​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​តុលា​មេដឹកនាំ​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​បាន​សាទរ​រណសិរ្ស​រួបរួម​របស់​ពួកគេ​ប្រឆាំង​នឹង​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​នៅក្នុង​កិច្ចប្រជុំកំពូល​មួយ ដែល​ឃើញ​ប្រមុខ​នៃ​គូសត្រូវ​ចាស់​តួ​ក​គី​និង​អា​មេ​នី​ជួប​ទល់មុខ​គ្នា​លើក​ដំបូង​ចាប់តាំងពី​ពួកគេ​បាន​ព្រមព្រៀង​គ្នា​កាលពី​ឆ្នាំមុន​ដើម្បី​ដាក់​ភាពជូរចត់​រាប់​ទសវត្សរ៍​នៅ​មួយឡែ​កសិន​។​

​កិច្ចប្រជុំ​កំពូល​បើកឆាក​នៃ​សហគមន៍​នយោបាយ​អឺរ៉ុប​បាន​ប្រមូលផ្តុំ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧ ដៃគូ​ពោរពេញ​ដោយ​បំណងប្រាថ្នា​នៅ​តំបន់​បាល់​កង់​និង​អឺរ៉ុប​ខាងកើត​ក៏​ដូចជា​ប្រទេស​​ជិតខាង​ដូចជា​ចក្រភព​អង់គ្លេស ដែល​ជា​ប្រទេស​តែមួយគត់​ចាកចេញ​ពី​សហភាព​អឺរ៉ុប​។​

​រុស្ស៊ី​គឺជា​មហាអំណាច​អឺរ៉ុប​មួយ​ដែល​មិន​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុងការ​ប្រមូលផ្តុំ​នៅ​ប្រាសាទ​ប្រាក រួម​ជាមួយ​បេឡា​រូ​ស ជា​អ្នក​ជិតខាង​និង​ជា​អ្នកគាំទ្រ​នៅក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយ​ក្រែន​ដែលជា​​ជម្លោះ​មួយ​រុញ​ឱ្យ​មាន​វិបត្តិ​ថាមពល​និង​អតិផរណា​ខ្ពស់ ដែល​កំពុង​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​អឺរ៉ុប​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី លី​ស ត្រាស (Liz Truss) បាន​និយាយថា “​ក្រុម​មេដឹកនាំ​ចាកចេញ​ពី​កិច្ចប្រជុំ​កំពូល​នេះ​ជាមួយនឹង​ការ​តាំងចិត្ត​រួម​គ្នា​កាន់តែ​ខ្លាំង​ដើម្បី​ក្រោកឈរឡើង​តតាំង​​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។ អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ទីក្រុង​ប្រាក គឺ ការបង្ហាញ​កម្លាំង​សាមគ្គីភាព​ជាមួយ​អ៊ុ​យក្រែន និង​សម្រាប់​គោលការណ៍​នៃ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​”​។​

​សម​ភាគី​បែលហ្ស៊ិក​របស់​លោកស្រី គឺ លោក អា​ឡិច​សាន់​ឌឺ ដឺ គ្រូ (Alexander De Croo) បាន​និយាយថា “​ប្រសិនបើ​អ្នក​គ្រាន់​តែ​មើល​ការចូលរួម​នៅ​ទីនេះ អ្នក​មើល​ឃើញ​ពី​សារៈសំខាន់​។​ទ្វីបអឺរ៉ុប​​ទាំងមូល​នៅ​ទីនេះ លើកលែង​តែ​ប្រទេស​ពីរ​គឺ​បេឡា​រូស​និង​រុស្ស៊ី​។ ដូច្នេះ​វា​បង្ហាញ​ថា​តើ​ប្រទេស​ទាំង​ពីរ​នោះ​ឯកោ​កម្រិតណា​”​។​

​នាយករដ្ឋមន្ត្រីឡេតូ​នី​លោក គ្រីស​ចានី ការី​ន (Krisjanis Karins) បាន​និយាយថា វិបត្តិ​ពី​សង្គ្រាម​គឺជា​អ្វី​ដែល​ពួកគេ​ទាំងអស់គ្នា​មាន​ដូច​គ្នា​។​

​លោក​បាន​និយាយថា “​វា​ប៉ះពាល់​ដល់​យើងទាំងអស់គ្នា​ក្នុងន័យ​សន្តិសុខ ហើយ​វា​ប៉ះពាល់​ដល់​យើងទាំងអស់គ្នា​តាមរយៈ​សេដ្ឋកិច្ច​របស់​យើង តាមរយៈ​ការកើនឡើង​នៃ​ថ្លៃ​ថាមពល​។​ដូច្នេះ​វិធី​តែមួយគត់​​ដែល​យើង​អាច​ដោះស្រាយបាន​គឺ​ធ្វើការ​ជាមួយគ្នា មិនមែន​ត្រឹមតែ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ទេ​។ បណ្តា​ប្រទេស​អឺរ៉ុប​ទាំងអស់​ចាំបាច់​ត្រូវ​ធ្វើការ​ជាមួយគ្នា​”​។​

​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែនលោក ដេ​នីស ស្មី​ហាល់ (Denys Shmyhal) កំពុងស្ថិត​នៅ​ទីក្រុង​ប្រាក​សម្រាប់​កិច្ចប្រជុំ​នេះ ខណៈ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​បាន​និយាយ​ទៅកាន់​​មេដឹកនាំ​តាមរយៈ​វីដេអូ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា “​មិន​មាន​អ្នកតំណាង​របស់​រុស្ស៊ី​នៅ​ជាមួយ​យើង​នៅ​ទី​នេះ​ទេ ជា​រដ្ឋ​ដែល​តាម​ភូមិសាស្ត្រ​ហាក់ជា​កម្មសិទ្ធិ​របស់​អឺរ៉ុប​ប៉ុន្តែ​តាម​ទស្សនៈ​នៃ​តម្លៃ​និង​អាកប្បកិរិយា​របស់ខ្លួន​​គឺជា​រដ្ឋ​ដែល​ប្រឆាំង​នឹង​អឺរ៉ុប​បំផុត​នៅក្នុង​ពិភពលោក​”​។​

​លោក​បាន​និយាយថា “​ឥឡូវ​នេះ​យើង​ស្ថិត​ក្នុង​ជំហរ​រឹងមាំ​មួយ​ដើម្បី​ដឹកនាំ​មហាអំណាច​ទាំងអស់​នៃ​ទ្វីប​អឺរ៉ុប​ឱ្យ​បញ្ចប់សង្គ្រាម និង​ធានា​សន្តិភាព​យូរអង្វែង​។ សម្រាប់​អ៊ុ​យក្រែន សម្រាប់​អឺរ៉ុប សម្រាប់​ពិភពលោក​”៕

​មេដឹកនាំ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​បាន​សាទរ​រណសិរ្ស​រួបរួម​របស់​ពួកគេ​ប្រឆាំង​នឹង​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​នៅក្នុង​កិច្ចប្រជុំកំពូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍