ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ៖ ម៉ូលីកា បានធ្វើឱ្យក្រុមការងារនិងបុគ្គលិករបស់នាងរីករាយក្រៃលែង តាមរយៈការលើកទឹក ចិត្តពួកគេដោយបង្កើតនូវព្រឹត្តិការណ៍មួយ គឺដំណើរកម្សាន្ដនៅទីក្រុងបាងកក ប្រទេសថៃរយៈពេលប្រាំថ្ងៃ។ចំណាយលើ ការធ្វើប៉ាស្ព័រ ,ទិញសំបុត្រយន្ដហោះ,ការស្នាក់នៅនិងអាហារផ្សេងៗគឺនាងជាអ្នករ៉ាប់រងទាំងអស់។តាមរយៈទឹកចិត្តនេះក្រុម ការងារនិងបុគ្គលិករបស់នាងគ្រប់រូបរំភើបស្ទើរហោះ។

ម៉ូលីកា បាននាំពួកគេឡើងយន្ដហោះកាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០២២ ហើយដំណើរកម្សាន្ដរយៈពេលខ្លីនោះក៏មានស្វាមី របស់នាង គឺ លោក​​ ហុង មានុណ ,ប្អូនស្រីនាងនិងកូនស្រីនាង នុណ ច័ន្ទម៉ូនីតា អាយុជាងពីរឆ្នាំរួមទាំងតារាសម្ដែងរូបស្រស់ ស្រីស្អាតនូណា ក៏ចូលរួមជាមួយដែរ។

ទាំងម៉ូលីកា និងក្រុមការងាររបស់នាងពិតជាសប្បាយចិត្ត ហើយតាមព័ត៌មានថា ការដែលថៅកែស្រីក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះចំណាយលុយជាច្រើនសម្រាប់ការដើរលេងក្រៅស្រុកនោះដោយសារតែនាងទទួលបាន ភាពជោគជ័យលើមុខជំនួញហើយក្រុមហ៊ុនរបស់នាងមានវឌ្ឍនភាពដោយរលូននិងកាន់តែរីកធំទៅៗដូចពេលនេះបានព្រោះតែនាងមានក្រុមការ និងបុគ្គដែលឆ្នើមៗ និងស្មោះត្រង់ធ្វើការជាមួយនាង ។ហេតុនេះហើយដើម្បីជាការតបស្នងក៏ដូចជាលើក ​ទឹកចិត្តដល់ពួកគេគឺនាងមិនខ្លាចក្នុងការចំណាយថវិកាសម្រាប់បង្កើតការកម្សាន្ដនៅប្រទេសជិតខាងនេះឡើយ។សកម្មភាពរបស់ ម៉ូលីកា នាពេលនេះជាគំរូល្អមួយផងដែរម្ចាស់ក្រុមហ៊ុនផ្សេងទៀត។

គួរបញ្ជាក់ថា ម៉ូលីកា ដែលផ្ដើមដើមទុនតែត្រឹម៣០០ដុល្លារដោយដំបូងរកស៊ីលក់ ជើង មាន់តាមអនឡាញ(Online)នាង ពិតជានារីដ៍រឹងមាំម្នាក់ដែលបានវិវត្តខ្លួនសឹងមិនគួរឱ្យជឿព្រោះពេលនេះមានមុខរបររកស៊ីកាន់តែច្រើន។កាលពីចុងខែកក្កដា កន្លងទៅ ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd)របស់នាងបានចុះ អនុស្សរណៈជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បីបង្កើននូវជំនឿចិត្តដល់អតិថិជនរបស់ ក្រុមហ៊ុន និងធ្វើឱ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើន ទៅមុខជាលំដាប់ ។

អតីតតារាចម្រៀងរ៉ក់ រូបនេះ ក៏បានធ្វើពិធីឡើងផ្ទះវីឡាស្កឹមស្កៃតម្លៃ៣០ម៉ឺនដុល្លារនៅបុរីវារីណាកាលពីថ្ងៃទី៧ខែកក្កដា និងកំពុងសាងសង់ផ្ទះវីឡាទោលថ្មីមួយទៀតនៅបុរីML ខណៈដែលថ្មីៗនេះនាងបានទិញរថយន្ដទំនើបម៉ាកEscalade ដែលមានតម្លៃជិតកន្លះលានដុល្លារបន្ថែមពីលើរថយន្ដដែលមានស្រាប់ដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។

ដោយឡែកសម្រាប់ដំណើរកម្សាន្ដនៅប្រទេសថៃជាមួយក្រុមការងារនាពេលនេះម៉ូលីកាមិនប្រាប់ថាគ្រោងចំណាយប៉ុន្មានទេ តែកំពូលអ្នកលក់តាមOnline រូបនេះ ថ្លែងសារថា”ចែកា និងស្វាមី នាំក្រុមការងារមកដើរលេងនៅប្រទេសថៃសប្បាយ សប្បាយ។ ខ្ញុំស្រលាញ់ពួកគាត់ ដូចបងប្អូនចឹង មិនដែលគិតថាជាបុគ្គលិក ឬមេឡើយ”៕សរន