ដោយៈ​ដេប៉ូ​/​ព្រះសីហនុ​៖ក្រសួងបរិស្ថាន​មាន​មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់​សរុប ១.៤២២​នាក់​ហើយ​ក្នុង​ចំណោម​នេះ​មាន​១.០០០​រូប​ហើយ​ទទួលបាន​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​លើ​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​​ហិរញ្ញប្បទាន​ភេរវកម្ម ក្នុង​បទល្មើស​ធនធានធម្មជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។

​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នា​ព្រឹក​ថ្ងៃទី ៧ ខែតុលា​ឆ្នាំ ២០២២ លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ក្រុមការងារ​ប្រឆាំង​ការ សម្អាត​ប្រាក់​នៃ​ក្រសួងបរិស្ថាន​បាន​បន្ត​បណ្តុះបណ្តាល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​មន្ត្រី​អនុវត្ត​ច្បាប់​ចំនួន​៤០​នាក់​មកពី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​និង​ខេត្តកោះកុង​។​វគ្គ​បណ្តុះបណ្តាល​នេះដែរ​ធ្វើឡើង​ដើម្បី​បង្កើន​សមត្ថភាព​មន្ត្រី​ក្នុង​ការចូលរួម​ប្រឆាំងនឹង​ការសម្អាត​ប្រាក់​។​

​បើតាម​ការឱ្យ​ដឹង​រប​ស់​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ​ថា ក្រសួង​មាន​មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់​សរុប ១ ៤២២ នាក់​។ បន្ថែម​លើ​ការបណ្តុះបណ្តាល​សម្រាប់​ម​ន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២២ នេះ ខេត្ត​ដែលមាន​តំបន់ការពារធម្មជាតិ​ចំនួន ១៨​ដែល​មន្ត្រីនគរបាល​យុត្តិធម៌​និង​មន្ត្រី​អនុវត្ត​ច្បាប់​សរុប​ចំនួន​ជិត ១.០០០​រូប ទទួលបាន​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​លើ​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ក្នុង បទល្មើស​ធនធានធម្មជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

​លោក​នេត្រ ភក្ត្រា បាន​មានប្រសាសន៍​ទៀតថា​ការបណ្តុះបណ្តាល​ស្តីពី​គោលការណ៍​ណែនាំ​ស្តីពី​បែបបទ​និង​នីតិវិធី​ប្រតិបត្តិ ស្តង់ដារ​សម្រាប់​ការស៊ើបអង្កេត​និង​ការរៀបចំ​សំណុំរឿង​សម្អាង​បទល្មើស​និង​បទល្មើស​សម្អាត​ប្រាក់​ក្នុង​ក្របខ័ណ្ឌ​ដែន​សមត្ថកិច្ច​ក្រសួងបរិស្ថាន​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​យន្តការ​និង​ប្រព័ន្ធ​ការងារ​អចិន្ត្រៃយ៍​របស់​ក្រសួង​ក្នុង​ការចូល​រួមជាមួយ​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​និង​ប្រឆាំង​ហិរញ្ញប្បទាន​នាំឱ្យ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។

​លោក​រដ្ឋលេខាធិការ​បា​ន​គូសបញ្ជាក់ថា កិច្ចការ​ប្រឆាំង​ការសម្អាត​ប្រាក់​ជាការ​ងារ​ដ៏​សំខាន់ ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើរ​ដំណាលគ្នា​ជាមួយ​ការអនុវត្ត​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។​ក្រសួងបរិស្ថាន​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ក្នុង​កិច្ចខិតខំ​ប្រឹង ប្រែង​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​។​

លោក នេត្រ ភក្ត្រា បាន​បន្ថែមថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ក្រសួងបរិស្ថាន​ជា​ប្រតិបត្តិ​ករ​មួយ​យ៉ាងសំខាន់ ចូលរួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល នៅក្នុង​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ច្បាប់​ស្តីពី​ការ​ប្រឆាំងនឹង​ហិរញ្ញប្បទាន​ដល់​ការរីក​សា​ភាយ​អាវុធ​មហា​ប្រល័យ​។

​ជាមួយគ្នានេះ​លោក​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់ថា​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ជាការ​ពង្រឹងសមត្ថភាព​ធនធានមនុស្ស​របស់​ក្រសួងបរិស្ថាន​ដែលជា​ផ្នែក​មួយ​នៃ​ការពង្រឹង​យន្តការ​ការងារ​និង​ប្រព័ន្ធ​ការងារ​ក្នុងការ​ប្រឆាំង​ការសម្អាត​ប្រាក់​ដែល​ធានា​ប្រសិទ្ធភាព និង​និរន្តរភាព​នៃ​ការអនុវត្ត​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​ក្នុង​ក្របខណ្ឌ​ក្រសួងបរិស្ថាន​៕​សរន​.mara