ខ្យល់មូសុង​និរតី ថយឥទ្ធិពល ខណៈពេល​ព្យុះ​ទី​៧ បានកើត​មាន​

1777
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​កូន​ព្យុះ​ទី​៧ ឈ្មោះ ព្រះ​ភិ​រុណ (PRAPIROON) ដែល​បានកើត​មាននៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក មិនមាន​ឥទ្ធិពល​ស្រូប​ដល់​កម្ពុជា​ទេ ព្រម​ពេល​ជាមួយគ្នានេះ ខ្យល់មូសុង​និរតី បាន​ថយឥទ្ធិពល តែ​ជ្រលង​សម្ពាធ​ទាប នៅតែ​បន្ត​អូស​កាត់​លើ​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​មិន​ស្មើ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។​

ទិដ្ឋភាពភ្លៀងធ្លាក់នៅស្រុកខ្លះរបស់ខេត្តតាកែវកាលពីថ្ងៃទី២៨មិថុនា២០១៨(រូបធនធានទឹក)


​លោក​ចាន់ យុ​ត្ថា​អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៩​ខែមិថុនា​ថា កូន​ព្យុះ​ទី​៧ ឈ្មោះ ព្រះ​ភិ​រុន (PRAPIROON) ដែល​បាន​កើតមាន នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក នៅថ្ងៃនេះ (២៩​មិថុនា​) មិនមាន​ឥទ្ធិពល​ដល់​កម្ពុជា​ទេ​។ វា​ដើរ​មករក​សមុទ្រ​ចិន​ខាងត្បូង​បន្តិច​រួច ក៏​ងាក​ទៅលើ (​ជើង​) វិញ ។​
​ ​មន្ត្រី​អ្នកនាំពាក្យ​រូបនេះបាន​បញ្ជាក់ថា ព្យុះ​នេះ គ្មាន​កម្លាំង​ស្រូប​ដល់​កម្ពុជា​ទេ ប្រទេស​កម្ពុជា នៅតែ​ទទួលរង​ឥទ្ធិពល​ខ្យល់មូសុង​និរតី គ្រាន់តែ​ខ្សោយ​ជាង កាលពី​ពីរ​ថ្ងៃមុន​បន្តិច​។ ឯ​ជ្រលង​សម្ពាធ​ទាប ក៏​នៅតែ​អូស​កាត់​ពីលើ​ប្រទេស​កម្ពុជា​ដដែល​។​
​ ​លោក​ចាន់ យុ​ត្ថា បាន​និយាយថា ទោះជា​យ៉ាងណា ភ្លៀង​នៅតែមាន​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម តែ​មិន​គ្រប់​ទីកន្លែង​ទេ និង​អាចមាន​ភ្លៀង កកើត​នឹង​កន្លែង​ធ្លាក់​ចុះមក​ច្រើន​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម