ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ថៃ សន្យាជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា លើផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ឲ្យមានគុណភាព កាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជា ឲ្យមានវិបុលភាព ស្របតាមការរីកចម្រើនរបស់បច្ចេកវិទ្យាពិភពលោក។

ការសន្យាបែបនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម រវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកសាស្ត្រាចារ្យ បណ្ឌិត Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ដោយពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម លើការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា ការធ្វើបច្ចុប្បន្នភាព លើស្ថានភាពកិច្ចសហប្រតិបត្តិការបច្ចុប្បន្នផង នៅទីស្តីការក្រសួងការងារ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ បណ្ឌិត Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ (រូប ក្រសួងអប់រំ)

លោក អ៉ិត សំហេង បានស្វាគមន៍ និងថ្លែងអំណរគុណ ដល់ប្រតិភូក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត (MHESI) ដែលបានមកធ្វើទស្សនកិច្ចសាជាថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណ ដល់ MHESI ដែលនឹងផ្តល់អាហារូបករណ៍ជាក់លាក់ ដល់មន្ត្រី គ្រូបច្ចេកទេស និងនិស្សិត នៅតាមគ្រឹស្ថានអប់រំបណ្តុះបណ្តាល TVET របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកសាស្ត្រាចារ្យ បណ្ឌិត Anek Laothamatas បានមានប្រសាសន៍ថាៈ ប្រទេសទាំងពីរ កម្ពុជា-ថៃ មានវប្បធម៌ ទំនៀមទំលាប់ស្រដៀងគ្នា តាំងពីបុរាណកាលមក។ ដូច្នេះ លោក បានដឹកនាំគណៈប្រតិភូប្រមាណ ៥០ នាក់ មកកាន់កម្ពុជាសារជាថ្មីនេះ មកចងសម្ព័ន្ធភាពជាមួយក្រសួង ស្ថាប័នមួយចំនួនរបស់កម្ពុជា ដើម្បីឲ្យក្រសួងស្ថាប័ន នៃប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំបន្ថែមមួយកម្រិតទៀត។

ជំនួបសម្តែងការគួរសមរវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក បណ្ឌិត លោកសាស្ត្រាចារ្យ Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ (រូប៖ក្រសួងអប់រំ)

ឆ្លៀតក្នុងឱកាសនេះដែរ លោក អ៊ិត សំហេង ក៏បានសំណូមពរឱ្យភាគីថៃ ជួយក្នុងការពង្រឹងប្រព័ន្ធឌីជីថល សម្រាប់អភិបាលកិច្ច និងរដ្ឋបាល TVET, លើកកម្ពស់ការផ្សព្វផ្សាយជំរុញការចុះឈ្មោះចូលរៀន TVET ក៏ដូចជាលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្ត TVET តាមរយេៈការជំរុញឱ្យមានទស្សនកិច្ចសិក្សា រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ បណ្ឌិត Anek Laothamatas ក៏បានស្វាគមន៍ចំពោះការបើកឱ្យមានទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកម្ពុជា នៅវិទ្យាស្ថានល្បីចំនួនបី នៅប្រទេសថៃ ដែលមានជំនាញបណ្តុះបណ្តាល លើផ្នែកវិស្វកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រការវិនិយោគ និងលើកកំពស់សមត្ថភាពឧស្សាហកម្មជាដើម។

លោក អ៊ិត សំហេង បានអរគុណដល់ភាគីថៃ ដែលបានផ្តល់ការគាំទ្រ និងជួយកម្ពុជា លើផ្នែកបណ្តុះបណ្តាលធនធានមនុស្សនេះ ហើយលោកបណ្ឌិត នឹងជ្រើសរើសពេលវេលាសមរម្យណាមួយ ដើម្បីរៀបចំគណៈប្រតិភូ ដែលមានជំនាញ តាក់តែងគោលនយោបាយផ្នែក TVET បានទៅសិក្សាស្វែងយល់បន្ថែមទៀតនៅវិទ្យាស្ថានធំៗទាំងបី តបតាមការអញ្ជើញពីសំណាក់ភាគីថៃ ៕/V

ជំនួបសម្តែងការគួរសមរវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក បណ្ឌិត លោកសាស្ត្រាចារ្យ Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ (រូប៖ក្រសួងអប់រំ)