ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា៖កម្ពុជាថ្វី ត្បិតតែជាប្រទេសតូចនិងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច,តែកម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបានបង្កើនថវិកាជាតិចំនួន ៣ ដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុនិងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២ ភាគរយនៅត្រឹមឆ្នាំ ២០៣០ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងបែបនេះក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិក្រោមប្រធានបទ«គោលនយោបាយបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរ ភាព »ដែលធ្វើឡើងដោយប្រព័ន្ធអនឡាញនៅរសៀលថ្ងៃទី ៦ខែតុលានេះ ។ សម្តេចតេជោហ៊ុនសែនថ្លែងថា៖កម្ពុជាបានខិតខំបង្កើនការចូលរួមជាលំដាប់ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានសកលរាប់ទាំងការប្រែប្រួលអាកាសធាតុស្របតាមគោលការណ៍«ការទទួលខុសត្រូវរួមប៉ុន្តែកម្រិតផ្សេងគ្នាផ្អែកតាមសមត្ថភាពរៀងៗខ្លួន»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា៖ជាការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុព្រះរាជាណាចក្រកម្ពុជា,ថ្វីត្បិតតែជាប្រទេសតូចនិងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច,កម្ពុជា នៅតែប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់សកលដោយបានបង្កើនថវិកាជាតិចំនួន៣ដងសម្រាប់សកម្ម ភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុនិងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២ភាគរយនៅត្រឹមឆ្នាំ២០៣០ ។ ជាមួយគ្នានេះ,កម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍សម្រាប់រយៈពេល វែងប្រកបដោយអព្យាក្រឹតកាបូនដើម្បីជំរុញសេដ្ឋកិច្ចបៃតងដែលធន់នឹងអាកាសធាតុ ជាមួយនឹងការបញ្ចេញកាបូនតិចផងដែរ ។

សម្តេចបន្តថា៖កម្ពុជាក៏បានកំណត់ផងដែរការអភិវឌ្ឍបៃតងនិងការទប់ទល់ការប្រែប្រួលអាកាសធាតុជាសមាសភាពដ៏សំខាន់នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជានៅក្រោយវិបត្តិនៃជំងឺកូដ-១៩និងបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់វិនិយោគថ្មីនូវការលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង, សេដ្ឋ កិច្ចចក្រានិងកិច្ចការពារបរិស្ថាន ។

សម្តេចតេជោបានលើកឡើងទៀតថា៖ពិតណាស់, បញ្ហាបរិស្ថានមិនស្គាល់ព្រំដែនប្រទេសឡើយហេតុនេះមានតែកិច្ចសហប្រតិបត្តិការនិងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះទើប អាចដោះស្រាយបញ្ហាប្រឈមបរិស្ថានសកលដោយប្រសិទ្ធភាពនិងជួយសង្គ្រោះភពផែនដីយើងពីគ្រោះមហន្តរាយទាំងឡាយសម្រាប់ជនានុជនរបស់យើងជារៀងដរាបតទៅ។សម្តេច ជឿជាក់ថាយើងទាំងអស់ពិតជាអាចធ្វើបាន។ឧទាហរណ៍ល្អៗជាច្រើននៃសាមគ្គីភាពនិងកិច្ចសហការទាំងនេះដូចជាការអនុវត្តពិធីសារម៉ុងរ៉េអាល់ ដែលបានកាត់បន្ថយ និងឈាន ទៅលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូនបានធ្វើឱ្យសម្តេចមានសង្ឃឹមយ៉ាងមុតមាំថាយើងពិតជាអាចជម្នះនូវរាល់បញ្ហាទាំងនេះជាមួយគ្នាបាន ។

ជាទិសដៅបន្ត, សម្តេចតេជោយល់ថាយើងត្រូវបន្តលើកកិច្ចសហប្រតិបត្តិការនិងសាមគ្គីអន្តរជាតិទាំងទ្វេភាគីនិងពហុភាគីដោយទុកភាពខុសគ្នាផ្នែកប្រព័ន្ធដឹកនាំ, នយោបាយ, វប្បធម៌និងជំនឿសាសនាដោយឡែក។ការគាំទ្រហិរញ្ញវត្ថុនិងការផ្ទេរបច្ចេកវិទ្យាពីប្រទេសអភិវឌ្ឍដល់ប្រទេសកំពុងអភិវឌ្ឍគឺជាប្រការចាំបាច់ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថាន សកលឱ្យកាន់តែសកម្មនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ជាមួយគ្នានេះក៏គួរផ្តោតជាសំខាន់ផងដែរលើការកសាងនិងការធ្វើសមាហរណកម្មធនធានមនុស្សតាមរយៈការចែក រំលែកចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាននិងកម្មវិធីទស្សនកិច្ចសិក្សាជាដើមដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិស្ថានសកល ៕