ដោយ:មុនីរ័ត្ន/ភ្នំពេញៈ​ លោកញឹក​ ប៊ុនឆៃ​ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងលោកយ៉ែម​ បុញ្ញឫទ្ធិ​ មេដឹកនាំគណបក្សកម្ពុជានិយម នឹងជួបគ្នានៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ​ ដើម្បីពិភាក្សាលម្អិត ស្វែងរកការសម្រេចរួម ឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ ។

ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេសជាតិ និងប្រជាជាតិខ្មែរ តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា១៩៩១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូល នយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្ត យុវជន ស្រ្តី អ្នកតស៊ូដើម្បី បុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោត ជាតិ ឆ្នាំ២០២៣ ខាងមុខ។​ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នៅថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានបានបន្តថា ក្នុងស្មារតីខាងលើនេះ គណបក្សទាំងពីរបានព្រមព្រៀងគ្នា រៀបចំឱ្យមានជំនួបរវាងថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ ដើម្បីពិភាក្សាលម្អិត ស្វែងរកការសម្រេចរួម ឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ ដែលនឹងប្រព្រឹត្ត ទៅនៅ ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ (Sunway Hotel Phnom Penh)។ បន្ទាប់ពីបញ្ចប់នូវកិច្ចពិភាក្សា នឹងមានធ្វើ សន្និសីទសារព័ត៌មាន ដើម្បីប្រកាស ពីលទ្ធផល នៃជំនួបរវាងគណបក្សទាំងពីរ៕​សរន