​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មានរឿង​ច្រើនណាស់ ដែល​ល្បី​ចេញ​ពី​រឿង​ជែម​ស៍ ប៊​ន (James Bond) រួម​មាន​ស្រា​អ៊ីតាលី Martinis បទ​ចម្រៀង​ប្រចាំត្រកូល​របស់ខ្លួន និង​ភាពជោគជ័យ​​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ជាមួយនឹង​ការ​ញ៉ែ​ស្រី​។​

​ប៉ុន្តែ​អ្វី​ដែល​ធ្វើឱ្យ​រឿង​ចារកម្ម​ប្រឌិត​ល្បីល្បាញ​ខ្លាំង​គឺ​ឧបករណ៍​បច្ចេកវិជ្ជា​ខ្ពស់​របស់​តួឯក ហើយ​ពេល​ខ្លះ​ជា​ឧបករណ៍​ចម្លែក​បំផុត​មិន​ធ្លាប់​ឃើញ​។​

​រឿង​ប្រលោមលោ​កជែម​ស៍ប៊ន​ដំបូងបង្អស់​គឺ Casino Royale ត្រូវ​បាន​បោះពុម្ព​នៅ​ឆ្នាំ ១៩៥២ ប៉ុន្តែ​តួអង្គ​ឈ្មោះ អៀន ផ្លេ​មីង (Ian Fleming)​មិន​មាន​ភាព​ស៊ីគ្នា​ជាមួយ​ឧបករណ៍​ទំនើប​​ៗ​ដែល​បាន​រៀបរាប់​ក្នុង​សៀវភៅ​ទេ រហូត​ដល់​គាត់​បាន​ថត​ជា​ភាពយន្ត​នៅ​មួយ​ទសវត្សរ៍​ក្រោយមក​។​

​ដើម្បី​អបអរសាទរ​ខួប ៦០ ឆ្នាំ​ចាប់តាំងពី​ខ្សែភាពយន្ត​ដំបូង​បាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី ៥ ខែតុលា ឆ្នាំ ១៩៦២ វេបសាយ MailOnline បាន​បង្ហាញ​នូវ​បច្ចេកវិជ្ជា​មួយចំនួន​ក្នុង​រឿង​ជែម​ស៍ប៊ន ដែល​ពីមុន​ហាក់​ប្រឌិត​ហួសហេតុ​ណាស់ ប៉ុន្តែ​ឥឡូវនេះ​វា​ពិតជា​មាន​នៅក្នុង​ជីវិត​ពិត​។​

​នេះ​រាប់បញ្ចូល​ទាំង​រថយន្ត​ក្រោម​ទឹក ដូចជា​រថយន្ត​ដែល​បាន​បង្ហាញ​ក្នុង​រឿង The Spy Who Loved Me អាវ​យន្តហោះ​ដូច​ក្នុង​រឿង Thunderball ឆ្នាំ ១៩៦៥​និង​ដៃ​ចម្លែក​ដូច​ដៃ​ដែល​ប្រើ​​ដោយ​តួ​អាក្រក់​នៅក្នុង​រឿង Dr. No​។

– ឡាន​ក្រោម​ទឹក ៖ អ្នក​រចនា​ជនជាតិ​ស្វីស​លោក ហ្វ្រែង អឹម រី​ន​ដឺណេក (Frank M. Rinderknecht) បានប្រែក្លាយ​រថយន្ត​ក្រោម​ទឹក​ក្នុង​រឿង​ជែម​ស៍ប៊ន​ទៅ​ជា​ការពិត​ក្នុង​ឆ្នាំ​២០០៨ ជាមួយ​ការបង្ហាញ​រថយន្ត sQuba ។​

– វ៉ែនតា​កាំរស្មីអ៊ិច ៖ ១៤ ឆ្នាំក្រោយ​វ៉ែនតា​កាំរស្មីអ៊ិច​បង្ហាញ​ក្នុង​រឿង The World is Not Enough ក្នុង​ឆ្នាំ​១៩៩៩ វា​បាន​ក្លាយជា​ការពិត ជាមួយ​នឹង​ការបង្កើត​វ៉ែនតា​ឈ្មោះ Eyes-On Glasses System ដែល​អនុញ្ញាត​ឱ្យ​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា​ឆ្លុះ​មើល​ធ្លុះ​ស្បែក​របស់​អ្នកជំងឺ​ដើម្បី​រាវរក​មើល​សរសៃឈាម​ដើម្បី​ព្យាបាល​។​

– ការ​ផ្សាំ​បន្ទះ​ឈីប ៖ ក្នុង​រឿង Casino Royale ឆ្នាំ ២០០៦ តួជែម​ស៍ប៊ន​គឺ​ផ្សាំ​បន្ទះ​ឈីប​ក្នុង​ដៃ​ដើម្បី​រក្សា​ការតាមដាន​ទីតាំង​របស់​គាត់​។ ហើយ​សព្វថ្ងៃ ការ​ផ្សាំ​បន្ទះ​ឈីប​ក្នុង​រាងកាយ​មនុស្ស​មិ​ន​ទាន់​ធ្វើបាន​នៅឡើយ​ទេ ប៉ុន្តែ​ប្រព័ន្ធ GPS បាន​ក្លាយជា​ឧបករណ៍​ប្រើ​ទូទៅ​សម្រាប់​ស្មា​ត​ហ្វូន​ដើម្បី​តាមដាន​ទីតាំង​។ ទូរស័ព្ទ iPhone 14 ក៏​មាន​ប្រព័ន្ធ​ផ្កាយរណប​ដើម្បី​តាមដាន​ទីតាំង​ដោយ​មិន​ចាំបាច់​មាន​អ៊ី​ន​ធឺ​ណេត​ផងដែរ​។

– អាវ​យន្តហោះ ៖ អាវ​យន្តហោះ​បាន​បង្ហាញខ្លួន​ក្នុង​រឿង Thunderball ឆ្នាំ​១៩៦៥ នៅពេល​តួឯក​ពាក់​វា​ដើម្បី​ហោះ​ទៅ​សម្លាប់​តួអង្គ​អាក្រក់​ឈ្មោះ ជែក ប៊ូ​វ៉ា (Jacques Bouvar)​។ សព្វថ្ងៃ​អាវ​យន្តហោះ​គឺ​បាន​បង្កើតឡើង​រួច​ហើយ​សម្រាប់​គោលបំណង​យោធា​នៅ​អាម៉េរិក​និង​អង់គ្លេស​។

– ឡាន​បំបាំងកាយ ៖ ក្នុង​រឿង Die Another Day ឆ្នាំ​២០០២ គឺ​បាន​បង្ហាញ​ឡាន​បំបាំងកាយ​ម៉ាក Aston Martin Vanquish ហើយ​ក្រុមហ៊ុន Mercedes Benz បាន​អនុវត្ត​បច្ចេកវិជ្ជា​នេះ​ទៅលើ​រថយន្ត​បំបាំងកាយ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១២ ដោយ​ជោគជ័យ គឺ​រថយន្ត F-Cell ។

– ស្មា​ត​ហ្វូន ៖ រឿង Tomorrow Never Dies ឆ្នាំ ១៩៩៧ បានបង្ហាញ​ឧបករណ៍​ស្មា​ត​ហ្វូន​ជា​លើកដំបូង ហើយ​បច្ចុប្បន្ន​ស្មា​ត​ហ្វូន​បាន​ក្លាយ​ជា​ការពិតនិ​ង​ប្រើប្រាស់​ទូទាំង​ពិភពលោក​។

– ដៃ​យន្ត ៖ ដៃ​យន្ត​ក្នុង​រឿង Dr. No ឆ្នាំ ១៩៦២ ពិត​ណាស់​បាន​ក្លាយជា​កា​រ​ពិត​នាពេល​បច្ចុប្បន្ន​។ ដៃ​យន្ត​ដើម្បី​លើក​វត្ថុ​ធ្ងន់​ដំបូង​គេ​ត្រូវបាន​បង្កើតឡើង​ដោយ​វិទ្យាស្ថាន​គ្រឿងយន្ត​និង​សម្ភារៈ​កូរ៉េ​។​

– ឡាន​ហោះ ៖ ឡាន​ហោះ​ក្នុង​រឿង The Man with the Golden Gun ឆ្នាំ ១៩៧៤ ក៏​ក្លាយជា​ការពិត​ផង​ដែរ​នា​ពេល​ឥឡូវ​៕