ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ក្នុង​មហិច្ឆតា​ប្រជែង​យក​មេដាយ​នា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ក្រុម​ហែល​ទឹក​ជម្រើសជាតិ​ហែល​ទឹកពាក់​ជើង​ទា ចំនួន​ប្រាំមួយ​នាក់​ក្នុងនោះ​កីឡាករ​បួន​នាក់ និង​កីឡាការិនី​ពីរ​នាក់​កំពុង​បង្កើន​ហ្វឹកហាត់​កាន់តែខ្លាំង​ក្លា​ជាង​មុន​។​

​លោក ហែម​ថុ​ន ពន្លឺ គ្រូបង្វឹក​ជម្រើសជាតិ​ផ្នែក​ហែល​ទឹកពាក់​ជើង​ទា គូសបញ្ជាក់ ថា បច្ចុប្បន្ននេះ​ក្រុម​ជ​ម្រើ​ជាតិ​ហែល​ទឹកពាក់​ជើង​ទា​កំពុង​សម្រុក​ហ្វឹកហាត់​យ៉ាងសកម្ម​សម្រាប់​ចំនួន​កីឡាករ កីឡាការិនី​ទាំង​ប្រា​មួយ​នាក់ ដោយ​មិនទាន់បាន​ស្វែងរក​បន្ថែម​នោះ​នៅឡើយ​។ ម្យ៉ាងទៀត ដោយសារ​ខ្វះខាត​សម្ភារៈ​ហ្វឹកហាត់ លើ​វិញ្ញាសា​ហែល​ជើង​ទា​នេះ​ផង​។ ប៉ុន្តែ​នឹង​បន្ថែមចំនួន​កីឡាករ កីឡាការិនី​មួយចំនួន​ទៀត ពេល​សម្ភារ​ហ្វឹកហាត់​មាន​គ្រប់គ្រាន់​។​

​សម្រាប់​កម្មវិធី​ហ្វឹកហាត់​វិញ ត្រូវបាន​គ្រូបង្វឹក​រូបនេះ​អះអាងថា មាន​រយៈពេល​ប្រាំ​មួយថ្ងៃ ក្នុងនោះ​បី​ថ្ងៃ គឺ​ហែល​ទឹក​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ជាតិ លើក​ទី​បី នា​ខែវិច្ឆិកា ឆ្នាំ​២០២២ រីឯ​បី​ថ្ងៃ​ទៀត ពីថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍ គឺ​ហែល​ពាក់​ជើង​ទា​។ ក្នុង​មួយថ្ងៃៗ ការហ្វឹកហាត់​ធ្វើឡើង​ចំនួន​ពីរ​ពេល ក្នុង​មួយពេលៗ មាន​បី​ម៉ោង​។ ដូច្នេះ ក្នុង​មួយថ្ងៃ មាន​ចំនួន ប្រាំមួយ​ម៉ោង​។​

​ក្រោយ​បញ្ចប់​កម្មវិធី​កីឡា​ជាតិ​ការហ្វឹកហាត់​នេះ​នឹងត្រូវ​កាត់ចោល​ការ​ហែល​ទឹក​បី​ថ្ងៃនោះ​ដោយ​បង្កើន​ម៉ោង​ហ្វឹកហាត់​សម្រាប់​វិញ្ញាសា​ហែល​ជើង​ទា​សុទ្ធ​។​តាម​ផែនការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​កំពុង​ទាក់ទង​ជាមួយ​ខាង​ភាគី​វៀតណាម​ដើម្បី​បញ្ជូន​ក្រុម​ជម្រើសជាតិ​​ហែល​ពាក់​ជើង​ទា ទាំង​ប្រាំមួយ​នាក់ ទៅ​ហ្វឹកហាត់​នៅ​ទីនោះ នាពេលខាងមុខ​។​

​គ្រូបង្វឹក​រូបនេះ បាន​រំ​ឭុ​កថា ជាមួយនឹង​សមិទ្ធផល​ជា​មេដាយ​ពីរលើក​កន្លងមក គឺ​មេដាយ​សំរឹទ្ធ​មួយ​វិញ្ញាសា ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​២០២២ និង​ការប្រកួត​ពានរង្វាន់​ហែល​ជើង​ទា​ពិភពលោក (Finswimming’s World Cup) កាលពី​ខែកញ្ញា ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ គឺជា​កម្លាំង​រុញ​ឲ្យ​ក្រុម​ជម្រើសជាតិ​នេះ​ខិតខំ​ពុះពារ​កាន់តែ​ខ្លាំងក្លា​ដើម្បី​ជា​ក្តីសង្ឃឹម​កាន់តែ​
​ខ្ពស់​ដើម្បី​ឈានទៅ​ដណ្តើម​មេដាយ​ជូន​ជាតិ​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​ក្នុងពេល​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោក​សង្ឃឹមថា​តាមរយៈ​ការប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​រួមគ្នា​នេះ​ប្រភេទ​កីឡា​ហែល​ពាក់​ជើង​ទា​កម្ពុជា នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាក់​ជាមិនខាន​។ កាលពី​ត្រៀម​ស៊ី​ហ្គេម ២០២២ នៅ​វៀតណាម យើង​ទើបនឹង​ចាប់ផ្តើម​រយៈពេល​ខ្លី ប៉ុន្តែ​យើង​ទទួលបាន​លទ្ធផល​ល្អ​។ ការត្រៀម​ស៊ី​ហ្គេម ២០២៣ យើង​នឹងមាន​ពេលវេលា​មួយ​វែង​ជាង ជាមួយនឹង​ការហ្វឹកហាត់ បង្កើន​ការហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម​បន្ថែម​ដោយសារ​ប្រទេស​វៀតណាម​គឺជា​ជើងឯក​លើ​វិញ្ញាសា​ហែល​ជើង​ទា​នេះ​។ ដូច្នេះ កត្តា​ត្រៀមខ្លួន​រួមផ្សំ​ទាំងអស់នេះ យើង​រំពឹងថា យើង​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជូន​ជាតិ ក្នុងពេល​ស៊ី​ហ្គេម ២០២៣ ជាក់​ជាមិនខាន​៕​