ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌទួលគោក លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក និងអាជ្ញាធរពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ច ខណ្ឌទួលគោក ត្រូវរួមសហការគ្នា ឲ្យបានល្អបំផុត ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ឲ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាឱ្យតំបន់មួយនេះ មានភាពល្អប្រសើរ ឡើងវិញ។

រូបថត  ( លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ )

លោក ឃ្លាំង ហួត បានណែនាំយ៉ាងម៉ឺងម៉ាត់ ឲ្យគណៈបញ្ជាការឯកភាពខណ្ឌទូលគោក ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ឲ្យអស់ពីមូលដ្ឋាន តាមរយៈការតាមដានស្រាវជ្រាវ ដោយដាក់ការសង្ស័យទៅលើទីតាំង ដែលយើងទទួលបាន ព័ត៌មានថា អាចនឹងមានការប្រព្រឹត្តបទល្មើសខាងលើ ទៅតាមប្រសាសន៍ណែនាំរបស់ អភិបាលរាជធានីភ្នំពេញ ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឃ្លាំង ហួត បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីលោកអធិការ អធិការរងនរគបាល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ មេប៉ុស្តិ៍ ចៅសង្កាត់ និងមេភូមិ ជាច្រើននាក់ទៀត។

លោក ឃ្លាំង ហួត បានបន្តទៀតថាៈ ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពខណ្ឌ ក៏ដូចជាមន្ត្រីពាក់ព័ន្ធត្រូវធ្វើរបាយការណ៍ ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីតាមដាន និងពិនិត្យ ធ្វើយ៉ាងណាឲ្យការងារបង្ក្រាប និងទប់ស្កាត់នេះ ប្រព្រឹត្តទៅប្រកបដោយរលូន និងមានប្រសិទ្ធភាពបំផុត។

អភិបាលរងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថាៈ «កិច្ចការងារនេះ ពិតជាទទួលបាននូវ ការសាទរយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចិត្តមួយ នាំឲ្យយើងទទួល បានជោគជ័យ ក្នុងយុទ្ធនាការនៃការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំ ខុសច្បាប់ទាំងនេះ»។

លោកស្នើឲ្យការអនុវត្ត ត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍ បំរើផលប្រយោជន៍ ប្រជាពលរដ្ឋ មានន័យថា កុងស៊ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិ ចោរត្រូវតែលុបបំបាត់ ហើយលើកទឹកចិត្ត ចំពោះកុងស៊ីបញ្ចាំស្របច្បាប់។

ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឲ្យដឹងថាៈ លទ្ធផលការងារ ដែលអនុវត្ត កន្លងមក រួមមាន ឆែកឆេរត្រួតពិនិត្យ និងបង្ក្រាបទីតាំងទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន ក្នុងមូលដ្ឋានខណ្ឌទួលគោក សរុបចំនួន ៥៤ ទីតាំង នៅសង្កាត់ទឹកល្អកទី៣ ក្នុងនោះ បង្ក្រាបទីតាំងទទួលបញ្ចាំ (ទ្រព្យបញ្ចាំមិនប្រក្រតី) ចំនួន ១៦ ទីតាំង ឃាត់ខ្លួន ១០ នាក់ និងដកហូតម៉ូតូ ១.២៥៣ គ្រឿង, រថយន្ត ១៤ គ្រឿង, កង់បី ៩ គ្រឿង និងម៉ូតូកង់បី (PassApp) ១២ គ្រឿង បញ្ជូនទៅរក្សាទុកនៅឃ្លាំងក្រុមហ៊ុន OCIC ជ្រោយចង្វារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងទីតាំងចំនួន ៣៤ ត្រួតពិនិត្យឃើញមានច្បាប់អនុញ្ញាត និងទទួលទ្រព្យបញ្ចាំត្រឹមត្រូវ តាមនីតិវិធី។

សូមបញ្ជាក់ថា បើគិតពីថ្ងៃទី១៧ ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធររាជធានី ភ្នំពេញ បានត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ សរុបចំនួន ១.៣៣៨ ទីតាំង។ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសកុងស៊ីបញ្ចាំខុសច្បាប់ សរុបចំនួន ៧៤ ទីតាំង៕​ V / N