​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ផែនការ​សកម្ម​ភាពជា​តិ​ស្តីពី​ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​រយៈពេល​ប្រាំ​ឆ្នាំ​ថ្មី​នេះ គ្របដណ្តប់​ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦ ដែល​ឆ្លុះបញ្ចាំង​ពី​ការបន្ត​អនុវត្ត​នូវ​ចំណុច​អាទិភាព​ដែល​នៅ​សេសសល់​ពី​ផែនការ​សកម្មភាព​ជាតិ​ដំណាក់កាល​ទីមួយ​គ្រប​បាន​ដណ្តប់​រយៈពេល​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៨ ត្រូវបាន​ប្រកាស កាលពី​ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ​២០២២ ។

ផែនការ​សកម្ម​ភាពជា​តិ​ថ្មី​នេះ បានមកពី​កិច្ចខិតខំ​ប្រឹងប្រែង​សហការគ្នា​របស់​ក្រុមការងារ​អន្តរក្រសួង និង​ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ ក្នុង​គោលដៅ​រួមចំណែក​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​៖ ”​កុមារ​តូច​ទាំងអស់​ចាប់តាំងពី​ក​កំណើត​រហូតដល់​អាយុ​ក្រោម​៦​ឆ្នាំ ត្រូវ​ទទួលបាន​សេវា​គាំពារ និង​អភិវឌ្ឍ ជាពិសេស​កុមារ​តូច​រងគ្រោះ កុមារ​តូច​ងាយ​រងគ្រោះ និង​ក្រខ្សត់ ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។ ផែនការ​ជាតិ​ក៏បាន​កំណត់​ពី​តម្រូវការ​ថវិកា​ប្រមាណ​ជាង ១០ លាន​ដុល្លារ​សម្រាប់​រយៈពេល ៥ ឆ្នាំ ដើម្បី​គាំទ្រ​ការអនុវត្ត​កម្មវិធី​បែប​ពហុ​វិស័យ ដោយ​ផ្តល់​អាទិភាព​លើ​ការពង្រីក​កម្មវិធី​សម្រាប់​ការអប់រំ​កុមារ​តូច ការកែលម្អ​សម្ភារ​រៀន​និង​បង្រៀន និង​ការពង្រឹង​សមត្ថភាព​គ្រូបង្រៀន​ម​តេ្ត​យ្យ​សិក្សា អប់រំ​សុខភាព​និង​អនាម័យ កិច្ចការពារ​កុមារ និង​កម្មវិធី​អប់រំ​មាតាបិតា​។

​លោក ពុត សា​មិត្ត អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច បាន​មានប្រសាសន៍ថា ផែនការ​សកម្ម​ភាពជា​តិ​ដំណាក់កាល​ទី​២​នេះ ត្រូវបាន​រៀបចំឡើង​ដោយមាន​ការសិក្សា​ឯកសារ​ពាក់ព័ន្ធ​សំខាន់ៗ​ក្នុង​និង​ក្រៅប្រទេស​យ៉ាង​ហ្មត់ចត់ និង​បាន​ពិគ្រោះ​យោបល់​ជាច្រើនលើក​ច្រើនសារ​ជាមួយ​តំណាង​ក្រសួង​/​ស្ថាប័ន តំណាង​ដៃគូ​អភិវឌ្ឍ និង​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​ប្រមូលបាន​នូវ​ធាតុ​ចូល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ឆ្លើយតប​តម្រូវការ​លូតលាស់​របស់​កុមារ​តូច​។ ផែនការ​នេះ បាន​ដាក់ចេញ​អាទិភាព​សំខាន់ៗ​ចំនួន​ប្រាំ​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​៖ (១)​ផ្តល់ឱកាស​សម្រាប់​ការអប់រំ​កុមារ​តូច​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យាប​ន្ន (២)​លើកកម្ពស់​សុខភាព និង​ការថែទាំ​កុមារ​តូច (៣)​ផ្តល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​ស្ត្រី និង​កុមារ​តូច (៤)​ធានា​សុវត្ថិភាព​និង​សន្តិសុខសម្រាប់​កុមារ​តូច និង (៥)​ផ្តល់​ការថែទាំ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​នៃ​គាំពារ​និង​ការអភិវឌ្ឍ​សម្រាប់​កុមារ​តូច ។​

​លោក អានៀរ​បាន ឆា​តឺ​រ​ជី ប្រធានស្តីទី យូ​នី​សេ​ហ្វ ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុង​វ័យ​ចន្លោះ​ពី​អាយុ​សូន្យ​ឆ្នាំ ដល់​អាយុ​បី​ឆ្នាំ គឺជា​រយៈពេល​ដ៏​សំខាន់បំផុត​នៃ​ជីវិត​របស់​កុមារ ដែលជា​រយៈពេល​មួយ​ដែល​ខួរក្បាល​កុមារ​លូតលាស់​ក្នុង​លឿន​ជាង​ពេលណាៗ​ទាំងអស់ ហើយ​វា​ជា​ឱកាស​មួយ​ដ៏​មាន​សារៈសំខាន់​ដើម្បី​ផ្តល់​ជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​ប្រកបដោយ​វិជ្ជមាន​សម្រាប់​ជំរុញ​ការថែទាំ និង​ការអប់រំ ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​កុមារ​តូច​កម្ពុជា សម្រាប់​ការរីកចម្រើន​ពេញ​មួយជីវិត​របស់​ពួកគេ​។

ជាការ​ពិត យើង​មាន​វឌ្ឍនភាព​គួរ​ជាទី​មោទនៈ​ក្នុង​ការផ្តល់​ការអប់រំ​ក្នុង​វ័យ​ដំបូង​ដល់​កុមារ​តូច​កាន់តែ​ប្រសើរ​។ ឧទ​ហរ​ណ៍​នៅ​ឆ្នាំនេះ មាន​កុមារ​ច្រើនជាង ៣៣០.០០០ នាក់​អាយុ​ចន្លោះ​ពី​៣ ទៅ​៥​ឆ្នាំ​បានទទួល​អត្ថប្រយោជន៍​។ ប៉ុន្តែ​យើង​ក៏​ត្រូវតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ឱ្យបាន​ទ្វេដង​បន្ថែមទៀត ដើម្បីឱ្យ​សេវា​បែប​ពហុ​វិស័យ​របស់​យើង​បាន​គ្របដណ្តប់​ទៅដល់​កុមារ​ដែល​មិនទាន់​បានទទួល​សេវា​ក្នុងពេល​បច្ចុប្បន្ននេះ ជាពិសេស​បន្ទាប់ពី​មានការ​អាក់ខាន​ដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​Covid-19​។ យូ​នី​សេ​ហ្វ រួមទាំង​ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ នឹង​បន្ត​ស្វែងរក​ការគាំទ្រ​ក្នុងការ​ដាក់បញ្ចូល​ការថែទាំ​គាំពារ និង​ការអប់រំ​របស់​កុមារ​តូច​ជា​អាទិភាព​មួយ ដើម្បី​ធានាថា គ្មាន​កុមា​រណា​ម្នាក់​ត្រូវបាន​គេ​ទុកចោល​នោះទេ​។​

​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច បាន​មានប្រសាសន៍ថា​៖ តាម​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០២១-២២ ចំពោះ​ស្ថានភាព​អាហារូបត្ថម្ភ​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ បានបង្ហាញ​ពី​បម្រែបម្រួល​អត្រា​ប្រេ​វ៉ាឡង់​នៃ​ភាព​ក្រេស​ក្រិន បាន​ថយចុះ​ពី​៥០%​ក្នុង​ឆ្នាំ​២០០០ មក​នៅត្រឹម​២២%​ក្នុង​ឆ្នាំ​២០២១-២២​។ រីឯ​ស្ថានភាព​ស្គមស្គាំង និង​លើស​ទម្ងន់​របស់​កុមារ​មានការ​ប្រែប្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ​ចាប់តាំងពី​ឆ្នាំ​២០០៥​មក​។

ក្នុង​ឆ្នាំ​សិក្សា​២០២១-២០២២ ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​គ្រប់​រូបភាព​មាន​១៤.១៥១ ក្នុងនោះ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​រដ្ឋ​មាន ៨.៤៨២ ម​ត្តេ​យ្យ​សិក្សា​សហគមន៍​មាន ៣.៣១១ (​ក្នុងនោះ​ម​ត្តេ​យ្យ​សិក្សា​សហគមន៍​មាន លក្ខណៈ​ស្តង់ដា​មាន​១ ២៥០​ថ្នាក់​) និង​ម​ត្តេ​យ្យ​សិក្សា​ឯកជន​មាន ២៣៥៨ ថ្នាក់​។ កុមារ​អាយុ​ប្រាំ​ឆ្នាំ ទទួលបាន​សេវា​អប់រំ​កុមារ​តូច​គ្រប់​រូបភាព ៦០% ចំពោះ​កុមារ ៤០%​ផ្សេងទៀត ដែល​មិនទាន់​ទទួលបាន​អត្ថប្រយោជន៍​នៃ​ការអភិវឌ្ឍ ចាំបាច់​ត្រូវ​រួមគ្នា​វិនិយោគ​បែប​ពហុ​វិស័យ​ដើម្បី​ពួកគេ​មានលទ្ធភាព​ទទួលបាន​ការអប់រំ ទាន់ពេលវេលា​ដែលជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​នាំឱ្យមាន​ការផ្លាស់ប្តូរ​នៅក្នុង​ជីវិត​នៃ​ការសិក្សា​។ យើង​ក៏​លើកទឹកចិត្ត​មាតាបិតា​ឱ្យ​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការជួយ​ដល់​កុមារ​តូច​បានទទួល​ការសិក្សា​ពីដំបូង តាមរយៈ​ការទទួល​ចំណេះដឹង​ពី​គ្រូម​ត្តេ​យ្យ​សិក្សា​និង​អ្នកជំនាញ​ផ្សេងទៀត ដើម្បី​ជួយ​ពួកគេ​ឱ្យ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​៕.mara