បរិស្ថាន​ល្អ សម្រាប់​ភ្ញៀវទេសចរ មកលេង​កម្សាន្ត ក្នុង​រដូវ​ទឹកទន្លេ​ឡើង ពិសេស​បុណ្យអុំទូក នៅ​ខែវិច្ឆិកា ខាងមុខនេះ អាជ្ញាធរ​ក្រុង​ខេត្ត កំពុង​តែមាន​ញឹក​បំពេញការងារ​ទាំងអស់ ដើម្បី​ទីក្រុង​ស្អាត រមណីយដ្ឋាន​ល្អ ទេសចរណ៍​មកលេង​កម្សាន្ត យ៉ាងច្រើន ហើយ​ក៏មាន​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ នៅក្នុង​ទីក្រុង​កំពង់ឆ្នាំង នា​មាត់ទន្លេ​ផ្សារ​ក្រោម​នេះ​។​

​លោក ហ៊ីង ភ័ព​មិនា អភិបាលក្រុង​កំពង់ឆ្នាំង ដែល​ទើប​ឡើង​ថ្មី បានបញ្ជាក់​ឲ្យ​ដឹង តាម​ទូរ​សព្ទ​ថាៈ កិច្ចការ​ទាំងអស់នេះ លោក​នឹង​ហៅ​អ្នកពាក់ព័ន្ធ​ទាំងអស់ មក​ចូលរួម ដើម្បី​ផ្សព្វផ្សាយ ពាក់ព័ន្ធ​នឹង​គំនរ​សំរាម មានដូចជា ម្ចាស់​ផ្សារ ម្ចាស់​កំពង់ផែ កំពង់ផែ យឿ​ត្រី ម្វា​ស់​បេន​រថយន្ត និង​អ្នកផ្សេងៗ ដើម្បី​មាន​វិធានការ​បន្ទាន់ ពាក់ព័ន្ធ​នឹង​ការបោះ ចោល​សម្រាម ផ្ដេសផ្ដាស តាម​ដង​ទន្លេ ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន នៅក្នុង​ទឹក ។​

​លោក​អភិបាលក្រុង​កំពង់ឆ្នាំង ក៏​បញ្ជាក់​ឲ្យ​ដឹង​បន្ថែមទៀតថាៈ នៅ​ព្រឹក​មិញ​នេះ លោក និង​លោកនាយក​សាលាបឋមសិក្សា​គំរូ​ក្រុង បាន​ដឹកនាំ​កម្លាំង​សិស្សានុសិស្ស ចំនួន ៩០០ នាក់ សហការ​ជាមួយនឹង​ក្រុមហ៊ុន​ដឹក​សំរាម ខៀវ​ដា​រី តំណាង​ដោយ​លោក ភាព ធ្វើការ​សំអាត​ជុំវិញ​បរិវេណ​ខាងក្រៅ របង​សាលាបឋមសិក្សា​គំរូ​ក្រុង ចំនួន ២ កន្លែង ប្រវែង ៥០០ ម៉ែត្រ ហើយ​លោក​បាន​ផ្ដោត​ថា កិច្ចការ​ទាំងអស់ ដែល​កំពុង​ធ្វើ​សព្វថ្ងៃ គឺ​ដើម្បី​ត្រៀម ដល់​ខែវិច្ឆិកា ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក អកអំបុក​សំពះ​ព្រះ​ខែ ដែល​ត្រូវធ្វើឡើង នៅក្នុង​ក្រុង​កំពង់ឆ្នាំង​នេះ​៕/V​.mara