ដោយ៖ប.ខុន/ភ្នំពេញៈ ទឹកទន្លេមេគង្គនៅភាគខាងលើបន្តស្រកចុះជាលំដាប់ហើយអាចនឹងមិនមានជន់ឡើងខ្ពស់ជាថ្មីម្តងទៀតទេនៅក្នុងរដូវវស្សាឆ្នាំ២០២២នេះ បើយោងទៅតាមស្ថានភាពអាកាសធាតុដែលចូលដល់ខែនេះបាតុភូតកើតឡើងជាទូទៅគឺដើរចុះមកក្រោម(ត្បូង) តែទឹកបឹងទន្លេសាបអាចនៅបន្តជន់ឡើងដល់កម្ពស់៨ម៉ែត្រ បន្ទាប់ពីនៅថ្ងៃនេះបានឡើងដល់កម្ពស់ ៧,៦៥ម៉ែត្រ។
លោកម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបនិងជាមន្ត្រីជំនាញជលសាស្ត្រនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៧ខែតុលាឆ្នាំ ២០២២ថាទឹកទន្លេមេគង្គនៅក្នុងរដូវវស្សាឆ្នាំ២០២២នេះ អាចនឹងលែងឡើងខ្ពស់ថែមទៀតហើយបន្ទាប់ពីបានឡើងដល់កម្ពស់៩,១០ម៉ែត្រ ។ ពេលនេះទឹកបានចាប់ផ្តើមស្រក ចុះជាលំដាប់នៅគ្រប់ស្ថានីយជលសាស្ត្រតាមដងទន្លេ។
មន្ត្រីជំនាញខាងលើបញ្ជាក់ថាទឹកទន្លេមេគង្គអាចនឹងលែងមានការជន់ឡើងខ្លាំងទៀតហើយបើយោងទៅតាមស្ថានភាពអាកាសធាតុដែលធម្មតានៅខែនេះបាតុភូតកើតឡើងជាទូទៅវាដើរចុះក្រោម(ត្បូង) បើនៅមានក៏គ្រាន់តែឡើងចុះដូចជាការចិញ្ចឹមទន្លេមិនឱ្យទឹកស្រកលឿនប៉ុណ្ណោះ។តែចំពោះទឹកបឹងទន្លេសាបដែលបានឡើងដល់កម្ពស់ ៧,៦៥ម៉ែត្រនៅថ្ងៃនេះ អាចនៅបន្តឡើងថែមទៀតដល់កម្ពស់៨ម៉ែត្រ ដោយសារទឹកស្ទឹងសំខាន់ៗនៅជុំវិញបឹងទន្លេសាបមានជំនន់ខ្លាំងមិនទាន់ស្រក។
តាមព្រឹត្តិប័ត្រព័ត៍មាននិងព្យាករកម្ពស់ទឹកនៅថ្ងៃទី៧ខែតុលាដោយក្រសួងធនធានទឹកនិងឧតុនិយមបង្ហាញឱ្យឃើញថាទឹកទន្លេមេគង្គនៅខេត្ត ស្ទឹងត្រែងមានកម្ពស់៨,២៦ម៉ែត្រ ទាបជាងថ្ងៃទី៦ខែតុលា០,២៤ម៉ែត្រ នៅខេត្ត ក្រចេះទឹកមានកម្ពស់១៩,៤៦ម៉ែត្រ ទាបជាងថ្ងៃទី៦ខែតុលា០,២៨ម៉ែត្រ នៅខេត្ត កំពង់ចាមទឹកមានកម្ពស់១៣,៥៨ម៉ែត្រ ទាបជាងថ្ងៃទី៦ខែតុលា០,១៦ម៉ែត្រ នៅទន្លេបាសាក់ ចតុមុខទឹកមានកម្ពស់៩,១០ម៉ែត្រ ស្មើថ្ងៃទី៦ខែកញ្ញាតុលា នៅអ្នកលឿងទឹកមានកម្ពស់៦,៥៩ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៦ខែតុលា០,០១ម៉ែត្រ នៅទន្លេបាសាក់កោះខែលទឹកមានកម្ពស់៧,៦៤ម៉ែត្រ ស្មើថ្ងៃទី៦ខែតុលា នៅទន្លេសាបព្រែកក្តាមទឹកមានកម្ពស់៨,២៣ម៉ែត្រខ្ពស់ជាងថ្ងៃទី៦ខែតុលា០,០៥ម៉ែត្រ នៅបឹងទន្លេ សាបក្រគរ កំពង់លួងទឹកបានឡើងដល់កម្ពស់៧,៦៥ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៦ខែតុលា០,០៧ ម៉ែត្រ៕/PC