ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ តាមរបាយការណ៍របស់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោក ដោក ប៊ុនថុន បានឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយជលសាស្ត្រផ្សារក្រោមថ្ងៃទី៦ខែតុលា២០២២ ស្ថានភាពទឹកមានកម្ពស់៩.៥០ម៉ែត្របើធៀបនឹងឆ្នាំ២០២១ទឹកមានកម្ពស់ត្រឹម៧.១៧ម៉ែត្រប៉ុណ្ណោះ។ដោយឡែកស្ថានភាពទឹកភ្លៀងនៅស្រុកចំនួនប្រាំបីមានកម្រិត៤៤មីលីម៉ែត្រ។ចំណែកនៅស្រុកទឹកផុសមកដល់ល្ងាចថ្ងៃនេះនៅតែមិនទាន់រាំងនៅឡើយទេ។

ដោយសារកម្ពស់ទឹកខ្ពស់ជាងឆ្នាំមុនដូចនេះ បានធ្វើឱ្យលិចលង់ភូមិឋានជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំង។ពិសេសតំបន់នៅជាប់ទន្លេសាប។

បើយោងតាមរបាយការរបស់គ្រោះមហន្តរាយខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាសរុបស្ថានភាពទឹកជំនន់គិតត្រឹមថ្ងៃទី៦តុលាសរុបមានប្រាំមួយឃុំស្មើនឹង១២ភូមិ។សរុបអ្នករងផលប៉ះពាល់៣៣៧គ្រួសារនិងបានជម្លៀសទៅទីទួលសុវត្ថិភាពនិងផ្ទះសាច់ញាតិសរុប ១៩០ គ្រួសារ។

នៅក្នុងហេតុការណ៍នេះមិនមានរងគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋទេ។លោក ស៊ិន សុវណ្ណារិទ្ធអភិបាលខេត្ត កំពង់ឆ្នាំងបានចាត់តាំងកម្លាំងប្រតិបត្តិការនិងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗដោះស្រាយបន្ទាន់ជូនប្រជាពលរដ្ឋ៕សរន / N