ដោយៈភ្នំស្វាយ/បន្ទាយមានជ័យ៖ ទីធ្លាសាកលវិទ្យាល័យជាតិមានជ័យ(ស.ម.ជ,NMU)រងការលិចលង់ដោយទឹកជំនន់ដូចរាល់ឆ្នាំទោះជាមានគោលការណ៍ដំណោះស្រាយទ្រង់ទ្រាយធំពីមធ្យោបាយសរុបក៏ដោយ។នេះដោយសារលទ្ធផលមិនទាន់មានប្រសិទ្ធភាព។ដូច្នោះទើបអាជ្ញាធរនិងម្ចាស់គ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់នៅខេត្តបន្ទាយមានជ័យនេះបានប្រើកងកម្លាំងកងទ័ព,នគរបាល,កងរាជអាវុធហត្ថ,និស្សិតធ្វើយុទ្ធនាការច្រកដីទប់ទំនប់បែប
ប្រពៃណីដូចពេលមុនៗ ។

កាលពីល្ងាចថ្ងៃទី៦ខែតុលាម្សិលមិញលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យរួមការងារដោយ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន លោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណបានដឹកនាំកម្លាំងចម្រុះចុះលើកទំនប់ទប់ទឹកជំនន់ដែលបានជន់លិចចូលក្នុងបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ។

លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធនិងកម្លាំងផ្សេងទៀតបានប្រើការ៉ុងច្រកដីធ្វើទំនប់ទប់ ព័ទ្ធទីធ្លាគ្រឹះស្ថានសិក្សាឧត្តមសិក្សានេះពីថ្ងៃដល់យប់ ដើម្បីឱ្យសម្រេចលទ្ធផលបង្ការការពារទឹកជំនន់បាន ។

សូមរំលឹកថាសាកលវិទ្យាល័យជាតិមានជ័យមានទំតាំងនៅជាប់ស្ទឹងសិរីសោភ័ណជាប់ផ្លូវជាតិលេខ៥និងផ្លូវរថភ្លើងភូមិបាណយសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

អ្នកផ្តួចផ្តើមដឹកនាំកសាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់នៅខេត្តនេះ គឺលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោកស្រី ម៉ៅ ម៉ាល័យ នៅឆ្នាំ២០០៨ហើយបានការឧបត្ថម្ភ គាំទ្រពីថ្នាក់ដឹកនាំកំពូលស្ថាប័នជាតិនិងការចូលរួមបរិច្ចាគធនធានថវិកាសម្ភារកម្លាំងកាយចិត្តគំនិតប្រាជ្ញាពីឥស្សរជន សប្បុរសជនជាតិនិងបរទេសជាច្រើន ។

អំពីទីតាំងគឺមានអំណោយផល។សោភ័ណភាព បរិស្ថានស្តង់ដារ និយាមគរុកោសល្យល្អ។ប៉ុន្តែដោយសារស្ថិតនៅ ទីទំនាបមាត់ស្ទឹងហើយកត្តាបម្រែបម្រួលអាកាសធាតុបង្កជាទឹកជំនន់ធំៗស្ទើររាល់ឆ្នាំទើបធ្វើឱ្យទីធ្លាសកលវិទ្យាល័យ ជាតិមានជ័យបានរងការលិចលង់ទីធ្លារាល់ឆ្នាំ ។
ជាក់ស្តែង ទឹកជំនន់នាឆ្នាំ២០២២នេះ នៅតែគម្រាមកំហែងនិងជន់លិចទីធ្លាដដែល៕សរន / N

 

រូបថត : (លោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោកសុក ចាន់ថា ប្រធានមន្ទូីរសាធារណការខេត្ត លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណដឹកនាំកងកម្លាំងទាហាន នគរបាលច្រកការ៉ុងដីទប់ទំនប់ការពារទឹកជំនន់លិចទីធ្លាសាកលវិទ្យាល័យជាត់មានជ័យ )