ម៉ា​តទី​ស​នៅ​អាស៊ី ៖​ទប់​ទំនាក់ទំនងរ​ង្គុះ​រង្គើ​របស់​ត្រាំ​ពីមួយ​ទៅមួយ​

7015
ចែករម្លែក

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកជីម ម៉ាតទីស បានចំណាយពេល៤ថ្ងៃនៅអាស៊ីបូព៌ា ដោយព្យាយាមទប់ទំនាក់ទំនងដ៏សំខាន់ នៅប្រទេសជាសម្ពន្ធមិត្ត២និងគូសត្រូវមួយ បន្ទាប់ពីមេរបស់លោកបានរុញស្ថានការណ៍មកដល់ចំណុចច្របូកច្របល់មួយ។

តាមពិតទៅវាជាការងារធម្មតាមួយទៅហើយសំរាប់ប្រមុខមន្ទីរបញ្ចកោណរូបនេះ មិនត្រឹមតែនៅអាស៊ី តែនៅពាសពេញអឺរ៉ុបនិងមជ្ឈិមបូព៌ា។ដោយត្រាំរំខានទំនាក់ទំនងពីមួយទៅមួយ បង្កគូប្រជែងនិងធ្វើអោយមិត្តជាប្រពៃណីខ្វល់ខ្វាយនៅមិនសុខ លោកម៉ាតទីសគឺជាបុគ្គលម្នាក់ដែលធានាថាពួកគេនៅអាចធ្វើការឈរលើមូលដ្ឋានជាប្រ
ពៃណីរបស់គេ។

នៅសប្តាហ៍នេះ លោកបានប្រាប់មេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុន ដែលជាសម្ពន្ធមិត្តជិតដិត និងដែលពឹងលើការធានាសន្តិសុខពីអាមេរិកអស់ពេលរាប់ទសវត្សរ៍ ថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាចិត្តការពារពួកគេ។ការសន្យាតាំងចិត្តនេះមានជាយូរមកហើយ មុនពេលត្រាំបានលុបចោលសមយុទ្ធជាមួយកូរ៉េខាងត្បូង ដើម្បីជា​ការ​​លើកទឹកចិត្តមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អោយបន្តការចរចាអំពីការបោះបង់សព្វាវុធនុយក្លេអ៊ែររបស់លោក។

ម៉ាតទីស ត្រូវព្យាយាមឆ្លងកាត់សម្លេងរំខាននៃការគំរាមបញ្ឆេះសង្រ្គាមពាណិជ្ជកម្មរបស់ត្រាំលើចិនដើម្បីពាំនាំការព្រមានខ្លាំងបំផុតថា អាមេរិកកាន់តែអស់ការអត់ធ្មត់ជាមួយនឹងការវាតទីនិយមនៃយោធារបស់ចិននៅក្នុងតំបន់។

ប្រមុខមន្ទីរបញ្ចកោណរូបនេះបានប្រាប់ប្រធានាធិបតីចិន ស៊ី ជីនពីងថា” ខ្ញុំមកទីនេះដើម្បីរក្សាទំនាក់ទំនងរបស់យើងអោយស្ថិតលើផ្លូវត្រឹមត្រូវ ទប់វាអោយទៅតាមទិសដៅត្រឹមត្រូវនិងចែករំលែកគំនិតជាមួយក្រុមមេដឹកនាំយោធារបស់អ្នក ព្រមទាំងសម្លឹងរកផ្លូវទៅមុខ”។

ម៉ាតទីស អតីតទាហានម៉ារីនវ័យ៦៧ឆ្នាំដែលបានឆ្លងកាត់សង្រ្គាមជាច្រើនរូបនេះ បាននិយាយថា​លោកគ្រាន់តែជំរុញគោលនយោបាយរបស់រដ្ឋការអាមេរិក។តែនៅក្រោមការដឹកនាំរបស់ត្រាំ វាជាវាដូចជាការឡើងភ្នំក្នុងការរារាំងកុំអោយទំនាក់ទំនងប្រែជាជូរចត់។ទាំងជប៉ុននិងកូរ៉េខាងត្បូង មានការបារម្ភខ្វល់ខ្វាយជាខ្លាំងអំពីការសន្យា
ធានាសន្តិសុខពីអាមេរិក បន្ទាប់ពីជំនួបកំពូលរបស់ត្រាំជាមួយគីម នៅសិង្ហបុរីកាលពីថ្ងៃ១២មិថុនា។

នៅពេលមេដឹកនាំទាំងពីរព្រមព្រៀងពិភាក្សាអំពីការរំសាយចោលនុយក្លេអ៊ែរ ត្រាំបានប្រកាសលុបចោលសមយុទ្ធយោធារួមអាមេរិក-កូរ៉េខាងត្បូងភ្លាមៗ។ទោះជាការពិតវាបានបន្លាចកុំអោយកូរ៉េខាងជើងធ្វើអីស្រេចតែនឹងចិត្តនាពេលកន្លងមក ក៏ត្រាំបានហៅការហ្វឹកហាត់យោធានេះថាជាការ”ចំណាយខ្ពស់”និង”បង្ករឿង”។

តើអាមេរិកធានាសម្ពន្ធមិត្តកុំអោយព្រួយបារម្ភយ៉ាងម៉េចទៅ? នៅក្រុងសេអ៊ូល លោកម៉ាតទីសបានបង្ខំប្រកាសក្តែងៗថាចំនួនទ័ពអាមេរិកឈរជើងនៅកូរ៉េខាងត្បូងនឹងមិនត្រូវផ្លាស់ប្តូរទេនិងបញ្ជាក់សាជាថ្មីថា ការប្តេជ្ញាចិត្តរបស់អាមេរិក”រឹងដូចដែក”។

នៅក្រុងតូក្យូ លោកបានសន្យារក្សាគោលជំហរសហការយោធារឹងមាំជាបន្តជាមួយសម្ពន្ធមិត្តតំបន់ និងថាជប៉ុននឹងនៅតែ”សសរទ្រូង”នៃស្ថិរភាពតំបន់។

ក្នុងជំនួបកាលពីថ្ងៃសុក្រទី២៩មិថុនា ជាមួយនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ រដ្ឋមន្រ្តីការបរទេសនិងការពារប្រទេសជប៉ុន លោកម៉ាតទីសបានរំលឹកជាថ្មីថា ការចរចារបស់អាមេរិកជាមួយកូរ៉េខាងជើងគឺគ្រាន់តែដើម្បីកំចាត់ចោលសព្វាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនិងកម្មវិធីកាំជ្រួចចម្ងាយឆ្ងាយរបស់ប្រទេសនេះដែលអាចវាយប្រហារដល់ដីគោកអាមេរិកប៉ុណ្ណោះ ។

ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងតូក្យូបានគាបសង្កត់អោយប្រមុខយោធាអាមេរិកធានាថា សព្វាវុធមហាប្រល័យ សព្វាវុធគីមីនិងជីវសាស្រ្ត បូករួមទាំងកាំជ្រួចចម្ងាយខ្លី និងមធ្យមរបស់កូរ៉េខាងជើងដែលអាចបាញ់ដល់ជប៉ុននិងកូរ៉េខាងត្បូង ត្រូវបញ្ចូលក្នុងការចរចា។

យ៉ាងណា លោកម៉ាតទីសមិនបានធ្វើការសន្យាភ្លាមទេ ដោយថាកិច្ចពិភាក្សា”ស្ថិតនៅក្នុងដៃអ្នកការទូត”។

នៅប្រទេសចិន លោកម៉ាតទីសបានស្វះស្វែងធ្វើការព្រមានថា ការដែលរដ្ឋាភិបាលក្រុងប៉េកាំងខិតខំដាក់សព្វាវុធនៅលើកោះតូចៗក្នុងសមុទ្រចិនខាងត្បូង និងបង្កើនសម្ពាធលើកោះតៃវ៉ាន់ ដែលជាសម្ពន្ធមិត្តរបស់អាមេរិក វាជិតដល់ចំណុចទៅហួសឆ្ងាយហើយ។វាអាចជាសារធ្ងន់ធ្ងរនិងច្បាស់លាស់បំផុតមួយដែលលោកម៉ាតទីស
បញ្ចេញនៅក្នុងរយៈពេលកាន់តំណែង១៧ខែក្នុងរដ្ឋការត្រាំ។

តែជាការឆ្លើយតបវិញ ប្រធានាធិបតីចិនបានប្រាប់លោកម៉ាតទីសថា ​ចិន​ប្តេជ្ញា​ធ្វើការ​អភិវឌ្ឍ​ដោយ​សន្តិវិធី​ហើយនឹង​មិន​បង្ក​ភាពវឹកវរ​សំរាប់​ពិភពលោក​ទេ តែ​អំពី​បញ្ហា​ពាក់ព័ន្ធ​អធិបតេយ្យភាព ខ្លួន​នឹងមិន​បោះបង់ចោល​ទឹកដី​”​សូម្បី​​តែមួយ​មី​លី​ម៉ែត្រ”ឡើយ។

វាបានកើតឡើងខណៈត្រាំប្រុងបញ្ឆេះសង្រ្គាមពាណិជ្ជកម្មពេញធឹងមួយជាមួយចិន ដែលជាហេតុនាំអោយមានលទ្ធភាពដែលចិនបូកបញ្ហាទាំងពីរចូលគ្នាតែមួយនិងបញ្ចេញប្រតិកម្មតតបហួសហេតុណាមួយ៕ប្រែសម្រួលដោយ៖វាសនា

ដំណើរ៤ថ្ងៃនៅ៣ប្រទេសនៅអាស៊ី ម៉ាតទីស បានព្រមាននិងធានា

ទីតាំងផ្សាយពាណិជ្ជកម្ម