​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖​ក្រុម​អ្នកជំនាញ​ផ្នែក​គ្រឿងផ្ទុះ​របស់​ប៉ូលិស​នៅក្នុង​ប្រទេស​ជប៉ុន​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ​នៃ​កាបូបយួរ​សង្ស័យ​មួយ​នៅក្នុង​ចំណតរថយន្ត​​មួយ​ក្នុង​សប្តាហ៍​នេះ ដែល​ចុងក្រោយ​បែរជា​រក​ឃើញ​តែ​ឧបករណ៍​សិច​បោះចោល​នៅ​ខាងក្នុង​។​

​អ្នកនាំពាក្យ​របស់​កង​កម្លាំង​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប៉ូលិស​នៅ​ទីក្រុង​កាកេ​ហ្គា​វ៉ា (Kakegawa) ភាគ​កណ្តាល​ប្រទេស​ជប៉ុន​បាន​ទទួល​ការហៅ​ទូរស័ព្ទ​​មួយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​តុលា អំពី​កាបូបយួរ​ពណ៌​ទឹកប្រាក់​ដែល​គ្មាន​អ្នក​មក​ទទួល នៅក្នុង​ចំណត​រថយន្ត​នៃ​ទី​បញ្ចុះសព​របស់​ក្រុង​។​

​ក្រុម​ជំនាញ​ខាង​គ្រាប់បែក​ក្នុង​តំបន់​ត្រូវបាន​បញ្ជូន ខណៈ​មន្ត្រី​បាន​បិទផ្លូវ​ក្នុង​ចម្ងាយ​ប្រហែល ៣០០ ម៉ែត្រ​ជុំវិញ​កាបូបយួរ​នេះ​អស់​រយៈពេល​ជាង​បី​ម៉ោង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ដើម្បី​ផ្តិត​យក​រូបភាព​ការងារ​ដ៏​ផុយស្រួយ​និង​មាន​ហានិភ័យ​របស់​អ្នកជំនាញ​នៅ​កន្លែងកើតហេតុ​។​

​ប៉ុន្តែ​ក្រោយ​ការពិនិត្យ​យ៉ាង​ដិតដល់ ក្រុម​ជំនាញ​បាន​រកឃើញ “​ទំនិញ​សម្រាប់​មនុស្សពេញវ័យ​” នៅ​ខាង​ក្នុង​កាបូបយួរ​នោះ នេះ​បើ​តាម​មន្ត្រី​មួយ​រូប​លើកឡើង​ដូច្នេះ​ដោយ​មិន​បញ្ជាក់​លម្អិត​បន្ថែម​។​

​គាត់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដោយ​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា “​វា​ស្ថិត​នៅ​ចំណត​រថយន្ត​ក្នុង​ទីតាំង​ដាច់ស្រយាល​មួយ​។​វា​ជា​កាបូបយួរ​ធ្វើ​ពី​ដែក​…​វា​ជា​ការតេ​ទូរស័ព្ទ​ទាំង​​តក់ក្រហល់​”​។

​លោក​បាន​បន្តថា “​អ្វីៗ​បាន​ធ្វើ​ទៅ​តាម​ផែនការ ដូច្នេះ​វា​រលូន​” ដោយ​បន្ថែម​ថា ប៉ូលិស​ធូរទ្រូង​ដែល​មិន​រក​ឃើញ​វត្ថុ​គំរាមកំហែង​៕

​ប៉ូលិស​ជប៉ុន​រកឃើញ​ត្រឹមតែ​តុក្កតា​សិច​នៅក្នុង​កាបូបយួរ​ធ្វើ​ពី​ដែក​