ដោយៈ បូកគោ / កំពតៈ រយៈពេល៩ខែ នៃឆ្នាំ២០២២ ទំនិញនាំចូល និងនាំចេញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក មានទំហំពាណិជ្ជកម្ម តម្លៃជាង ៧ លានដុល្លារ។
នេះបើយោងតាមរបាយការណ៍របស់ ទីស្នាក់ការគយ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។

របាយការណ៍នេះ បានបង្ហាញថាៈ បន្ទាប់ពីរាជរដ្ឋាភិបាល បើកប្រទេសឡើងវិញ ចរាចរទំនិញនាំចេញនាំចូល ឆ្លងកាត់ច្រកទ្វារ មានសកម្មភាពកាន់តែប្រសើរ។ មុខទំនិញ នាំចូលសំខាន់ៗ ដូចជា ប្រេងឆា គ្រឿងឧបភោគបរិភោគ ធ្យូងថ្ម ក្រណាត់ សម្ភារសំណង់ និងទំនិញផ្សេងៗទៀត។ ចំណែកទំនិញនាំចេញ មានតែស្ករស មួយមុខប៉ុណ្ណោះ។
របាយការណ៍ បានបញ្ជាក់ថាៈ សម្រាប់រយៈពេល ៩ខែ នៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម ក្នុងការនាំទំនិញចូលមាន តម្លៃ ៤,៣ លានដុល្លារ ។ ចំណែកការនាំទំនិញចេញ មានតម្លៃ ២,៩ លានដុល្លារ។ ក្រៅពីនោះ ការធ្វើដំណើរឆ្លងកាត់របស់ពលរដ្ឋ និងភ្ញៀវទេសចរ ក៏មានភាពល្អប្រសើរផងដែរ៕/V-PC