ដោយៈប.ខុន / ភ្នំពេញៈ ទឹកស្ទឹងពោធិ៍សាត់ ចាប់ផ្តើមហូរលិចក្រុងហើយ បន្ទាប់ពីឡើងដល់ កម្ពស់ ៥,៣៤ ម៉ែត្រ នៅព្រឹកថ្ងៃទី៧ ខែតុលា នេះហើយ ទឹកនៅភាគខាងលើ នៅបន្តឡើង សន្សឹមៗថែមទៀត។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៧ ខែតុលាថាៈ ទឹកស្ទឹងពោធិ៍សាត់ ចាប់ផ្តើមឡើង ហៀរលើខឿនសួនច្បារ តាមមាត់ស្ទឹងហើយ បន្ទាប់ពីបានឡើងដល់កម្ពស់ ៥,៣៤ ម៉ែត្រ នៅព្រឹកថ្ងៃនេះ រួចមក ។ ទឹកស្ទឹងនេះ នៅបន្តឡើងសន្សឹមៗថែមទៀត ដោយសារកាល ម្សិលមិញ មានភ្លៀងធ្លាក់ថែមទៀត នៅក្រវាញ។

ចំណែកទឹកស្ទឹងសែន នៅក្រុងកំពង់ធំវិញ អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បានបញ្ជាក់ ថាៈ ទឹកនៅនឹងត្រឹមកម្ពស់ ១៤,០៨ ម៉ែត្រ  បន្ទាប់ពីអាងទឹករក្សា នៅក្នុងខេត្តព្រះវិហារ ត្រូវបានបិទទ្វារខ្លះ ដើម្បីបន្ថយការលិចលង់ នៅខេត្តកំពង់ធំ។ ទឹកក្នុងអាងរក្សា ថ្ងៃនេះ បានឡើងដល់កម្ពស់ ៤៧ ម៉ែត្រ បន្ទាប់ពីបានបិទទ្វារទឹកខ្លះ។

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងផងដែរថាៈ ទឹកស្ទឹងសង្កែ នៅក្រុងបាត់ដំបង បានស្រកមកនៅកម្ពស់ ១២ ម៉ែត្រ ក្រោមកម្រិតកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីបានបិទទ្វារខ្លះ នៃអាងទឹកសេកសក តែនៅផ្ទៃរងទឹកភ្លៀងអាងសេកសក មានភ្លៀងច្រើន កាលពីម្សិលមិញ ធ្វើឱ្យទឹក ក្នុងអាងឡើងខ្ពស់ជាថ្មី ។
ចំណែកទឹកស្ទឹងព្រែកត្នោត នៅក្នុងខេត្តកំពង់ស្ពឺ មិនទាន់មានបញ្ហាជំនន់កើតឡើងនៅឡើយ ទេ ដោយសារទ្វារអាងទឹក នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានអ្នកគ្រប់គ្រង ធ្វើការបើកបិទ ទៅតាមស្ថានភាពទឹកជាប្រចាំ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៦ ខែតុលាថាៈ ទឹកស្ទឹងពោធិ៍សាត់ បើឡើងដល់កម្ពស់ ៥,១០ ម៉ែត្រនោះ ធ្វើឱ្យមានការលិច លង់នៅកន្លែងខ្លះ នៅក្នុងក្រុងពោធិ៍សាត់ហើយ។​ ទឹកជំនន់នេះ ហូរមកពីស្ទឹងអារ៉ៃ និង ស្ទឹងស្លុង តែមិនមានទឹកជំនន់ មកពីស្ទឹងធំទេ៕/V-PC