ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អភិបាល​នៃ​តំបន់​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia) ដែល​កាន់កាប់​ភាគច្រើន​ដោយ​រុស្ស៊ី បាន​និយាយថា​គ្រាប់​រ៉ុក្កែត​រុស្សី​ចំនួន​ប្រាំពីរ​បាន​វាយប្រហារ​ទៅ​​លើ​អគារ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា​មុន​ពេលព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​តុលា ដោយ​សម្លាប់​មនុស្ស​ប្រាំពីរ​នាក់​និង​យ៉ាងហោច​ប្រាំ​នាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន​នៅក្នុង​ទីក្រុង​នៅ​ជិត​រោងចក្រ​​ថាមពលនុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​។​

​ការវាយប្រហារ​នេះ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បានប្រកាសថា យោធា​របស់​ប្រទេស​បាន​ដណ្តើម​យក​ភូមិ​ចំនួន​បី​ទៀត​នៅក្នុង​​តំបន់​មួយ​ក្នុងចំណោម​តំបន់​នានា​ដែល​កាត់​យក​ដោយ​ខុសច្បាប់​ដោយ​រុស្ស៊ី​។​

​ប្រធានាធិបតី​ហ្សេ​លេន​ស្គី​បាន​និយាយ​អំពី​ការវាយប្រហារ​នៅក្នុង​សុន្ទរកថា​ជា​វីដេអូ​ទៅកាន់​កិច្ចប្រជុំ​កំពូល​នៃ​សហគមន៍​នយោបាយ​អឺរ៉ុប​នៅ​ទីក្រុង​ប្រា​ក យ៉ាង​ដូច្នេះ​ថា “​អាក្រក់​បំផុត​។ ព្រៃផ្សៃ​បំផុត​។ មាន​ការបង្ហាញឱ្យឃើញ​រាប់ពាន់​ដង​រួច​មកហើយ​នូវ​អំពើ​អាក្រក់​បែប​នេះ​។ ជា​អកុសល​អាច​នឹង​មានកា​រ​បង្ហាញ​បែបនេះ​រាប់ពាន់​ដង​ទៀត​”​។​

​អភិបាល លោក អូ​ឡេកសាន់​ឌ្រ៍ ស្តា​រូ​ក (Oleksandr Starukh) បាន​សរសេរ​នៅលើ​បណ្តាញ Telegram​របស់​គាត់​ថា មនុស្ស​ជាច្រើន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​អគារ​ច្រើន​ជាន់​មួយ​រួមទាំង​ក្មេងស្រី​​អាយុ​បី​ឆ្នាំ​ម្នាក់ ដែល​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។​

​ខេត្ត​ហ្សា​ផូ​រី​ហ្ស​ហ្សា​គឺជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ចំនួន​បួន​ដែល​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន កាត់​យក​ដោយ​បំពាន​លើ​ច្បាប់​អន្តរជាតិ​កាលពី​ថ្ងៃ​ពុធ​និង​ជា​លំនៅ​របស់​រោងចក្រ​នុយក្លេអ៊ែ​រ​​ដែល​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​រុស្ស៊ី​។ ទីក្រុង​ដែល​មានឈ្មោះ​ដូចគ្នា​នេះ​គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អ៊ុ​យក្រែន​។​

​ប្រធាន​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ត្រូវ​គេ​រំពឹងថា​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​គៀវ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នៅ​រោងចក្រ​ហ្សា​ផូ​រី​ហ្ស​ហ្សា​បន្ទាប់ពីលោក​​ពូ​ទីន​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ពុធ ដែល​ប្រកាស​ថា រុស្ស៊ី​កំពុង​កាន់កាប់​រោងចក្រ​រ៉េ​អា​ក់ទ័រ​ចំនួន​ប្រាំមួយ​។​

​ក្រសួងការបរទេស​អ៊ុយ​ក្រែន​បាន​ហៅ​វា​ថា​ជា​អំពើ​ឧក្រិដ្ឋ ហើយ​និយាយ​ថា ខ្លួន​បាន​ចាត់ទុក​ក្រឹត្យ​របស់​មេដឹកនាំ​រុស្ស៊ី​ជា “​មោឃៈ​” ខណៈ​ប្រតិបត្តិ​ក​រ​នុយក្លេអ៊ែរ​របស់​រដ្ឋ Energoatom បាន​និយាយថា ខ្លួន​នឹង​បន្ត​ដំណើរការ​រោងចក្រ​នេះ​។​

​លោក រ៉ា​ហ្វា​អែល ហ្គ្រោ​សស៊ី (Rafael Grossi) អគ្គនាយក​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ គ្រោង​នឹង​ពិភាក្សា​ជាមួយ​មន្ត្រី​អ៊ុយ​ក្រែន​អំពី​ចំណាត់កា​ររបស់​រុស្ស៊ី​។​លោក​ក៏​នឹង​ពិភាក្សា​ផងដែរ​​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​តំបន់​ការពារ​សុវត្ថិភាព​នៅ​ជុំវិញ​រោងចក្រ​ដែល​រង​ការខូចខាត​នៅក្នុង​ការប្រយុទ្ធ​គ្នា​និង​ឃើញ​បុគ្គលិក​រួមទាំង​នាយក​របស់​ខ្លួន​ត្រូវបាន​ចាប់ពង្រត់​ដោយ​ទាហាន​​រុស្ស៊ី​។​

​លោក​ហ្គ្រោ​សស៊ី​នឹង​ធ្វើដំណើរ​ទៅ​ក្រុង​មូ​ស្គូ​ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី​រុស្ស៊ី​បន្ទាប់ពី​ឈប់​សំចត​នៅ​ទីក្រុង​គៀវ​៕

​បុរស​ម្នាក់​ជិះ​កង់​ឆ្លងកាត់​អគារ​ខូចខាត​នៅក្នុង​ភូមិ Drobysheve ក្បែរ​ក្រុង Lyman ដែល​អ៊ុយ​ក្រែន​ដណ្តើម​បាន​មក​វិញ​